នយោបាយ

លោក កុយ គួង ផ្តាំទៅ សោ ចាន់ដេត ឲ្យបញ្ឈប់គំនិតពុតត្បុតអាក្រក់ ឥតអៀនខ្មាស់ ដែលចោទលោកថា នៅតែជាប់ពាក់ព័ន្ធ ជាមួយលោក សម រង្ស៊ី

ភ្នំពេញ៖ លោក កុយ គួង រដ្ឋលេខាធិការ ក្រសួងការបរទេសខ្មែរ បានផ្ដាំទៅបុគ្គល សោ ចាប់ដេត សមាជិកអតីតគណបក្សសង្គ្រោះជាតិ និងជាមនុស្សរបស់លោក សម រង្ស៊ី ឲ្យបញ្ឈប់គំនិតពុតត្បុតអាក្រក់ ឥតអៀនខ្មាស់ ដែលចោទប្រកាន់លោកថា នៅរក្សាឆន្ទៈសម រង្ស៊ីនិយម ។

លោក កុយ គួង ត្រូវបានគេដឹងថា បានចាកចេញពីអតីតគណបក្សសម រង្ស៊ី កាលពីអំឡុងឆ្នាំ២០០៨ ដើម្បីមកចូលក្នុងជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ។ ក្រោយពីចាកចេញ ពីអតីតគណបក្ស សម រង្ស៊ីប៉ុន្មានឆ្នាំមក លោកបានក្លាយអនុរដ្ឋលេខាធិការ ក្រសួងការបរទេសខ្មែរ និងជាអ្នកនាំពាក្យ ហើយបន្តមកក្លាយជាឯកអគ្គរដ្ឋទូតខ្មែរ នៅអូស្ត្រាលី និងបច្ចុប្បន្នជារដ្ឋលេខាធិការផង និងអ្នកនាំពាក្យផង។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី២ កុម្ភៈ លោក កុយ គួង បានបញ្ជាក់ថា ថ្មីៗនេះ បុគ្គលឈ្មោះសោរ ចាន់ដេត (Sor Chandeth) ជាសមាជិកអតីតគណបក្សសង្គ្រោះជាតិ និងជាមនុស្សរបស់លោក សម រង្ស៊ី បានបង្ហោះសារតាមហ្វេសប៊ុក (Facebook) របស់ខ្លួន ដែលមានចំណងជើងថា “អ្នកបន្តវេន សម រង្ស៊ី ជានរណា?”។ បុគ្គលនេះបានធ្វើការចោទប្រកាន់ ដោយលាបពណ៌ ដល់យុវជនជាច្រើននាក់ ក្នុងនោះបានលើកយកឈ្មោះ របស់លោក (កុយ គួង) ដែលបានចាកចេញ ពីអតីតគណបក្សសម រង្ស៊ី តាំងពីដើមឆ្នាំ២០០៨ មកចូលរួមរស់ជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា និងបានបំរើការងារ ជូនគណបក្សប្រជាជនកម្ពុជា និងប្រទេសជាតិ រហូតមកដល់បច្ចុប្បន្ននេះ ថានៅរក្សា “ឆន្ទះ សម រង្ស៊ី និយម” ស្អីគេនោះ។

ជាមួយគ្នានោះលោក កុយ គួង ក៏បានឆ្លើយតប ទៅការចោទប្រកាន់លាបពណ៌ ដោយឥតអៀនខ្មាស់របស់បុគ្គល សោ ចាន់ដេតនេះថា “ខ្ញុំមិនដែលធ្វើជា ប្រធានចលនាយុវជនជាតិខ្មែរ នៃគណបក្សសម រង្ស៊ី ម្តងណាឡើយ។ ចលនាចាកចេញជាក្រុមធំ ពីអតីតគណបក្ស សម រង្ស៊ី ដើមឆ្នាំ២០០៨ កើតឡើងដោយសារថ្នាក់ដឹកនាំ គណបក្សនេះនិយាយផ្សេង ធ្វើផ្សឹង គឺដើរផ្ទុយទាំងស្រុងពី បាវចនាទាំង៣របស់គណបក្ស “សីលធម៌ សច្ចៈធម៌ យុត្តិធម៌” ហើយដឹកនាំការងារគណបក្ស ផ្ទុយពីបទបញ្ជាផ្ទៃក្នុងគណបក្ស និងគោលការណ៍ប្រជាធិបតេយ្យ ដែលខ្លួនប្រកាស់ថា ជាគណបក្សប្រជាធិបតេយ្យធំជាងគេ” ។

