ភ្នំពេញ ៖ ដើម្បីកែលម្អគុណភាពខ្យល់ នៅតាមរាជធានី-ខេត្ត ក្រសួងបរិស្ថាន បានណែនាំមន្ទីរបរិស្ថានទាំងអស់ ត្រូវចាត់វិធានការទប់ស្កាត់ភ្លើងឆេះព្រៃ និងដុតសំរាម សំណល់រឹងតាមទីចំហ និងទីលានចាក់សំណល់។
យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងបរិស្ថាន នាថ្ងៃទី៣១ មករា បានបញ្ជាក់ថា «ដើម្បីកែលម្អគុណភាពខ្យល់ នៅតាមរាជធានី-ខេត្ត ក្រសួងបរិស្ថាន សូមជម្រាបជូនដល់រដ្ឋបាលថ្នាក់ក្រោមជាតិ និងមន្ទីរបរិស្ថានរាជធានី-ខេត្ត នូវវិធានការមួយចំនួន ដូចជា ៖ ត្រូវចាត់វិធានការទប់ស្កាត់ភ្លើងឆេះព្រៃ និងការដុតសំរាម សំណល់រឹងនៅតាមទីចំហ ការឆេះនៅតាមទីលានចាក់សំណល់»។

ក្រសួង បន្ដថា ត្រូវចាត់វិធានការទប់ស្កាត់ ការហុយធូលីពីការដ្ឋានសំណង់ និងការដ្ឋានកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងធូលីហុយនៅតាមដងផ្លូវ។
ជាងនេះទៅទៀត ក្រសួងបរិស្ថាន ក៏បានណែនាំបន្ថែមទៀតដល់រដ្ឋបាលថ្នាក់ក្រោមជាតិ និងមន្ទីរបរិស្ថានរាជធានី-ខេត្ត ត្រូវធ្វើការសម្អាតអនាម័យនៅតាមដងផ្លូវ និងទីសាធារណៈ ជាពិសេស ត្រូវអប់រំប្រជាពលរដ្ឋកុំឲ្យដុតសំរាម និងសំណល់រឹង ដុតស្មៅ គល់ជញ្ជ្រាំង និងសំណល់កសិកម្មផ្សេងៗទៀត៕

