ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសខ្មែរ បានបញ្ជាក់ប្រាប់លោកស្រី Petra Sigmund អគ្គនាយកទទួលបន្ទុកកិច្ចការអាស៊ី-ប៉ាស៊ីហ្វិក នៃក្រសួងការបរទេសសហព័ន្ធអាល្លឺម៉ង់ថា កម្ពុជាមានគោលបំណងតែមួយគត់ គឺជួយប្រទេសមីយ៉ាន់ម៉ា ឲ្យត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ បញ្ចប់អំពើហិង្សា និងសម្រេចបាននូវសន្តិភាព ការបង្រួបបង្រួមជាតិយូរអង្វែង ។
យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ នៅថ្ងៃទី២៧ មករា បានឲ្យដឹងថា កាលពីថ្ងៃទី២៦ មករា លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានទទួល លោកស្រី Petra Sigmund ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួង។ ក្នុងជំនួបនោះឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានលើកឡើង ភាពជាប្រធានអាស៊ានរបស់កម្ពុជា និងវិបត្តិដែលកំពុងបន្តកើតមាននៅមីយ៉ាន់ម៉ា និងសង្ខេបពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅកាន់មីយ៉ាន់ម៉ា កាលពីថ្ងៃទី៧-៨ ខែមករា ឆ្នាំ២០២២។
លោកថា លទ្ធផលសំខាន់ៗសម្រេចបាន ត្រូវបានស្តែងចេញតាមរយៈការ ប្តេជ្ញាចិត្តពីភាគីយោធាក្នុងការពន្យារ បទឈប់បាញ់រហូតដល់ដំណាច់ឆ្នាំ២០២២ ជាមួយក្តីសង្ឈឹមដើម្បីបញ្ចប់សកម្មភាពហិង្សា គាំទ្រប្រេសិតពិសេសរបស់ប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ា ដើម្បីអនុវត្ត កិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ចំណុចរបស់អាស៊ាន (5PC) សម្របសម្រួលការដឹកជញ្ជូនជំនួយមនុស្សធម៌ ប្រកបដោយបរិយាប័ន្ន ។
ឧបនាយករដ្ឋមន្រ្ដី ប្រាក់ សុខុន សង្កត់ធ្ងន់ថា «ប្រទេសកម្ពុជាមាន គោលបំណងតែមួយគត់ គឺដើម្បីជួយប្រទេសមីយ៉ាន់ម៉ា ឱ្យត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ បញ្ចប់អំពើហិង្សា និងសម្រេចបាននូវសន្តិភាព និងការបង្រួបបង្រួមជាតិយូរអង្វែង ហើយដើម្បី សម្រេចគោលបំណងនេះបាន ត្រូវមានការចូលរួមពីគ្រប់ ភាគីពាក់ព័ន្ធទាំងអស់ដោយខ្វះមិនបាន នៅក្នុងដំណើរការនៃកិច្ចចរចា» ។
លើសពីនេះ លោក ប្រាក់ សុខុន បានបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ទៅមីយ៉ាន់ម៉ា គឺដើម្បីទម្លាយភាពជាប់គាំង សម្រាប់វឌ្ឍនភាពមួយជំហានម្តងៗ ក្នុងការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ចំណុចរបស់អាស៊ាន (5PC)។ ប៉ុន្តែទោះបីជាណាក៏ដោយ ដំណើរការសន្តិភាពណាមួយ ត្រូវតែដឹកនាំដោយមីយ៉ាន់ម៉ា និងជារបស់មីយ៉ាន់ម៉ា។
លោកស្រី Petra Sigmund បានអបអរសាទរកម្ពុជា ដែលបានទទួលតួនាទីជាប្រធាន អាស៊ាន និងការតែងតាំងលោក ប្រាក់ សុខុន ជាប្រេសិតពិសេស របស់ប្រធានអាស៊ានស្តីពី មីយ៉ាន់ម៉ា។ លោកស្រី បានអះអាងជាថ្មីអំពីការគាំទ្រ របស់អាល្លឺម៉ង់ចំពោះកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ប្រាំចំណុចរបស់អាស៊ាន (5PC) និងអំពីការត្រៀមលក្ខណៈរួចរាល់ ដើម្បីធ្វើការជាមួយកម្ពុជា។
លោកស្រី Petra Sigmund ក៏បានជម្រាបជូនលោកឧបនាយករដ្ឋមន្រ្តីផងដែរថា «រដ្ឋមន្រ្តីការបរទេសរបស់យើងខ្ញុំ មានសេចក្តីសោមនស្សរីករាយ ក្នុងការជួបពិភាក្សាការងារជាមួយ ឯកឧត្តមផ្ទាល់» និងបានគូសបញ្ជាក់អំពីគោលបំណង របស់រដ្ឋមន្រ្តីការបរទេសអាល្លឺម៉ង់ក្នុងការ អញ្ជើញ លោក ប្រាក់ សុខុន ទៅបំពេញទស្សនកិច្ចផ្លូវការ នៅសហព័ន្ធអាល្លឺម៉ង់ ក្នុងអំឡុងពេល នៃដំណើរទស្សនកិច្ចរបស់លោក ទៅកាន់តំបន់អឺរ៉ុប នាខែក្រោយនេះ ៕