ព័ត៌មានជាតិ

លោក ជុំ សន្ទរី៖ អាស៊ានមិនអញ្ជើញ រដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា ឲ្យចូលរួមកិច្ចប្រជុំចង្អៀត រដ្ឋមន្ត្រីការបរទេសអាស៊ាន

ភ្នំពេញ៖ ប្រទេសជាបណ្ដាសមាជិកអាស៊ាន បានឯកភាពគ្នា មិននអញ្ជើញរដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា ឲ្យចូលរួមកិច្ចប្រជុំចង្អៀត រដ្ឋមន្ត្រីការបរទេសអាស៊ាន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នាពេលខាងមុខនោះទេ ។ នេះបើតាមលោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសខ្មែរ បានបញ្ជាក់ប្រាប់មជ្ឈមណ្ឌលសារព័ត៌មាន ដើមអម្ពិលនៅរសៀលថ្ងៃទី៣ កុម្ភៈ។

លោកបន្តថា “ចំពោះមូលហេតុដែល ប្រទេសសមាជិកអាស៊ាន សម្រេចមិនអញ្ជើញ រដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា មកចូលរួមប្រជុំចង្អៀតនេះ គឺដោយសារមានវឌ្ឍភាពតិចតួច ក្នុងការអនុវត្តកិច្ចព្រមព្រៀង ៥ ចំណុចរបស់អាស៊ាន” ។

លោកថា ប៉ុន្តែទោះមិនអញ្ជើញ រដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ាក៏ដោយ ក៏ប៉ុន្តែសមាជិកអាស៊ាន បានស្នើឲ្យមីយ៉ាន់ម៉ាបញ្ជូន អ្នកតំណាងមិនជាប់ពាក់ព័ន្ធ នយោបាយមកជំនួសវិញ ។

លោក ជុំ សុន្ទរី សង្កត់ធ្ងន់ថា “ទន្ទឹមនឹងនេះ អាស៊ានបានលើកទឹកចិត្តមីយ៉ាន់ម៉ា ឲ្យជំនួសដោយអ្នកតំណាងដែល មិនជាប់ពាក់ព័ន្ធនយោបាយ ជាជាងទុកកៅអីឲ្យនៅទំនេរ។ វាអាស្រ័យលើមីយ៉ាន់ម៉ា ក្នុងការសម្រេចចិត្តថា អ្នកតំណាង ដែលមិនជាប់ពាក់ព័ន្ធនយោបាយ នោះជានរណា” ។

សូមរំលឹកថា កិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន (AMM Retreat) ដែលគ្រោងរៀបចំធ្វើនៅថ្ងៃទី១៨-១៩ ខែមករា ឆ្នាំ២០២២ កន្លងទៅ នៅខេត្តសៀមរាប ត្រូវបានលើកទៅធ្វើនាពេលក្រោយវិញ។ ការលើកពេលនេះ ដោយមូលហេតុថា មកពីរដ្ឋមន្ត្រីការបរទេសអាស៊ានជាច្រើនរូប មានការលំបាក ក្នុងការធ្វើដំណើរមកចូលរួមក្នុងកិច្ចប្រជុំ ។ ចំពោះកិច្ចប្រជុំចង្អៀត រដ្ឋមន្ត្រីការបរទេសអាស៊ាន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ គ្រោងធ្វើឡើងជាថ្មីម្ដងទៀត នៅថ្ងៃ១៦-១៧ កុម្ភៈខាងមុខនេះ ៕

To Top