ភ្នំពេញ៖ បើតាមការរកឃើញរបស់ ក្រុមអ្នកស្រាវកាលពីពេលថ្មីៗនេះ បានបង្ហាញឲ្យឃើញថា ក្រុមជនខិលខូចកំពុងតែធ្វើការ វាយប្រហារទៅលើទូរសព្ទ ដែលមានប្រព័ន្ធប្រតិបត្តិការ Androids តាមរយៈការផ្ញើសារ និងកម្មវិធី QR ដែលមាននៅក្នុង Google Play Store ជាមួយនឹងកម្មវិធីមេរោគ Flubot និង Teabot។
យោងតាមហ្វេសប៊ុក នាយកដ្ឋាន ប្រឆាំងបទល្មើសបច្ចេកវិទ្យា នៅថ្ងៃទី២៧ មករានេះ បានឲ្យដឹងថា អ្នកស្រាវជ្រាវមកពីក្រុមហ៊ុន អភិវឌ្ឍកម្មវិធីការពារមេរោគដ៏ល្បី Bitdefender Labs បានបង្ហាញឲ្យឃើញថា ពួកគេបានរកឃើញសារ ចែកចាយកម្មវិធីមេរោគ Flubot ចំនួនប្រមាណ ១០ម៉ឺនសារ ចាប់តាំងពីដើមខែធ្នូឆ្នាំ ២០២១ ។ ជាងនេះទៅទៀត ពួកគេក៏បានរកឃើញកម្មវិធីសម្រាប់អាន QR កូដនៅក្នុង Play Store ដែលមានបង្កប់មកជាមួយនឹងកម្មវិធីមេរោគ Teabot។ កម្មវិធីនេះត្រូវបានទាញយកពី Play Store ចំនួនប្រមាណ ១០ ម៉ឺនដងរួចមកហើយ។
គួរបញ្ជាក់ផងដែរថា កាលពីចុងឆ្នាំកន្លងទៅ អាជ្ញាធរនៅប្រទេសនូវែលសេឡង់ បានចេញសេចក្ដីប្រកាស ឲ្យអ្នកប្រើប្រាស់មានការប្រុងប្រយ័ត្ន ជាមួយនឹងការចែកចាយកម្មវិធីមេរោគ FluBot តាមរយៈសារក្លែងក្លាយ ដែលអាចវាយលុកចូលទៅ ក្នុងទូរសព្ទដែលមានប្រព័ន្ធប្រតិបត្តិការ Android។ កម្មវិធី FluBot គឺជាកម្មវិធីមេរោគដែលអាច លួចទាញយកលេខសម្ងាត់ និងព័ត៌មានសំខាន់ៗពីក្នុង ទូរសព្ទរបស់អ្នកប្រើប្រាស់។
ស្របពេលនេះដែរ អាជ្ញាធរ FBI សហរដ្ឋអាមេរិកបានធ្វើការផ្សព្វផ្សាយ ឲ្យអ្នកប្រើប្រាស់ មានការប្រុងប្រយ័ត្ន ព្រោះជនខិលខូចកំពុងប្រើ QR កូដក្លែងក្លាយដែលភ្ជាប់ទៅ នឹងគេហទំព័រ ដែលមានមេរោគ ដើម្បីលួចទិន្នន័យផ្ទាល់ខ្លួន ដែលអាចឲ្យពួកគេប្រើ ព័ត៌មានទាំងនោះ ដើម្បីលួចផ្ទេរលុយចេញពី គណនីរបស់ជនរងគ្រោះ។ ពេលខ្លះទៀត ជនខិលខូចអាចបង្កប់ មកជាមួយនូវតំណភ្ជាប់ទៅគេហទំព័រក្លែងក្លាយ ដែលស្នើសុំឲ្យអ្នកប្រើប្រាស់ វាយបញ្ចូលឈ្មោះសម្គាល់ និងលេខសម្ងាត់ ដែលអាចឲ្យពួកគេលួចចូលទៅ ក្នុងគណនីទាំងនោះបាននៅពេលក្រោយ។
ដើម្បីសុវត្ថិភាព ក្នុងការប្រើប្រាស់ ឧបករណ៍បច្ចេកវិទ្យា អ្នកប្រើប្រាស់ គួរតែមានការប្រុងប្រយ័ត្ន កុំចុចនៅលើតំណភ្ជាប់ដែល លោកអ្នកទទួល បានតាមរយៈសារ ឬអ៊ីមែល ហើយលោកអ្នកគួរតែធ្វើការទាញយក កម្មវិធីតែពីក្នុងកម្មវិធីផ្លូវការ របស់ក្រុមហ៊ុនទូរសព្ទមានដូចជា App Store និង Play Store ជាដើម ៕