ព័ត៌មានជាតិ

រដ្ឋមន្ត្រីការបរទេសខ្មែរ ៖ អាសិប នឹងជំរុញពាណិជ្ជកម្ម វិនិយោគ ក្នុងតំបន់មួយកម្រិតទៀត ដើម្បីជួយស្តារ សេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិកូវីដ

ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា បានថ្លែងឲ្យដឹងថា អាសិបនឹងជំរុញ ពាណិជ្ជកម្ម និងការវិនិយោគក្នុងតំបន់ ទៅមួយកម្រិតទៀត ធ្វើឲ្យសមាហរណកម្មសេដ្ឋកិច្ច ក្នុងតំបន់កាន់តែស៊ីជម្រៅ ជួយជ្រោមជ្រែងការស្តារឡើងវិញ នៃសេដ្ឋកិច្ចសង្គម ក្រោយវិបត្តិជំងឺកូវីដ-១៩ ព្រមទាំងតំណាងឲ្យការ វិលត្រឡប់មកវិញ នូវពហុភាគីនិយម ។

អាសិប គឺជាកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីធំជាងគេបង្អស់ នៅលើពិភពលោក ដែលបានចូលជាធរមាននៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២ ។ នេះបើតាមរយៈបណ្ដាញ សង្គមហ្វេសប៊ុក នៅថ្ងៃទី២៧ មករា ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ។ លោកលើកជាសំណួរថា តើអ្នកដឹងទេថា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយតំបន់ (អាសិប) ត្រូវការពេលចរចាប្រហែល ៨ឆ្នាំ? ។

លោកឧបនាយករដ្ឋមន្ត្រី បញ្ជាក់បន្ថែមថា ក្រុមការងារសម្របសម្រួល ការទូតសេដ្ឋកិច្ចនៃក្រសួងការបរទេស បានរៀបចំសិក្ខាសាលារយៈពេល ពីរថ្ងៃស្តីពី អាសិប សម្រាប់មន្ត្រីពាក់ព័ន្ធ ជាពិសេសអ្នកការទូតនៅតាម ស្ថានតំណាងកម្ពុជាប្រចាំនៅបរទេស។ ដោយមានលោកបណ្ឌិត សុក ស៊ីផាន់ណា ទីប្រឹក្សាជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ជាវាគ្មិនកិត្តិយស ក្នុងការធ្វើបទបង្ហាញ និងពន្យល់យ៉ាងក្បោះក្បាយ ៕

To Top