លោកបន្តថា លោក សម រង្ស៊ី ដែលពេលនោះជាប្រធានគណបក្ស សម រង្ស៊ី បានហៅការចាកចេញជាក្រុមធំនេះ ថាជាសាច់ស្អុយត្រូវកាត់ចេញពីគណបក្ស ដោយឥតស្តាយស្រណោះអ្វីឡើយ។ ពេលគេព្រមនៅជាមួយខ្លួន ហៅគេថា ជាមនុស្សសំខាន់មានតម្លៃ។ តែពេលគេមិនពេញចិត្ត នឹងការដឹកនាំរបស់ខ្លួន ហើយដើរចេញ ហៅគេថា ជាសាច់ស្អុយដែលត្រូវកាត់ចោល។

លោកឲ្យដឹងទៀតថា បន្តមកគណបក្សប្រជាជនកម្ពុជា បានយល់ព្រមទទួលស្វាគមន៍យ៉ាងកក់ក្តៅ ដល់អ្នកដែលបានចាកចេញ ពីអតីតគណបក្សសម រង្ស៊ីនាពេលនោះ និងជាបន្តបន្ទាប់ ប្រកបដោយទឹកចិត្តទូលំទូលាយ មានគុណធម៌ខ្ពស់ និងបានទទួលស្គាល់ជាសមាជិក គណបក្សប្រជាជនកម្ពុជាទាំងអស់ស្មើៗគ្នា ដោយឥតរើសអើងថា អ្នកចាស់ ឬអ្នកថ្មីឡើយ។ ជាងនេះទៀតគណបក្សប្រជាជនកម្ពុជា បានផ្តល់សេចក្តីទុកចិត្ត ហើយប្រគល់ការងារជាច្រើន ជូនពួកគាត់ទាំងក្នុងក្របខណ្ឌ គណបក្ស និងក្របខណ្ឌរាជការ ទៅតាមចំណេះជំនាញរបស់ខ្លួន រហូតមកដល់បច្ចុប្បន្ន។

លោកកុយ គួង លើកឡើងថា “តើបុគ្គល សោ ចាន់ដេត មានចេតនាអាក្រក់ពុតត្បុតកំរិតណា ដែលបែរជាមកលាបពណ៌ ដល់អ្នកដែលត្រូវលោក សម រង្ស៊ី ហៅថា ជាសាច់ស្អុយចាំបាច់ត្រូវកាត់ចេញ ពីគណបក្ស តាំងពីឆ្នាំ២០០៨ហើយនោះ? តើបុគ្គល រូបនេះ យល់ឃើញថា ប្រធានរបស់ខ្លួន (សម រង្ស៊ី) អស់ផ្លូវលែងមានអ្នកគាំទ្រ ឬដើរតាមទៀតហើយឬ ទើបមកលាបពណ៌មនុស្ស ដែលដើរចេញតាំងពីឆ្នាំ២០០៨ ថានៅរក្សា “ឆន្ទះ សម រង្ស៊ី និយម” ទៀតនោះ? សូមផ្តាំទៅ បុគ្គល សោ ចាន់ដេត ថា បើឈប់បាន ឈប់ទៅ នូវគំនិតពុតត្បុតអាក្រក់ ឥតអៀនខ្មាស់បែបនេះ។ បងប្អូនទាំងអស់ដែលបានចាកចេញ ពីអតីតគណបក្សសម រង្ស៊ី តាំងពីដើមឆ្នាំ២០០៨ ស្ទើរតែភ្លេចឈ្មោះលោក និងសហការីរបស់លោកទៅហើយ” ៕

To Top