ភ្នំពេញ៖ ក្នុងឱកាសជួបសំណេះសំណាល ការងារជាមួយលោក Takhashi Fumi aki ប្រធានសមាគមជប៉ុន-កម្ពុជា និងជាអតីតឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា នារសៀលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២២ នៅសាលារាជធានីភ្នំពេញ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានសំណូមពរ តាមរយៈសមាគមជប៉ុន-កម្ពុជា ឲ្យពិចារណាជួយឧបត្ថម្ភ នូវ រថយន្តពន្លត់អគ្គីភ័យបន្ថែម ដល់រាជធានីភ្នំពេញ ដោយសព្វថ្ងៃនេះ រាជធានីភ្នំពេញកំពុងតែមានអភិវឌ្ឍន៍ ខ្លាំងលើវិស័យសំណង់អគារខ្ពស់ៗ ។
ក្នុងជំនួបនេះ ភាគីទាំងពីរ បានពិភាក្សាការងារ នឹងផ្លាស់ប្ដូរបទពិសោធន៍ មួយចំនួន និងកៀរគរអ្នកវិនិយោគជប៉ុន មកវិនិយោគក្នុងរាជធានីភ្នំពេញ និយាយដោយឡែក និយាយជារួមសម្រាប់ ព្រះរាជាណាចក្រកម្ពុជា ។
ក្នុងនោះ លោកអភិបាល រាជធានីភ្នំពេញ បានសំណូមពរដល់លោកប្រធានសមាគម ជប៉ុន-កម្ពុជា មេត្តាពិចារណា ជួយឧបត្ថម្ភនូវ រថយន្តពន្លត់អគ្គីភ័យបន្ថែម ដល់រាជធានីភ្នំពេញ ដោយសព្វថ្ងៃនេះ រាជធានីភ្នំពេញ កំពុងតែមានការអភិវឌ្ឍន៍ខ្លាំង លើវិស័យសំណង់អគារខ្ពស់ៗ នេះជាហេតុដែលធ្វើឱ្យរាជធានីភ្នំពេញ មានតម្រូវការខ្លាំង ក្នុងការទប់ស្កាត់បង្ការ ដោយគ្រោះអគ្គីភ័យ ដែលកើតមានជាយថាហេតុ ។
លោក Takahashi Fumi Aki បានលើកឡើងពីការចាប់អារម្មណ៍ របស់សមាគមជប៉ុន-កម្ពុជា ដែលនឹងត្រៀមខ្លួនជួយដល់រាជធានីភ្នំពេញ ទៅតាមសំណើរបស់លោក ឃួង ស្រេង ក្នុងការរួមចំណែកអភិវឌ្ឍន៍ រាជធានីភ្នំពេញ។
លោកTakahashi Fumi aki បានគូសបញ្ជាក់ថា កាលពីឆ្នាំ២០១៩ អ្នកវិនិយោគជប៉ុន ប្រមាណ២០០ក្រុមហ៊ុន មកទស្សនកិច្ចនៅ រាជធានីភ្នំពេញ ហើយនៅខែមេសាក្រោយចូលឆ្នាំខ្មែរខាងមុខ សមាគមមានបំណង នាំអ្នកវិនិយោគជប៉ុន មកទស្សនកិច្ចនៅរាជធានីភ្នំពេញ ជាលើកទី២ និងរៀបចំឱ្យមានវេទិកាពិគ្រោះយោបល់ និងពិភាក្សាលើការវិនិយោគ នៅកម្ពុជាផងដែរ៕