ភ្នំពេញ ៖ មន្ត្រីនគរបាលព្រហ្មទណ្ឌខេត្តមណ្ឌលគីរី ឥឡូវនេះ កំពុងតែស៊ើបអង្កេត ស្រាវជ្រាវ ទៅលើករណីឃាតកម្ម ដ៏សែនសាហាវឃោរឃៅមួយ ដែលបានកើតឡើងទៅលើគ្រួសារមួយ បណ្តាលអោយស្លាប់មនុស្សចំនួន ៣ នាក់ និងបាត់ខ្លួន ចំនួន៣នាក់ ប្រព្រឹត្តនៅស្រែចោល ក្នុងភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ។
ករណីឃាតកម្មដោយឃោឃៅព្រៃផ្សៃ ទៅលើគ្រូសារមួយនេះ បានកើតឡើង កាលថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ ២០២២ នៅចំណុច ស្រែចោល ក្នុងភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ។
សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌ បានអោយដឹងថា ជនរងគ្រោះ ទាំងអស់ ខាងលើនេះ មានឈ្មោះ ៖ ទី១-ឈ្មោះ ម៉ូត ក្រាក់ ភេទប្រុស អាយុ ៤៥ ឆ្នាំ ជនជាតិព្នង (ស្លាប់បាត់បង់ជីវិត) ដោយជនសង្ស័យបាញ់ត្រូវ ១ គ្រាប់ ចំក្បាលខាងក្រោយ។ ទី ២ -មានឈ្មោះ ក្រាក់ លី ភេទប្រុស អាយុ ១៥ ឆ្នាំ ជនជាតិព្នង (ស្លាប់បាត់បង់ជីវិត) ។ ទី ៣ -ឈ្មោះ នួន សំអាត ភេទប្រុស អាយុ ១៥ ឆ្នាំ (ស្លាប់បាត់បង់ជីវិត)។ ទី ៤-ឈ្មោះ ក្រាក់ ស្ល៊ី ភេទ ប្រុស អាយុ ១២ ឆ្នាំ ( រួចផុតជីវិត) ។ទី ៥ -ឈ្មោះ និច ស្រី ភេទស្រី អាយុ ៤១ ឆ្នាំ (បាត់ខ្លួន ) ។ និង ទី ៦ -ឈ្មោះ ក្រាក់ នី ភេទ ប្រុស អាយុ ០៥ ឆ្នាំ (បាត់ខ្លួន)។
បច្ចុប្បន្ននេះ សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចនគរបាលជំនាញប្រគល់ជូនទៅសាច់ញាតិ របស់ពួកគេ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី។ ចំណែកឯជនដៃដល់ សមត្ថកិច្ចនគរបាលជំនាញ កំពុបើកស្រាវជ្រាវ ស៊ើបអង្កេតទៅករណីនេះ នឹងតាមចាប់ជនដៃដល់ មកដាក់ទោសអោយបានតាមផ្លូវច្បាប់ ៕
ដោយ គា លីហ្សា