ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី រួមជាមួយមន្ត្រីអាជ្ញាធរដែនដី នៅរសៀលថ្ងៃទី៣០ មករា នេះបានអញ្ជើញ ក្រុងពាលី និងបញ្ចុះបឋមសិលា តាមបែបសាសនា មុនបើកការដ្ឋានសាងសង់ ស្ពានអាកាសថ្មីមួយទៀត នៅតាមបណ្ដោយផ្លូវជាតិលេខ៥ ខណៈសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នឹងអញ្ជើញជាអធិបតីភាព បើកការដ្ឋាននាថ្ងៃស្អែក ។

ស្ពានអាកាសថ្មីនេះ ស្ថិតត្រង់ចំណុចផ្លូវសាលាដែក ជាប់ខាងជើងឃ្លាំងផ្ទុកប្រេងឥន្ធនៈសូគីមិច សង្កាត់ឬស្សីកែវ ខណ្ឌឫស្សីកែវ ។
គួរបញ្ជាក់ផងដែរថា ស្ពានអាកាសថ្មី ដែលគ្រោងនឹងបើកការដ្ឋានស្ថាបនានេះ មានបណ្ដោយ៤៨៣ម៉ែត្រ ទទឹង១៥,៨ម៉ែត្រកំពស់ ៥ម៉ែត្រ ដោយហោះនៅលើបណ្ដោយផ្លូវជាតិលេខ៥ នៅចន្លោះស្ពានបេតុងឆ្លងកាត់ទន្លេសាបថ្មី ដែលបាននឹងកំពុងសាងសង់ បានជាង៦៣ភាគរយហើយ ។ គម្រោងនៃការសាងសង់ស្ពានអាកាសថ្មី ដោយហោះនៅលើបណ្ដោយផ្លូវជាតិលេខ៥នេះ គ្រោងនឹងសាងសង់ ដោយប្រើរយៈពេល ១៥ខែ ពោលគឺឲ្យរួចរាល់នៅចុងខែមេសាឆ្នាំ២០២៣ នៅមុនពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ប្រកួតកីឡា SEA GAME ២០២៣៕



