ភ្នំពេញ ៖ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានជំរុញក្រសួងធារណការ និងដឹកជញ្ជូន ត្រូវអនុវត្តផែនការវិស័យដឹកជញ្ជូន និងឡូជីស្ទីក ដែលស្ថិតក្នុងសសរស្ដម្ភទី២ នៃក្របខណ្ឌយុទ្ធសាស្ដ្រ និងកម្មវិធីស្ដារ និងជំរុញកំណើនសេដ្ឋកិច្ច ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មីសម្រាប់ឆ្នាំ២០២១-២០២៣ ប្រកដោយប្រសិទ្ធភាពខ្ពស់។
ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិដៅការងារឆ្នាំ២០២២ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន នារសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ នៅទីស្ដីការ លោក អូន ព័ន្ធមុនីរ័ត្ន បានថ្លែងថា «ខ្ញុំសូមជំរុញឲ្យក្រសួងសាធារណការ ផ្តោតការយកចិត្តទុកដាក់ខ្ពស់ថែមទៀត លើចំណុចសំខាន់ៗ ដូចជា៖ ជំរុញការអនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់ នូវផែនការសកម្មភាពនៃវិស័យដឹកជញ្ជូន និងឡូជីស្ទីក ដែលស្ថិតក្នុងសសរស្តម្ភទី២ នៃក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ ២០២១-២០២៣»។
លោក បន្ដថា ក្រសួងសាធារណការ បន្តជំរុញការកសាងហេដ្ឋារចនាសម្ព័ន្ធ ដែលកំពុងដំណើរការសាងសង់ មានជា អាទិ៍៖ គម្រោងផ្លូវក្រវាត់ក្រុងទី៣, គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ, គម្រោងកំណាត់ផ្លូវជាតិលេខ៥ (ព្រែកក្តាម-ធ្លាម្អម) និង(ធ្លាម្អម-បាត់ដំបង), គម្រោងផ្លូវជាតិលេខ១០, គម្រោងផ្លូវជាតិលេខ២ និងលេខ២២ , គម្រោងកំណាត់ផ្លូវជាតិលេខ៧ (ត្បូងឃ្មុំ ក្រចេះ) និងបណ្តាផ្លូវជាតិសំខាន់ៗផ្សេងទៀត។ លោក ក៏បានស្នើក្រសួងបន្តផ្ដោតការយកចិត្តទុកដាក់លើគុណភាព នៃហេដ្ឋារចនាសម្ព័ន្ធ ដោយត្រូវទទួលយកតែគម្រោងណា ដែលបានសាងសង់ត្រឹមត្រូវតាមស្តង់ដា និងស្របតាមលក្ខណៈបច្ចេកទេស។
លោក បន្ថែមថា ក្រសួងសាធារណការ បន្តកិច្ចសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្នុងការកសាង និងអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូ និងផ្លូវទឹក និងបន្តជំរុញបញ្ចប់សេចក្តីព្រាងច្បាប់ ស្ដីពីទឹកកខ្វក់ និងប្រព័ន្ធលូ រួមទាំងបទដ្ឋានបច្ចេកទេស ក្នុងការសាងសង់, ជួសជុល, ថែទាំ និងប្រតិបត្តិការទឹកកខ្វក់ ដើម្បីលើកកម្ពស់សុខុមាលភាពប្រជាជន និងបន្តជំរុញបញ្ចប់ការតភ្ជាប់តំណប្រព័ន្ធ លូទឹកកខ្វក់ និងលូទឹកភ្លៀង ពីលំនៅឋានប្រជាជន និងទីតាំងអាជីវកម្ម មកកាន់ប្រព័ន្ធលូទឹក កខ្វក់ និង លូទឹកភ្លៀងសាធារណៈ។
ជាងនេះទៅទៀត លោកឧបនាយករដ្ឋមន្ដ្រី បានណែនាំក្រសួងសាធារណការ បន្តជំរុញ ការសិក្សាគម្រោងអភិវឌ្ឍន៍ផ្លូវដែកនៅកម្ពុជាដែលមានស្រាប់ សំដៅឲ្យក្លាយទៅជាផ្លូវដែកល្បឿន លឿនតភ្ជាប់ពីរាជធានីភ្នំពេញ ទៅក្រុងព្រះសីហនុ និងពីរាជធានីភ្នំពេញទៅប៉ោយប៉ែត និងបន្ថែមខ្សែផ្លូវដែកថ្មីពីក្រុងប៉ោយប៉ែត ទៅខេត្តសៀមរាប និងបន្តឆ្ពោះទៅខេត្តកំពង់ធំ និងរាជធានីភ្នំពេញ និង ខ្សែផ្លូវដែកតភ្ជាប់ពីរាជធានីភ្នំពេញទៅក្រុងបាវិត ព្រំដែនប្រទេសវៀតណាម ព្រមទាំងជំរុញដំណើរការស្ដារ និង លើកកម្រិតសមត្ថភាពប្រតិបត្តិការដឹកជញ្ជូនតាមផ្លូវដែកឲ្យ មានចលនារស់រវើក និង ប្រកបដោយប្រសិទ្ធភាព៕