ព័ត៌មានជាតិ

រដ្ឋមន្ត្រីការបរទេសខ្មែរ៖ មិនអាចឲ្យវិបត្តិនៅមីយ៉ាន់ម៉ា ទាញយើងឱ្យដើរ ថយក្រោយនោះទេ

ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសខ្មែរ បានថ្លែងច្បាស់ៗថា យើងមិនអាចឱ្យវិបត្តិនៅមីយ៉ាន់ម៉ា ទាញយើងឱ្យដើរថយក្រោយនោះទេ ហើយយើងត្រូវតែរួមដៃគ្នា ដើម្បីដោះស្រាយបញ្ហា ប្រឈមទាំងអស់នេះ ។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ នៅថ្ងៃទី២៩ មករានេះ បានឲ្យដឹងថា កាលពីយប់ថ្ងៃទី២៨ មករា តបតាមការអញ្ជើញរបស់ លោកស្រី Mona Juul ប្រធានក្រុមប្រឹក្សា សន្តិសុខអង្គការសហប្រជាជាតិ (UNSC) សម្រាប់ខែមករានេះ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក្នុងឋានៈជាប្រេសិតពិសេស របស់ប្រធានអាស៊ាន បានអញ្ជើញផ្តល់ព័ត៌មានជូន សមាជិកក្រុមប្រឹក្សានៅក្នុងកិច្ចប្រជុំចង្អៀត អំពីស្ថានភាពបច្ចុប្បន្ន នៅក្នុងប្រទេសមីយ៉ាន់ម៉ា តាមប្រព័ន្ធវីដេអូ ។

បន្ទាប់ពីបានគូសបញ្ជាក់អំពី ភាពស្មុគស្មាញចាក់ស្រេះនៃ ស្ថានភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងការ វិវត្តថ្មីៗនៃបញ្ហាសន្តិសុខនយោបាយ និងមនុស្សធម៌នៅក្នុងប្រទេសនេះរួច ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានជម្រាបជូនក្រុមប្រឹក្សា អំពីកិច្ចខិតខំប្រឹងប្រែង និងប្តេជ្ញាចិត្តរបស់អាស៊ាន ក្នុងការដោះស្រាយវិបត្តិមីយ៉ាន់ម៉ា ជាពិសេសអំពីលទ្ធផលនៃ ដំណើរទស្សនកិច្ចនាពេលថ្មីៗនេះរបស់សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ទៅកាន់មីយ៉ាន់ម៉ា និងជំហានឆ្ពោះទៅមុខដើម្បីជំរុញ វឌ្ឍនភាពក្នុងការអនុវត្ត កិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច (5PC)។

ខណៈពេលជម្រាបជូនអំពី ដំណើរទស្សនកិច្ចរបស់ សម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសមីយ៉ាន់ម៉ា ប្រេសិតពិសេសរបស់ប្រធានអាស៊ាន បានគូសបញ្ជាក់ពីគោលបំណង ចម្បងនៃដំណើរទស្សនកិច្ច រួមមាន៖ (១) ភ្ជាប់ទំនាក់ទំនងជាមួយទីក្រុងណៃពិដោឡើងវិញ ដើម្បីស្វែងរកមធ្យោបាយឆ្ពោះទៅ រកការអនុវត្តកិច្ចព្រមព្រៀងជា ឯកច្ឆន្ទប្រាំចំណុចរបស់អាស៊ាន។ ការបញ្ចប់អំពើហិង្សា និងការបន្តបទឈប់បាញ់ ដោយភាគីពាក់ព័ន្ធទាំងអស់ គឺជាការចាំបាច់ដោយខាន មិនបានក្នុងការកសាងទំនុកចិត្ត និងបង្កើតបរិយាកាសអំណោយផល សម្រាប់កិច្ចសន្ទនាប្រកបដោយបរិយាប័ន្ន (២) ដើម្បីធានាថា ដំណើរទស្សនកិច្ចជាលើកដំបូង របស់ប្រេសិតពិសេសរបស់ប្រធានអាស៊ាន ទៅកាន់ប្រទេស មីយ៉ាន់ម៉ា អាចប្រព្រឹត្តទៅបាន ដើម្បីជួយសម្រួលដល់ការសម្របសម្រួល នៃកិច្ចសន្ទនាដោយភាគីពាក់ព័ន្ធផ្ទាល់ និង (៣) ដើម្បីធានាបាននូវការផ្តល់ជំនួយមនុស្សធម៌ ដោយសុវត្ថិភាព និងឆាប់រហ័សទៅដល់ប្រជាជន ដែលត្រូវការជំនួយបំផុត នៅក្នុងប្រទេសមីយ៉ាន់ម៉ា។

