ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២នេះ បានបង្ហោះរូបភាពប៉ុន្មានសន្លឹក ឆ្លុះបញ្ចាំងនូវសម្រស់ ទីក្រុងភ្នំពេញ ដែលជាបេះដូង នៃព្រះរាជាណាចក្រកម្ពុជា ក្រោមម្លប់សន្តិភាព ដែលគួរឲ្យទាក់ទាញ ជាមួយវត្តមានអគារខ្ពស់ៗកបពពក ហេដ្ឋារចនាសម្ព័ន្ធ ស្ពាន ស្ពានអាកាស ផ្លូវថ្នល់ កាន់តែច្រើនមិនចាញ់ទីក្រុងតាមបណ្តាប្រទេសជឿនលឿន ប៉ុន្មានឡើយ ។

ភ្ជាប់មកជាមួយរូបភាព សម្តេចតេជោ បានសរសេរលើបណ្តាញសង្គមដូច្នេះថា “នេះគឺទិដ្ឋភាពមួយចំនួននៃរាជធានីភ្នំពេញដែលជាបេះដូងរបស់កម្ពុជាយើង ថតពីលើអាកាស នៅក្នុងខែមករា ឆ្នាំ២០២២នេះ ។ បច្ចុប្បន្ននេះ វាពិតជាខុសគ្នាដាច់ស្រឡះ ពីអតីតកាល ហើយទៅអនាគត ក៏នឹងកាន់តែរីក ដុះដាលច្រើន និងល្អៗ ជាងនេះថែមទៀត ។ តាមរយៈទិដ្ឋភាពនេះ បានបង្ហាញ ឲ្យឃើញថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ទីក្រុងភ្នំពេញ បាននិងកំពុងផ្លាស់ប្តូរ មុខមាត់ យ៉ាងលឿន តាមរយៈវត្តមានអគារខ្ពស់ៗ កប់ពពក ហេដ្ឋារចនាសម្ព័ន្ធ ស្ពាន ស្ពានអាកាស ផ្លូវថ្នល់ កាន់តែច្រើននៅក្នុងទីក្រុង នៃប្រទេស កំពុងមានការអភិវឌ្ឍមួយនេះ” ។

សម្តេចតេជោ បានសរសេររៀបរាប់ទៀតថា ការបង្ហាញវត្តមានអគារខ្ពស់ៗ ហេដ្ឋារចនាសម្ព័ន្ធ ស្ពាន ស្ពានអាកាស ផ្លូវថ្នល់ បានកើតឡើងជាបន្តបន្ទាប់ កាន់តែច្រើនទាំងអស់នេះ គឺបានឆ្លុះបញ្ចាំងពីសមិទ្ធផលធំៗ របស់កម្ពុជា ដែលសម្រេចបាន និងមិនធ្លាប់មានពីមុនមក ក្នុងខណៈកម្ពុជាកំពុងទទួលបាន សុខសន្តិភាពពេញលេញ ទូទាំងប្រទេស ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចផ្ទាល់តែម្តង។

សម្តេចបន្តថា “ការរីកចម្រើន ទាំងអស់នេះ មិនអាចកើតឡើងបានឡើយ បើប្រទេសយើងមិនមានសន្តិភាព។ ដូច្នេះ សន្តិភាព គឺជាតម្លៃ ដែលមិនអាចកាត់ថ្លៃ បានឡើយ ហើយប្រជាពលរដ្ឋគ្រប់រូប ត្រូវតែរួមគ្នាថែរក្សា ការពារសន្តិភាព ដើម្បីទទួលបានការអភិវឌ្ឍប្រទេសជាតិរបស់យើង ឲ្យកាន់តែរីកចម្រើនខ្លាំងថែមទៀត ។ អរគុណសន្តិភាព!” ៕



