ភ្នំពេញ ៖ ក្រោយមានការតវ៉ា ពីសំណាក់បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ក្នុងសម័យប្រឡង ២៧ ធ្នូ ២០២១ដែលមិនសុខចិត្តចំពោះលទ្ធផល ក្រសួងអប់រំ យុវជន និងកីឡា បានដោះស្រាយតាមសំណូមដោយបានបង្កើត «គណៈកម្មការកោសលវិច័យ» ដើម្បីពិនិត្យ និងដោះស្រាយដើម្បីធ្វើយ៉ាងណាឲ្យបេក្ខជន មាតាបិតា អ្នកអាណាព្យាបាល និងសាធារណជនជឿទុកចិត្ត។ ជាលទ្ធផល បន្ទាប់ពីទទួលដោះស្រាយ អស់រយៈពេលជាច្រើនថ្ងៃកន្លងមក ក្រសួងបានប្រកាសបិទបញ្ចប់ទទួលពាក្យតវ៉ា និងបញ្ចប់ដំណើរការពិនិត្យ ព្រោះលទ្ធផលប្រឡងមិនមានការប្រែប្រួល ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងអប់រំនាថ្ងៃទី២ មករា បានឲ្យដឹងថា «ក្រោយពីបានបញ្ចប់ការធ្វើកោសលវិច័យ គណៈកម្មការកោសលវិច័យ បានរកឃើញថា លទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៧ ធ្នូ ២០២១ មិនមានការប្រែប្រួលទេ។ ឈរលើមូលដ្ឋាននេះ ក្រសួង សូមប្រកាសបញ្ចប់ការទទួលពាក្យតវ៉ារបស់បេក្ខជន និងបញ្ចប់ដំណើរការពិនិត្យ និងដោះស្រាយការតវ៉ា ចាប់ពីថ្ងៃចេញសេចក្តីប្រកាសព័ត៌មាននេះតទៅ»។

ក្រសួងបញ្ជាក់ថា ការប្រឡងប្រព្រឹត្តទៅដោយរលូន ស្របតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ស្របតាមលក្ខណៈបច្ចេកទេសប្រឡង និងស្របតាមទស្សនាទាន «អ្នកចេះ គឺជាប់» ក្នុងនោះមានការសហការពីភាគីពាក់ព័ន្ធយ៉ាងច្រើន ។

ចំពោះសិស្សប្រឡងធ្លាក់ ក្រសួងលើកទឹកចិត្តឲ្យខិតខំរៀនសូត្របន្ត ដោយមានការជួយគាំទ្រពីសំណាក់លោកគ្រូ-អ្នកគ្រូ មាតា-បិតា អ្នកអាណាព្យាបាល និងសហគមន៍ ដើម្បីទទួលបានជោគជ័យក្នុងការប្រឡង នៅឆ្នាំខាងមុខ។

សូមបញ្ជាក់ថា កាលពីសម័យប្រឡងបាក់ឌុបនាថ្ងៃ២៧ ធ្នូ គឺបេក្ខជនប្រឡងជាប់មានចំនួន៧២ ០១៦នាក់ ក្នុងចំណោមបេក្ខជនចុះឈ្មោះក្នុងបញ្ជីសរុប ១១៤ ១៨៧ នាក់ ។ ក្នុងចំនួនអ្នកជាប់ទាំង៧២ ០១៦នេះ អ្នកទទួលបាននិទ្ទេស A ចំនួន១ ៧៥៣នាក់ , និទ្ទេសBចំនួន ៥ ២១៥ នាក់ , និទ្ទេស C ចំនួន ១១ ៦៣៤នាក់ , និទ្ទេស Dចំនួន ២៣ ៤៩៩ នាក់ និងនិទ្ទេស E ចំនួន ២៩ ៩១៥ ៕
