ព័ត៌មានជាតិ

លោក សុខ ទូច ផ្ដាំអាជ្ញាធរខេត្ត ជុំវិញបឹងទន្លេសាប និងរដ្ឋបាលជលផល ទប់ស្កាត់អ្នកឆក់ត្រី ព្រោះឆក់មួយយប់ រកបាន១ម៉ឺនដុល្លារ (Video)

ភ្នំពេញ ៖ លោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានផ្ដាំទៅខេត្តជុំវិញ បឹងទន្លេសាប និងរដ្ឋបាលជលផល ត្រូវនាំគ្នាទប់ស្កាត់ និងបង្ក្រាប់ពួកអ្នកឆក់ត្រី ក្នុងបឹងទន្លេសាប ព្រោះគ្រាន់តែ ក្នុងមួយយប់ប៉ុណ្ណោះ អ្នកឆក់ត្រីរកបាន១ម៉ឺនដុល្លារ ។

ការលើកឡើងរបស់ លោក សុខ ទូច ក្រោយពីលោក ចុះសង្កេតមើល និងទប់ស្កាត់ អ្នកកាប់ទន្ទ្រានដីព្រៃលិចទឹក នៅជុំវិញបឹងទន្លេសាប បន្ទាប់ពីទទួលបានការអនុញ្ញាត ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ។

ក្នុងកិច្ចពិភាក្សាតុមូល ស្តីពី «ភាពតានតឹងរវាង សម្ព័ន្ធណាតូ និងសហព័ន្ធរស្ស៉ី» ដែលរៀបចំដោយ រាជបណ្ឌិត្យសភាកម្ពុជា នាថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ លោក សុខ ទូច បានថ្លែងថា លោកយកជីវិតធ្វើជាដើមទុន នៅក្នុងបឹងទន្លេសាប ខណៈលោកមិនខ្លាចឡើយ ដោយសារបានតាំងចិត្តរួចហើយ គឺថា មិនមែនធ្វើសម្រាប់ផ្ទាល់ខ្លួនឡើយ គឺសម្រាប់ប្រជាជនខ្មែរទូទាំងប្រទេស ។

លោកបញ្ជាក់ថា «ផ្ដាំទៅបឹងទន្លេសាប ឲ្យឈប់ឆក់ត្រី មិនមែនខ្ញុំមិនដឹងទេ ហើយខ្ញុំតាមអ្នកឯង នៅពេលខាងមុខ ។ ឥឡូវនេះលែងឆក់ ដោយសារបុណ្យចូលឆ្នាំចិន ចឹងទៅវិញ ហើយមកវិញឆក់ទៀត ខ្ញុំនឹងតាមថតអ្នកឯង ហើយបង្ហោះតាមទីសាធារណៈ។ ចឹងទេ ខាងជលផល ក៏ដូចចៅហ្វាយខេត្តនីមួយៗ ត្រូវទប់ពួកអាឆក់ត្រី ។ ឆក់ម៉ាយប់អស់១ម៉ឺនដុល្លារ ចាប់ពីម៉ោង៦ល្ងាច ដល់ម៉ោង៦ព្រឹក»។

លោក សុខ ទូច បានបញ្ជាក់ទៀតថា លោកក៏បានដឹងកន្លែង ឆក់ត្រីគ្រប់ទីកន្លែង នៅក្នុងបឹងទន្លេសាប ហើយលោកក៏បានដឹងមុខ អ្នកអនុញ្ញាតមានការឆក់ត្រីដែរ ដូច្នេះមានតែអាជ្ញាធរគ្រប់ខេត្ត និង រដ្ឋបាលជលផលទេ រួមគ្នាទប់ស្កាត់ ៕

To Top