លោកឧបនាយករដ្ឋមន្ត្រី បាន លើកឡើង ថា « ដំណើរ ទស្សនកិច្ច របស់នាយករដ្ឋមន្ត្រីយើងខ្ញុំ ទៅកាន់ទីក្រុងណៃពិដោ គឺជាបេសកកម្ម ដើម្បីទម្លុះទម្លាយភាពជាប់គាំង ។ ទស្សនកិច្ចនេះ មានគោលបំណងដើម្បីកសាងទំនុកចិត្ត ការជឿជាក់ និងការយោគយល់គ្នា ហើយទស្សនកិច្ចនេះ ពិតជាអាចដើរតួនាទីជាការបោះជំហាន ដ៏រឹងមាំមួយឆ្ពោះទៅរកវឌ្ឍនភាពបន្ថែមទៀត។ សម្ដេចតេជោ បានទៅទីនោះដើម្បីដាំដើមឈើ ជាដើមឈើសម្រាប់សន្តិភាព និងការផ្សះផ្សាជាតិ។ វាត្រូវការពេលវេលា ភាពអត់ធ្មត់ និងការអនុវត្តជាក់ស្តែង មុនពេលគេអាចប្រមូលផល ពីដើមឈើនោះបាន»។

លោកប្រេសិតពិសេស ប្រាក់ សុខុន ក៏បានជម្រាបជូនក្រុមប្រឹក្សា សន្តិសុខផងដែរអំពីជំហានបន្ទាប់ ដោយថ្លែងថា ឥឡូវនេះលោក កំពុងធ្វើការលើការរៀបចំកម្មវិធី សម្រាប់ដំណើរទស្សនកិច្ចលើកដំបូងរបស់លោក ក្នុងនាមជាប្រេសិតពិសេសស្ដីពីមីយ៉ាន់ម៉ា និងអាទិភាពរបស់លោក ក្នុងការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច ដែលនឹងត្រូវលើកយកទៅពិភាក្សា ក្នុងអំឡុងពេលកិច្ចប្រជុំចង្អៀត រដ្ឋមន្ត្រីការបរទេសអាស៊ាននាពេលខាងមុខនេះ ដែលគ្រោងរៀបចំពីថ្ងៃទី១៦-១៧ ខែកុម្ភៈ ជាការត្រៀមសម្រាប់ការរៀបចំ កិច្ចប្រជុំពិគ្រោះយោបល់ពហុភាគី ពាក់ព័ន្ធអំពីជំនួយមនុស្សធម៌ ដែលនឹងមានការគាំទ្រ និងកិច្ចសហប្រតិបត្តិការ ពីលេខាធិការដ្ឋានអាស៊ាន (ASEC) និងប្រេសិតពិសេសរបស់ អគ្គលេខាធិការអង្គការសហប្រជាជាតិ (UNSG) ហើយនឹងប្រមូលនូវវិធីសាស្រ្ត មនុស្សធម៌ជាក់ស្តែងទាំងអស់ពីអ្នកជំនាញ និងទីភ្នាក់ងារមនុស្សធម៌ក្នុងស្រុក តំបន់ និងអន្តរជាតិ ដើម្បីជួយសម្រួលដល់ការផ្តល់ ជំនួយមនុស្សធម៌ឱ្យបានឆាប់រហ័ស។

ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន សង្កត់ធ្ងន់ថា «គ្រប់សកម្មភាពរបស់យើង គឺផ្អែកលើស្មារតីនៃកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច និងធម្មនុញ្ញ អាស៊ាន។ នៅមានបញ្ហា និងការប្រឈមជាច្រើនផ្សេងទៀត ក្រៅពីវិបត្តិនៅមីយ៉ានម៉ាដែល អាស៊ានត្រូវការដោះស្រាយ និងបានបន្ថែមថា លើសពីនេះ យើងត្រូវរែកពន់សុខុមាលភាពតំបន់ទាំងមូល យើងមិនអាចឱ្យវិបត្តិនៅមីយ៉ាន់ម៉ា ទាញយើងឱ្យដើរថយក្រោយនោះទេ ហើយយើងត្រូវតែរួមដៃគ្នា ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងអស់នេះរួមគ្នា» ៕

To Top