ព័ត៌មានជាតិ

សមាគមជប៉ុន-កម្ពុជា នឹងទាក់ទាញសមាជិកក្រុមហ៊ុន SME មកវិនិយោគនៅកម្ពុជា

ភ្នំពេញ៖ ក្នុងជំនួបពិភាក្សាការងារជាមួយ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ លោក Takahashi Fumiaki ប្រធានសមាគមជប៉ុន-កម្ពុជា (JCA) នឹងទាក់ទាញក្រុមហ៊ុនSME ឲ្យក្លាយជាសមាជិករបស់ខ្លួន ហើយជំរុញក្រុមអ្នកវិនិយោគទាំងនោះ មកធ្វើការវិនិយោគនៅកម្ពុជា។

នាឱកាសជួបពិភាក្សាការងារជាមួយ សម្ដេច ស ខេង នាថ្ងៃទី២៧ មករា លោក Takahashi Fumiaki បានឲ្យដឹងថា ដោយសារតែការរីករាលដាលនៃជំងឺកូវីដ-១៩ ទើបប្រតិភូធុរកិច្ចSME របស់ជប៉ុនទាំងនោះ ធ្វើការពន្យារពេលមកទស្សនកិច្ច នៅកម្ពុជារហូតដល់បច្ចុប្បន្ន ប៉ុន្តែពេលនេះស្ថានភាពជំងឺកូវីដ១៩ ជប៉ុន-កម្ពុជា មានភាពធូរស្រាល ទើបលោក ត្រៀមរៀបចំដំណើរទស្សនកិច្ចលើកទី២ សាជាថ្មីនៅឆ្នាំក្រោយ។

លោកថ្លែងថា «ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សមាគមជប៉ុន-កម្ពុជា (JCA) បានជំរុញ និងទាក់ទាញក្រុមហ៊ុនSME ជាច្រើនឲ្យក្លាយជាសមាជិក ក្នុងនោះសមាគមក៏បានទាក់ទាញ ឲ្យក្រុមអ្នកវិនិយោគទាំងនោះ មកធ្វើការវិនិយោគនៅកម្ពុជា»។

លើសពីនេះទៀត ប្រធានសមាគមជប៉ុន-កម្ពុជា (JCA) បានលើកឡើងពីមូលនិធិមួយរបស់កម្ពុជា មានឈ្មោះថា «សម្តេចតេជោ អភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យម» មាន សម្តេច ស ខេង ជាប្រធានកិត្តិយស ហើយមូលនិធិនេះបង្កើតឡើង ដើម្បីប្រមូលទុន និងបណ្តុះបណ្តាលដល់ប្រជាពលរដ្ឋ ធ្វើការនៅក្នុងវិស័យSME ដើម្បីលើកកម្ពស់SME នៅកម្ពុជា។

ជាការឆ្លើយតប សម្តេច ស ខេង បានគាំទ្រចំពោះគំនិតផ្តួចផ្តើម របស់សមាគមជប៉ុន-កម្ពុជា ព្រោះ SME ពិតជាមានសារៈសំខាន់ចំពោះសេដ្ឋកិច្ច។ សម្ដេច ក៏បានស្នើសមាគមជប៉ុន-កម្ពុជា ពិនិត្យលទ្ធភាព និងសហការជាមួយ មូលនិធិសម្តេចតេជោអភិវឌ្ឍន៍ សហគ្រាសធុនតូច និងមធ្យម ដើម្បីលើកកម្ពស់ការទំនាក់ទំនងរួមគ្នា ៕

To Top