នយោបាយ

លោក គិន ភា ៖ យើងត្រូវរង់ចាំមើលបន្ត ចំពោះឥរិយាបថលោក មីន អោងឡាំង ក្រោយចប់ជំនួបជាលើកទី២ ជាមួយសម្តេចតេជោ

ភ្នំពេញ ៖ ជំនួបរវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និង នាយឧត្តមសេនីយ៍មីន អោងឡាំង មេដឹកនាំយោធាមីយ៉ាន់ម៉ា ធ្វើឡើង តាមប្រព័ន្ធអនឡាញ កាលពីថ្ងៃ២៦ មករា សម្តេចស្នើទៅ លោកមីន អោងឡាំង ៤ចំណុចសំខាន់ ដើម្បីឈានទៅបញ្ឈប់អំពើហិង្សា បទឈប់បាញ់ និងឈានទៅផ្តល់ជំនួយមនុស្សធម៌ ដល់ប្រជាជនមីយ៉ាន់ម៉ា ខណៈលោក មីន អោងឡាំងវិញ ក៏បានអះអាងជាថ្មីថា នឹងប្តេជ្ញាធ្វើការជាមួយកម្ពុជា ដែលជាប្រធានអាស៊ាន ដើម្បីធានាបាននូវឆ្នាំ ប្រកបដោយជោគជ័យ ។

តើក្រោយចប់ជំនួបនេះហើយ នឹងអាចមានស្ថានភាពល្អ ប្រសើរសម្រាប់ មីយ៉ាន់ម៉ា កម្ពុជា និង បណ្តាប្រទេស ជាសមាជិកអាស៊ាន ផ្សេងទៀត ដូចតាមការសន្យាទេ? ព្រោះកាលពីជំនួបជាលើកដំបូង របស់សម្តេច និង លោកមីន អោងឡាំង នាថ្ងៃ៧-៨មករា នោះលោកក៏បានសន្យា ជាមួយសម្តេចពន្យារពេល បទឈប់បាញ់គ្នា ជាមួយអង្គការប្រដាប់អាវុធ ជនជាតិដើមភាគតិចបន្ថែមទៀត ដល់ចុងឆ្នាំ២០២២ ។ តែក្រោយមួយថ្ងៃ នៃការវិលមកដល់ប្រទេស របស់សម្តេច ស្រាប់តែមេដឹកនាំយោធាមីយ៉ាន់ម៉ានេះ នៅតែបន្តបាញ់ប្រហារដដែល និងកាត់ទោសលោកស្រី អោង សានស៊ូជី ៤ឆ្នាំបន្ថែមទៀត ។

សម្រាប់ករណី នេះ ត្រូវបានលោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា បានបញ្ចេញមតិថា មិនទាន់ហ៊ាន វិនិច្ឆ័យយ៉ាងណាទេ ត្រូវរង់ចាំមើលបន្តទៀត ចំពោះឥរិយាបថរបស់លោក មីន អោងឡាំង ដែលជាមេដឹកនាំយោធាមីយ៉ាន់ម៉ា ព្រោះកន្លងមក មេដឹកនាំយោធារូបនេះ ក៏បានសន្យា២លើករួចមកហើយ ជាមួយបណ្តាមេដឹកនាំអាស៊ាន ក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅទីក្រុងហ្សកាតា ប្រទេសឥណ្ឌូនេស៊ី និងមួយលើកទៀតជាមួយ សម្តេចតេជោ កាលពីថ្ងៃ៧-៨មករា ប៉ុន្តែលោកមីន អោងឡាំង មិនបានគោរព តាមការសន្យា របស់ខ្លួននោះទេ ហាក់នៅតែផ្គើនដដែល ។

បើតាមលោក គិន ភា ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នាថ្ងៃ២៧ មករា ក្នុងនាមជាអ្នកតាមដានអាស៊ាននោះ គឺលោក មីន អោងឡាំងនេះ កាលពីថ្ងៃ២៤ ខែមេសា ឆ្នាំ២០២១ លោកក៏បានចុះហត្ថលេខាលើកុងសង់ស៊ីស ៥ចំណុច ជាមួយថ្នាក់ដឹកនាំប្រទេស ជាសមាជិកអាស៊ានដទៃទៀត អំពីស្ថានការណ៍នៅមីយ៉ាន់ម៉ា តែវឌ្ឍនភាពមានតិចតួចបំផុត ។ ម្តងទៀតជាមួយសម្តេចតេជោ ដែលសម្តេច បានធ្វើដំណើរទៅមីយ៉ាន់ម៉ា ដោយបានសន្យា នៅចំពោះមុខសម្តេច អំពីបទឈប់បាញ់ តែមេដឹកនាំយោធានេះ មិនអនុវត្តនូវអ្វី ដែលខ្លួនសន្យានោះទេ។

