ព័ត៌មានជាតិ

រដ្ឋមន្ដ្រីកសិកម្ម ឲ្យពិនិត្យថ្នាំសម្លាប់សត្វល្អិត ដែលអាចផលិតគ្រឿញៀន ខណៈសម្ដេច ស ខេង ព្រលះរដ្ឋមន្ដ្រីម្នាក់ អនុញ្ញាតឲ្យនាំ សារធាតុញៀន​ ចូលកម្ពុជា

ភ្នំពេញ៖ លោក វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានណែនាំឲ្យបង្កើនការយកចិត្តទុកដាក់ ត្រួតពិនិត្យសមាសភាពផ្សំជីគីមី និងថ្នាំសម្លាប់សត្វល្អិត ដែលអាចយកមកលាយឡំ ផលិតគ្រឿងញៀន ដោយត្រូវសហការជាមួយ អាជ្ញាធរគ្រឿងញៀន។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក ក្រសួងកសិកម្ម។

ការណែនាំរបស់ លោក វេង សាខុន ស្របពេល សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានព្រលះរដ្ឋមន្រ្តីក្រសួងមួយរូប អនុញ្ញាតឲ្យនាំចូលគ្រឿងផ្សំ សារធាតុញៀន ដោយស្របច្បាប់ ចូលមកប្រទេសកម្ពុជា ដើម្បីផលិតជី តែផ្ទុយទៅវិញ សមត្ថកិច្ចរកឃើញថា គ្រឿងផ្សំសារធាតុញៀនទាំងនោះ ត្រូវបានយកមកកែច្នៃ ដើម្បីផលិតគ្រឿងញៀនទៅវិញ។

ក្នុងពិធីបិទកិច្ចប្រជុំ បូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅ អនុវត្តបន្តឆ្នាំ២០២២ រៀបចំដោយ អគ្គនាយកដ្ឋានកសិកម្ម នាថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ លោក វេង សាខុន បានថ្លែងថា «បង្កើនការយកចិត្តទុកដាក់ការ ត្រួតពិនិត្យសមាសភាពផ្សំជីគីមី និងថ្នាំសម្លាប់សត្វល្អិត ដែលអាចយកមកលាយឡំ ផលិតគ្រឿងញៀន ដោយត្រូវសហការជាមួយ អាជ្ញាធរគ្រឿងញៀន»។

លើសពីនេះទៀត លោករដ្ឋមន្ដ្រី ក៏បានផ្ដាំផ្ញើឲ្យពង្រឹង និងពង្រីកសមត្ថភាព មន្ទីរពិសោធន៍ជាតិកសិកម្ម ពូជ ជី ថ្នាំកសិកម្ម គុណភាពដី ហើយគ្រប់គ្រងធនធានដីកសិកម្ម វាយតម្លៃគុណភាពដី កំណត់តំបន់ដាំដុះ ជំរុញការចុះបញ្ជីពូជដំណាំ និងចងក្រងបញ្ជីប្រភេទពូជដំណាំ ពង្រឹងវិធានការត្រួតពិនិត្យ SPS តាមរយៈការតាមដានវាយតម្លៃ និងការអន្តរាគមន៍កម្ចាត់សមាសភាពចង្រៃ លើដំណាំ ការត្រួត ពិនិត្យនិងចុះបញ្ជីកសិដ្ឋាន ការអនុវត្តកសិកម្មល្អ ពង្រឹងយន្តការទប់ស្កាត់ ការឆ្លងរាលដាលសមាសភាពចង្រៃ៕

To Top