កំពង់ចាម៖ ខេត្តកំពង់ចាម បាននឹងកំពុងមានការរីកចម្រើន និងប្រែប្រួលមុខមាត់ ជាបន្តបន្ទាប់ទាំងផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ សេដ្ឋកិច្ច សង្គមកិច្ច បរិស្ថាន និងសមិទ្ធផលរូបវ័ន្តជាច្រើន ពិសេសជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ កាន់តែបានលើកកម្ពស់ជាបណ្តើរៗ តាមរយៈការទទួលបាន នូវសមិទ្ធផលនានា ពីរាជរដ្ឋភិបាលកម្ពុជា ដៃគូរអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល វិស័យឯកជន សប្បុរសជននានា នេះជាប្រសាសន៍លើកឡើង របស់លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ ២០២២ ក្នុងពិធីសម្ពោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សា១ខ្នង ២ជាន់ ១២បន្ទប់ ទីចាត់ការ ០១ខ្នង និងសមិទ្ធផលនានា នៅវិទ្យាល័យ ហ៊ុន សែន ព្រៃទទឺង ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។
លោកអភិបាលខេត្ត បានមានប្រសាសន៍ថា ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិត និងឈ្លាសវៃបំផុត របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យប្រទេសជាតិយើង ទទួលបាននូវសុខសន្តិភាព យ៉ាងពេញលេញ មានស្ថេរភាពនយោបាយ និងមានការអភិវឌ្ឍន៍រីកចំរើន លើគ្រប់វិស័យ។ ក្នុងអំឡុងពេលជាងពីរទសវត្សរ៍ កន្លងមកនេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញ នូវគោលនយោបាយអភិវឌ្ឍន៍ ប្រកបដោយចីរភាព ដែលជាចលករជំរុញឲ្យប្រទេស យើងក្លាយជាប្រទេស មានចំណូលមធ្យមកម្រិតទាប តាំងពីឆ្នាំ២០១៥ ហើយអត្រាកំណើនសេដ្ឋកិច្ចជាតិ ក៏មានវឌ្ឍនភាព និងស្ថេរភាពប្រកបដោយ មោទនភាព នារយៈពេលកន្លងមកនេះ។
លោកអភិបាលខេត្តបន្តថា យុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៦នៃរដ្ឋសភា ខេត្តកំពង់ចាម បាននឹងកំពុងមានការរីកចម្រើន និងប្រែប្រួលមុខមាត់ជាបន្តបន្ទាប់ ទាំងផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ សេដ្ឋកិច្ច សង្គមកិច្ច បរិស្ថាន និងសមិទ្ធផលរូបវ័ន្តជាច្រើន ពិសេសជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ កាន់តែបានលើកកម្ពស់ជាបណ្តើរៗ តាមរយៈការទទួលបាន នូវសមិទ្ធផលនានា ពីរាជរដ្ឋភិបាលកម្ពុជា ដៃគូរអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល វិស័យឯកជន សប្បុរសជននានា ដូចជាផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ ប្រព័ន្ធធារាសាស្ត្រ អគ្គិសនី ទឹកស្អាត។ល។ ដែលសមិទ្ធផលទាំងនោះហើយ បាននឹងកំពុងជួយដល់ប្រជាជន ក្នុងការកាត់បន្ថយភាពក្រីក្រ ពីភាពក្រីក្រ១០០% ក្នុងឆ្នាំ១៩៧៩ មកនៅត្រឹម ១២,៦% នៅតាមទីប្រជុំជន និង ២២,៨% នៅជនបទក្នុងឆ្នាំ២០២០។
លោកអភិបាលខេត្ត បានឱ្យដឹងដែរថា ចំពោះការសិក្សាក្នុងឆ្នាសិក្សា ២០២០-២០២១ សិស្សានុសិស្សប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ សរុបចំនួន ៧.១១១នាក់ ក្នុងនោះជាប់បាននិទ្ទេស (A) ចំនួន ១១៨នាក់ និទ្ទេស (B) ចំនួន ៣៣៧នាក់ និទ្ទេស (C) ចំនួន ៧០៤ នាក់ និទ្ទេស(D) ចំនួន ១.៣៦០ នាក់ និងនិទ្ទេស (E) ចំនួន១.៨១១ នាក់៕