ព័ត៌មានជាតិ

WB ៖ កម្ពុជាអាចស្ដារសេដ្ឋកិច្ចឡើងវិញ តាមរយៈបង្កើនផលិតភាព ពិពិធកម្ម និងការវិនិយោគក្នុងស្រុក (Video)

ភ្នំពេញ ៖ ធនាគារពិភពលោក (WB) បានឲ្យដឹងថា សេដ្ឋកិច្ចកម្ពុជា ស្ថិតក្នុងចំណោមសេដ្ឋកិច្ច តំបន់អាស៊ីបូព៌ា ដែលរងការខូចខាតយ៉ាង ដំណំពីសំណាក់ការរាតត្បាតជំងឺកូវីដ-១៩ ប៉ុន្តែប្រទេសនេះអាចស្តារសេដ្ឋកិច្ច ឲ្យមានកំណើនទៀងទាត់ឡើងវិញ តាមរយៈបង្កើនផលិតភាពរបស់ក្រុមហ៊ុន និងពលករ, ពង្រីកពិពិធកម្មក្នុងផ្នែកនាំចេញ និង ចាត់វិធានការនានា ឈានទៅជំរុញការវិនិយោគ ក្នុងស្រុកថែមទៀត។ WB និយាយដូច្នេះ នៅក្នុងជំនួយស្មារតីមួយ ស្តីពីស្ថានភាព សេដ្ឋកិច្ចរបស់កម្ពុជា។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ WB ចេញផ្សាយនាពេលថ្មីៗនេះ បានបញ្ជាក់ថា កម្ពុជា ធ្លាប់សម្រេចបានកំណើនសេដ្ឋកិច្ច ក្នុងអត្រាជាមធ្យម ៧,៧ភាគរយ ក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ១៩៩៥ ដល់ឆ្នាំ២០១៩ ប៉ុន្តែអត្រានេះបានស្រុតចុះយ៉ាងគំហុក អស់ ចំនួន១០,១ភាគរយ ធ្វើឲ្យទំហំសេដ្ឋកិច្ចរួមមាឌអស់ ឬដក ៣,១ភាគរយ ក្នុងឆ្នាំ២០២០ មុននឹងរើបឡើងវិញសន្សឹមៗ រហូតបានកំណើន ២,២ភាគរយ នាដំណាច់ឆ្នាំកន្លងទៅ។

WB បន្ដថា ជំងឺរាតត្បាតជាដើមចមធំធ្វើឲ្យទិន្នផលសេដ្ឋកិច្ចធ្លាក់ចុះយ៉ាងសម្បើម ប៉ុន្តែការពឹងផ្អែកទៅលើផលិតផល, ទីផ្សារ និងធនធានហិរញ្ញប្បទាន ដែលមានមូលដ្ឋានតូចចង្អៀត ធ្វើឲ្យកម្ពុជាខ្វះជំហររឹងមាំសម្រាប់ទប់ទល់ទៅនឹងការអង្រួនដែលកើតមានចំពោះសេដ្ឋកិច្ច។ នេះបើយោងតាមការលើកឡើង នៅក្នុងរបាយការណ៍ក្រោមចំណងជើង ថា «ការអភិវឌ្ឍមានភាពធន់៖ យុទ្ធសាស្ត្រសម្រាប់ធ្វើពិពិធកម្មលើគំរូកំណើនសេដ្ឋកិច្ចកម្ពុជា» (Resilient Development, a Strategy to Diversify Cambodia’s Growth Model)។

លោកស្រី ម៉ារីយ៉ាម សាលីម (Maryam Salim) ប្រធានគ្រប់គ្រង នៃធនាគារពិភពលោកប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា «ការងាកទៅរកគន្លងផ្លូវឆ្ពោះទៅមានកំណើនដោយចរីភាពវិញ ចាំបាច់ត្រូវការរបៀបវារៈកែទម្រង់ប្រកបដោយមហិច្ឆតាមួយ ដែលផ្តោតការយកចិត្តទុកដាក់លើការបង្កើនសមត្ថភាពរបស់ក្រុមហ៊ុន ពលករ និងក្រុមគ្រួសារនៅកម្ពុជា, ពង្រឹងបទប្បញ្ញត្តិ ដើម្បីឆ្លើយតបទៅនឹងសកម្មភាពបំភ្លៃលើទីផ្សារ និងកែលម្អបរិយាកាសធ្វើធុរកិច្ច និងការវិនិយោគថែមទៀតទៅលើហេដ្ឋារចនាសម្ព័ន្ធ ដែលទ្រទ្រង់ដល់កំណើនប្រកបដោយគុណភាព»។

លោកស្រី បន្ថែមថា ចំណាត់ការគោលនយោបាយរយៈពេលខ្លី និងមធ្យមមួយចំនួនអាចមានប្រយោជន៍ដល់យុទ្ធសាស្ត្រាស្តារសេដ្ឋកិច្ច ហើយតាមរយៈនោះវានឹងអនុញ្ញាតឲ្យកម្ពុជាអាចកសាងសេដ្ឋកិច្ចបានមកវិញកាន់តែរឹងមាំថែមទៀតនៅក្រោយសម័យមានវិបត្តិកូវីដ-១៩។ ក្នុងប៉ុន្មានឆ្នាំកន្លងទៅថ្មីៗនេះ ផលិតផលចំនួន៥មុខ មានវិស័យកាត់ដេរ, ស្បែកជើង, អង្ករ, ដំឡូងមី និងទេសចរណ៍ មានទំហំ៨០ភាគរយ នៃទំហំនាំចេញសរុបរបស់កម្ពុជា ប៉ុន្តែនៅក្នុងនោះមានទីផ្សារធំតែពីរប៉ុណ្ណោះ គឺសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក ដែលស្រូបយក៦៩ភាគរយ នៃបរិមាណទំនិញនាំចេញទាំងនោះ៕

To Top