ព័ត៌មានជាតិ

ការផ្តល់សេវាស្តារនីតិសម្បទា ជូនជនរងគ្រោះ ឬជនពិការជាសមាជិក ប.ស.ស. ទាន់ពេលវេលា ជាការរួមចំណែកដ៏សំខាន់ ក្នុងការជួយសម្រួលនូវទុក្ខលំបាក

ភ្នំពេញ៖ ដើម្បីឆ្លើយតបក្នុងការផ្តល់សេវា ស្តារនីតិសម្បទាឲ្យទាន់ពេលវេលា ស្របទៅនឹងតម្រូវការជាក់ស្ដែង លោក ប៉ែន នរៈវុធ អគ្គនាយករង ប.ស.ស.  បានថ្លែងទៅកាន់ ថ្នាក់ដឹកនាំ មន្រ្តី និងបុគ្គលិកទាំងអស់ នៃនាយកដ្ឋានស្តារនីតិសម្បទា ត្រូវបន្ដតាមដាន និងប្រមូលព័ត៌មានពិការភាព គ្រោះថ្នាក់ ឬជំងឺផ្សេងៗ របស់សមាជិក ប.ស.ស. ឲ្យបានច្បាស់លាស់ ដើម្បីងាយស្រួលគ្រប់គ្រង និងសម្របសម្រួលផ្តល់សេវាស្តារនីតិសម្បទា ការជួសជុល ឬការផ្តល់នូវអវៈយវៈសិប្បនិម្មិត ឧបករណ៍ រណប ឬឧបករណ៍ជំនួយ ការអប់រំកាយសម្បទាឡើងវិញ ការព្យាបាលដោយចលនា និងការផ្តល់សេវាស្តារនីតិសម្បទា ផ្នែកវេជ្ជសាស្ត្រដទៃទៀត ឲ្យបានឆាប់រហ័សនិងទាន់ពេលវេលា ជាពិសេសត្រូវរៀបចំ កម្មវិធីបណ្តុះបណ្តាលដល់គ្រួសារសមាជិក ប.ស.ស. ឬអ្នកស្ម័គ្រចិត្ត អំពីវិធីការពារ និងថែទាំ ជនពិការនេះផ្ទាល់តែម្ដង។

ការថ្លែងឡើងបែបនេះ ក្នុងឱកាសដែល លោក អញ្ជើញជាអធីបតីភាព ក្នុងកិច្ចប្រជុំត្រួតពិនិត្យ ទៅលើលទ្ធផលការងារសម្រេចបានប្រចាំខែមករា ឆ្នាំ២០២២ និងលើកទិសដៅការងារអនុវត្តបន្ត និងដោះស្រាយបញ្ហាប្រឈមនានា របស់ការិយាល័យទាំង៣ នៃនាយកដ្ឋានស្តារនីតិសម្បទា ។

ជាមួយគ្នានេះ លោក ប៉ែន នរៈវុធ អគ្គនាយករង ប.ស.ស.  ក៏បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រី បុគ្គលិក នាយកដ្ឋានស្តារនីតិសម្បទាទាំងអស់  ដែលសម្រេចបានលទ្ធផលការងារ យ៉ាងល្អប្រសើកន្លងមកនេះ ជាពិសេសការផ្តល់សេវា ស្តារនីតិសម្បទាជូនជនរងគ្រោះ ឬជនពិការជាសមាជិក ប.ស.ស.  ការផ្តល់សេវាស្តារនីតិសម្បទា ផ្នែកវេជ្ជសាស្រ្ត សេវាបណ្តុះបណ្តាលវិជ្ជាជីវៈឡើងវិញ ព្រមទាំងការផ្តល់សេវាសង្គម ដែលនេះជាការរួមចំណែកដ៏សំខាន់ ក្នុងការជួយសម្រួល នូវទុក្ខលំបាក របស់បងប្អូនដែលជា សមាជិក ប.ស.ស.។

លោកអគ្គនាយករង ក៏បានបន្តជំរុញលើកទឹកចិត្ត ថ្នាក់ដឹកនាំ មន្រ្តី និងបុគ្គលិកទាំងអស់ ក្នុងនាមជាអ្នកបម្រើសេវា ត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌ល្អ និងខិតខំបន្ថែមទៀត ទៅលើការងារ ដែលសម្រេចបាន ធ្វើយ៉ាងណា ឲ្យការអនុវត្តការងារ កាន់តែមានប្រសិទ្ធភាព គុណភាព និងប្រកបដោយទំនួលខុសត្រូវខ្ពស់ផងដែរ។

សូមបញ្ជាក់ថាៈ កិច្ចប្រជុំខាងលើ ប្រព្រឹត្តទៅនាព្រឹកថ្ងៃព្រហស្បតិ៍ទី៣ ខែកុម្ភៈ ឆ្នាំ២០២២ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រី និងបុគ្គលិកទាំងអស់ នៃនាយកដ្ឋានស្តារនីតិសម្បទា សរុបប្រមាណជាង ២០រូប នៅសាលប្រជុំធំ ប.ស.ស. ស្នាក់ការកណ្ដាល រាជធានីភ្នំពេញ៕

To Top