ព័ត៌មានជាតិ

ប្រមុខការទូតខ្មែរ ជួបក្រុមប្រឹក្សាសន្តិសុខយូអិន ដើម្បីកៀរគរកិច្ចខិតខំ របស់សហគមន៍អន្តរជាតិ ជួយភូមា ឲ្យវិលមកប្រក្រតីភាពវិញ

ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសខ្មែរ កាលពីយប់ថ្ងៃទី២៨ មករា បានជួបប្រជុំតាមប្រព័ន្ធវីដេអូ ជាមួយក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ដើម្បីជូនព័ត៌មានពីបញ្ហាមីយ៉ាន់ម៉ា ។

ជាងនេះទៅទៀតឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់ថា «កិច្ចប្រជុំនេះគឺមានសារៈសំខាន់ ដល់ការកៀរគរកិច្ចខិតខំប្រឹងប្រែង របស់សហគមន៍អន្តរជាតិ ក្នុងការជួយមីយ៉ាន់ម៉ា ឲ្យវិលមករកជីវភាពធម្មតាវិញ» ។

យោងតាមហ្វេសប៊ុកលោក ប្រាក់ សុខុន នៅព្រឹកថ្ងៃទី២៩ មករានេះ បានឲ្យដឹងថា យប់ម្សិលមិញ លោកបានជូនព័ត៌មានតាមប្រព័ន្ធវីឌីអូ ដល់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិស្តីពីបញ្ហាមីយ៉ាន់ម៉ា រួមជាមួយនឹងលោកស្រីបណ្ឌិត ណូលីន ហេហ្សឺរ ប្រេសិតពិសេសរបស់អគ្គលេខាធិការ អង្គការសហប្រជាជាតិ និងលោក រ៉ាម៉េស រ៉ាចាស៊ីងហេម អ្នកសម្របសម្រួលរង នៃជំនួយមនុស្សធម៌បន្ទាន់ របស់អង្គការសហប្រជាជាតិ។

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន គូសបញ្ជាក់ថា ជាថ្មីម្តងទៀត ការងារចំបងរបស់យើងនាពេលនេះ គឺការបញ្ឈប់អំពើហិង្សា និងការធានាឱ្យបានថា ការផ្តល់ជំនួយមនុស្សធម៌ដល់ ប្រជាពលរដ្ឋមីយ៉ាន់ម៉ានឹង មានលក្ខណៈបរិយាប័ន្ន និងគ្មានការរារាំង។

ក្នុងនាមជាប្រេសិតពិសេស របស់ប្រធានអាស៊ាន រដ្ឋមន្ត្រីការបរទេសខ្មែរ វាយតម្លៃខ្ពស់ដល់កិច្ចសហ ប្រតិបត្តិការយ៉ាងសកម្ម និងជិតស្និទ្ធជាមួយប្រេសិតពិសេស របស់អគ្គលេខាធិការ អង្គការសហប្រជាជាតិ។ លោកថា យើងទាំងពីរបន្តប្តេជ្ញា ធ្វើការជាមួយភាគីទាំងឡាយ ដើម្បីសម្រេចគោលបំណងរួមរបស់យើង ជាពិសេសការអនុវត្ត ការព្រមព្រៀងជាឯកច្ឆន្ទ ៥ចំណុច ប្រកបដោយប្រសិទ្ធភាព ៕

To Top