កំពង់ចាម: អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅព្រឹក ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២ នេះ បានជួបពិភាក្សាការងារមួយចំនួន ជាមួយព្រះសាកលវិទ្យាធិការ និងគណៈគ្រប់គ្រង នៃពុទ្ធិសាកលវិទ្យាល័យ សម្តេច តេជោ ហ៊ុន សែន ស្តីពីការបណ្តុះបណ្តាលនិងស្នេីសុំគោលការណ៍ប្រារព្ធពិធីបេីកសម្ពាធអគាររដ្ឋបាលថ្មី១ខ្នង ដែលមានទីតាំងស្ថិតនៅភូមិជ្រោយថ្ម សង្កាត់បឹងកុក ក្រុងកំពង់ចាម នាពេលខាងមុខនេះ ផងដែរ ។
ក្នុងឱកាសនោះដែរលោកអភិបាលខេត្ត បានធ្វេីការកោតសរសើរនិងវាយតម្លៃ ខ្ពស់ចំពោះ ព្រះសាកលវិទ្យាធិការ និង គណៈគ្រប់គ្រង នៃពុទ្ធិសាកលវិទ្យាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានរួមសាមគ្គី គ្នា ក្នុងការខិតខំគៀងគរស្វែងរកសប្បុរសជនដេីម្បី សាងសង់អគាររដ្ឋបាលថ្មី ១ខ្នង ដែលមានបណ្ដោយប្រវែង ១៨ម៉ែត្រទទឹងប្រវែង១៦ម៉ែត្រ កម្ពស់ ៤ជាន់ក្នុងតម្លៃប្រមាណជាជាង៦៤ម៉ឺនដុល្លារ សម្រាប់ឲ្យមន្ត្រីសង្ឃនិងមន្ត្រី រាជការបំពេញការងារប្រចាំថ្ងៃ ។

ជាមួយគ្នានោះ លោកអភិបាលខេត្តក៏បានឯកភាព គាំទ្រចំពោះការស្នើសុំរៀបចំ ប្រារព្ធពិធីបេីកសម្ពាធដាក់ឲ្យប្រេីប្រាស់ជាផ្លូវការនូវអគាររដ្ឋបាលនៃពុទ្ធិសាកលវិទ្យាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលទើបនឹងសាងសង់រួចរាល់ជាស្ថាពរ ក្នុងអំឡុងខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅនេះ ។

បេីតាមព្រះសាកលវិទ្យាធិការបានមានសង្ឃដីកាថា នៅក្នុងឆ្នាំសិក្សា២០២១-២០២២នេះ សាស្ត្រាចារ្យដែលបាននិងកំពុងបង្រៀនសរុបចំនួន ៧៥រូប ក្នុងនោះសាស្ដ្រាចារ្យក្របខណ្ឌចំនួន៦រូប ហេីយចាប់ពីឆ្នាំសិក្សា២០១៨ ដល់ឆ្នាំសិក្សា២០២១ សមណនិស្សិត និស្សិត ដែលបានសិក្សា និងបានការពារសារណាបញ្ចប់ថ្នាក់បរិញ្ញាបត្រប្រកបដោយជោគជ័យ ដែលនឹងត្រូវទទួលសញ្ញាបត្រនៅពេលសម្ពោធ អគារសិក្សា បណ្ណាល័យ និងអគាររដ្ឋបាល ខាងមុខនេះមានចំនួន ៥៩៤អង្គ/នាក់ ដែលមាន ៣ជំនាន់ ហើយពួក គាត់មានការងារធ្វើគ្រប់ៗគ្នា (៩៩%)៕
