ព័ត៌មានជាតិ

សេចក្តីព្រាងប្រកាសចំនួន ២ របស់ ប.ស.ស. ត្រូវបានលើកយកមកប្រជុំត្រួតពិនិត្យកែសម្រួល

ភ្នំពេញ៖ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកបេឡាជាតិ សន្តិសុខសង្គម (ប.ស.ស.) នាព្រឹកថ្ងៃនេះ បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំត្រួតពិនិត្យ និងកែសម្រួលលើសេចក្ដីព្រាង ប្រកាសចំនួន២ គឺសេចក្តីព្រាងប្រកាសស្ដីពីបែបបទ និងនីតិវិធីនៃការផ្ដល់វិភាជន៍បូជាសព នៃរបបសន្ដិសុខសង្គម ផ្នែកប្រាក់សោធន សម្រាប់បុគ្គលទាំងឡាយ ដែលស្ថិតនៅក្រោមបទប្បញ្ញតិ្តនៃច្បាប់ ស្ដីពីការងារ និងសេចក្តីព្រាង ប្រកាសស្ដីពីបែបបទ និងនីតិវិធីនៃការចុះបញ្ជីសហគ្រាស គ្រឹះស្ថាន កម្មករនិយោជិត និងការបង់ភាគទាន សម្រាប់បុគ្គលទាំងឡាយ ដែលស្ថិតនៅក្រោមបទប្បញ្ញតិ្ត នៃច្បាប់ស្ដីពីការងារ បន្ទាប់ពីក្រុមការងារ កិច្ចការច្បាប់ នៃ ប.ស.ស. បានប្រជុំរួចនាពេលថ្មីៗនេះ។

លោកអគ្គនាយក ប.ស.ស. បានថ្លែងឡើងថា៖ នេះជាការយកចិត្តទុកដាក់ មួយចំណែកបន្ថែមទៀត នៃរបបសន្ដិសុខសង្គមផ្នែកប្រាក់សោធន ដែល ប.ស.ស. បានរៀបចំសេចក្ដីព្រាងប្រកាសស្ដីពីបែបបទ និងនីតិវិធីនៃការផ្ដល់វិភាជន៍បូជាសពនៃរបបសន្ដិសុខសង្គម ផ្នែកប្រាក់សោធននេះឡើង ដើម្បីធានាបាន នូវប្រសិទ្ធភាព និងប្រសិទ្ធិផល នៃការអនុវត្តរបបសន្ដិសុខសង្គម ព្រមទាំងជួយសម្រាល នូវទុក្ខលំបាករបស់សិទ្ធិវន្ដនៃវិភាជន៍បូជាសព នៃសោធនិកជរាភាព ឬសោធនិកទុព្វលភាព ។

ជាមួយគ្នានេះ លោកអគ្គនាយក ប.ស.ស. ក៏បានស្នើដល់សមាជិកនៃអង្គប្រជុំទាំងអស់ ត្រូវពិភាក្សារាល់បញ្ហាប្រឈមផ្សេងៗ ឲ្យបានគ្រប់ជ្រុងជ្រោយបន្ថែមទៀត ដើម្បីឲ្យប្រកាសទាំងពីរនេះ កាន់តែមានលក្ខណៈល្អប្រសើរ និងត្រឹមត្រូវស្របទៅតាមច្បាប់ ស្តីពីរបបសន្តិសុខសង្គម ដោយធ្វើយ៉ាងណាធានាបាននូវប្រសិទ្ធភាពខ្ពស់ ប្រកបដោយចីរភាព។

បន្ទាប់ពីបានប្រជុំពិភាក្សា ពេញមួយព្រឹក លោកអគ្គនាយក ប.ស.ស. បានសម្រេចអនុម័តទាំងស្រុង ទៅលើសេចក្តីព្រាងប្រកាសទាំងពីរខាងលើ និងរៀបចំ ដើម្បីដាក់ជូនក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យសម្រេចបន្ត។ 

សូមបញ្ជាក់ថា៖ កិច្ចប្រជុំពិភាក្សាខាងលើ ប្រព្រឹត្តទៅពេញមួយព្រឹក ថ្ងៃអង្គារ ទី០១ ខែកុម្ភៈ ឆ្នាំ២០២២ នៅសាលប្រជុំធំ ទីស្នាក់ការកណ្តាល ប.ស.ស. រាជធានីភ្នំពេញ ដោយមានវត្តមានអញ្ជើញចូលរួមពីសំណាក់ប្រធាន សមាជិក សមាជិកា នៃក្រុមការងារកិច្ចការច្បាប់ នៃ ប.ស.ស. ព្រមទាំងលោក លោកស្រី ប្រធាននាយកដ្ឋាន សរុបប្រមាណជាង ២០រូប ៕

To Top