ចំណុចនេះ លោក គិន ភា បានហៅទង្វើលោក មីន អោងឡាំងថា “ហាក់នៅតែផ្គើន” ព្រោះទម្រង់ធ្ងន់ធ្ងរ ជាងមុនពេលបានជួប និងឯកភាព ជាមួយសម្តេចទៀត ។

លោកថា ជាថ្មីទៀត ក្នុងជំនួបជាមួយសម្តេចតេជោដដែល តាមប្រព័ន្ធទូរស័ព្ទ នាថ្ងៃ២៦ មករា បង្ហាញពីការប្តេជ្ញាចិត្តជាថ្មីម្តងទៀត ដូច្នេះអ្វីៗ វាចំណុះទៅលើភាពស្មោះត្រង់ និងសុឆន្ទៈ របស់ភាគីពាក់ព័ន្ធនៅមីយ៉ាន់ម៉ា ។

លោកសង្កត់ធ្ងន់ថា “ខ្ញុំគិតថា យើងត្រូវការពេលវេលា ដើម្បីវិនិច្ឆ័យតទៅមុខទៀត ពីព្រោះមេដឹកនាំយោធាភូមា គាត់បានសន្យា២ដងហើយ តែមិនបានអនុវត្ត ។ ទី១សន្យាជាមួយដឹកនាំអាស៊ាន ថ្ងៃ២៤ មេសា ២០២១ និងជាថ្មីម្តងទៀតជាមួយសម្តេចតេជោ កាលពីថ្ងៃ៧ មករា គេនឹងឃើញពីការប្តេជ្ញាចិត្ត និងសុឆន្ទៈរបស់មេដឹកនាំយោធាភូមា ។ បើសិនជាគាត់ មិនធ្វើឲ្យមានវឌ្ឍនភាព ទៅលើអ្វីដែលជាកិច្ចសន្យារបស់គាត់ទេ គឺពិបាកនឹងធ្វើឲ្យស្ថានការណ៍វិលមករកភាពប្រក្រតី និងវិលមករកដំណើរការប្រជាធិបតេយ្យវិញណាស់”

សូមបញ្ជាក់ថា ៤ចំណុចសម្តេចស្នើទៅលោក មីន អោងឡាំង នាថ្ងៃ២៦ មករា នោះរួមមាន ៖ ១. កិច្ចព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុចបានឯកភាព ក្នុងកិច្ចប្រជុំរបស់ថ្នាក់ដឹកនាំអាស៊ាន កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ គឺដំណោះស្រាយរួមរបស់អាស៊ាន ក្នុងការនាំមកនូវប្រក្រតីភាពដល់មីយ៉ាន់ម៉ា។ ដូច្នេះ កិច្ចខិតខំប្រឹងប្រែង រួមគ្នាជាបន្តដើម្បីអនុវត្តកិច្ចព្រមព្រៀង ជាឯកច្ឆន្ទ៥ចំណុចនេះ គួរតែនៅជាអាទិភាព ។ ២. ស្នើអាជ្ញាធរពាក់ព័ន្ធ មីយ៉ាន់ម៉ា ជួយសម្របសម្រួលដល់ដំណើរទស្សនកិច្ចលើកដំបូង ទៅកាន់មីយ៉ាន់ម៉ា របស់ប្រេសិតពិសេស របស់ប្រធានអាស៊ានបានឆាប់តាមអាចធ្វើបាន។ ៣. គ្រប់ភាគីនៅមីយ៉ាន់ម៉ា រួមទាំងក្រុមប្រឹក្សារដ្ឋបាលរដ្ឋ គួរតែអនុវត្តការអត់ធ្មត់ ឲ្យបានខ្ពស់បំផុត បញ្ឈប់អំពើហិង្សា និងខិតខំប្រឹងប្រែង សម្រេចឲ្យបាន បទឈប់បាញ់ សំដៅបង្កើតដំណើរការ នៃកិច្ចសន្ទនាសម្រាប់ដំណោះស្រាយប្រកប ដោយសន្តិវិធី និង៤. ស្នើឲ្យមានកិច្ច សហប្រតិបត្តិការពេញលេញ ក្នុងការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង របស់អាស៊ាន ដើម្បីនាំយកជំនួយមនុស្សធម៌ ទៅដល់ប្រជាជនមីយ៉ាន់ម៉ាទាំងអស់ ដែលកំពុងត្រូវការជំនួយ ចាំបាច់បំផុត ៕

To Top