ព័ត៌មានជាតិ

ជប៉ុន ប្រគល់ដីមួយកន្លែង ជូនសម្ដេចតេជោ ដើម្បីធ្វើសួនអនុស្សាវរីយ៍កម្ពុជា-ជប៉ុន

ភ្នំពេញ៖ លោក Takahashi Fumaiki ប្រធានសមាគមជប៉ុន-កម្ពុជា និងជាអតីតឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា បានផ្ដល់ទីតាំងដីមួយកន្លែង នៅរាជធានីភ្នំពេញ ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីរៀបចំធ្វើជាសួនអនុស្សាវរីយ៍ កម្ពុជា-ជប៉ុន ហើយនឹងដាក់ឈ្មោះថាសួន PKO ។ នេះបើយោងតាមបណ្ដាញសង្គមហ្វេសប៊ុក សម្ដេចតេជោ ។

ក្នុងជំនួបពិភាក្សាការងារជាមួយ សម្ដេចតេជោ ហ៊ុន សែន នាព្រឹកថ្ងៃទី១ កុម្ភៈនេះ លោក Takahashi Fumaiki មានប្រសាសន៍ថា សួនអនុស្សាវរីយ៍កម្ពុជា-ជប៉ុន ដែលនឹងដាក់ឈ្មោះថាសួន PKO រៀបចំឡើងក្នុងគោលបំណង សម្រាប់សាធារណៈជនប្រើប្រាស់ផង និងសម្រាប់ជាតំណាងទំនាក់ទំនង កម្ពុជានិងជប៉ុនផង ។

ជាការឆ្លើយតប សម្ដេចតេជោ​បានទទួលស្វាគមន៍  និងសម្ដែងនូវការគាំទ្រចំពោះគំនិតផ្ដួចផ្ដើម ក្នុងការរៀបចំឲ្យមានជាសួនសាធារណៈ សម្រាប់អនុស្សាវរីយ៍រវាង កម្ពុជា និងជប៉ុន ដែលបានដាក់ឈ្មោះថាសួន PKO ហើយសម្ដេចតេជោក៏បានណែនាំ ទៅដល់លោក សុខ ចិន្តាសោភា ដើម្បីធ្វើការងារនេះបន្ត ជាមួយនឹងសាលារាជធានីភ្នំពេញ ៕

To Top