ភ្នំពេញ៖ លោក សូរ វ៉ិចទ័រ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានជំរុញក្រុមហ៊ុនសាងសង់ផ្លូវជាតិលេខ៤៨ ត្រូវអនុវត្តតាមបទដ្ឋានបច្ចេកទេស ដើម្បីប្រើប្រាស់បានយូរអង្វែង និងបញ្ចប់គម្រោងតាមផែនការបានកំណត់។

ក្នុងកិច្ចប្រជុំពិភាក្សា ជំរុញវឌ្ឍនភាពការងារសាងសង់គម្រោង លើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ នាថ្ងៃទី៣ កុម្ភៈ លោក សូរ វ៉ិចទ័រ បានណែនាំក្រុមហ៊ុនសាងសង់ ទាញយកឱកាសក្នុងរដូវប្រាំឆ្នាំនេះ ដើម្បីពន្លឿនវឌ្ឍនភាពការងារ សាងសង់របស់ខ្លួន ដោយហេតុថា ស្ថានភាពភូមិសាស្ត្រ ផ្លូវជាតិលេខ៤៨នេះ មានលក្ខណៈខុសគ្នាពីស្ថានភាពភូមិសាស្ត្រ នៃផ្លូវផ្សេងទៀត។ កំណាត់ផ្លូវនេះជាផ្លូវឋិតនៅក្នុងភូមិសាស្ត្រ ជាប់មាត់សមុទ្រ សំបូរទៅដោយភ្លៀងធ្លាក់ជោគជាំ បង្កការលំបាកដល់ ការងារសាងសង់។
លោកបានថ្លែងថា «សូមជំរុញឲ្យក្រុមហ៊ុនសាងសង់កំណាត់ផ្លូវនេះ ត្រូវអនុវត្តតាមបទដ្ឋានបច្ចេកទេស និងសៀវភៅបន្ទុកឲ្យបានជាដាច់ខាត ជាពិសេសត្រូវអនុលោម តាមលក្ខខណ្ឌអាទិភាពចំនួន២ រួមមាន ៖ សំណង់ផ្លូវមានគុណភាពរឹងមាំ អាចប្រើប្រាស់បានយូរអង្វែង និងការបញ្ចប់គម្រោងតាមផែនការ ដែលបានកំណត់»។

បន្ថែមពីលើនេះ លោករដ្ឋលេខាធិការ និងក្រុមការងារបច្ចេកទេស របស់ក្រសួង បានកំណត់ឲ្យក្រុមហ៊ុន សាងសង់ពន្លឿនវឌ្ឍនភាព ការងាររបស់ខ្លួន ឲ្យបាន១៥% គិតត្រឹមចុងខែឧសភា ឆ្នាំ២០២២ខាងមុខ និង បានជំរុញឲ្យក្រុមហ៊ុនសាងសង់ ក្រុមហ៊ុនប្រឹក្សាបច្ចេកទេសសាងសង់ អ្នកម៉ៅការបន្ត កម្មករនិយោជិត និងភាគីពាក់ព័ន្ធទាំងអស់ សហការគ្នាឲ្យបានជិតស្និទ្ធ ដើម្បីសម្រេចបានវឌ្ឍនភាព ការងារដែលបាន កំណត់ខាងលើនេះ។
លោកក៏បានជំរុញក្រុមហ៊ុន ពិនិត្យលទ្ធភាពបន្ថែមគ្រឿងចក្រ និងកម្លាំងពលកម្មឲ្យបានច្រើនថែមទៀត ដើម្បីធានាឲ្យការសាងសង់បញ្ចប់ទៅ តាមកាលបរិច្ឆេទគ្រោងទុក ប្រកបដោយគុណភាពរឹងមាំ។
ជាការឆ្លើយតប តំណាងក្រុមហ៊ុនសាងសង់ បានប្តេជ្ញាអនុវត្ត និងទទួលយកការណែនាំពី លោករដ្ឋលេខាធិការ និងក្រុមការងារបច្ចេកទេស ដើម្បីឲ្យគម្រោងសាងសង់ផ្លូវទាំងនេះ មានគុណភាពរឹងមាំ និងប្រើប្រាស់ជាប់បានយូរអង្វែង ដោយសហការជាមួយថ្នាក់ដឹកនាំ ក្រសួងទទួលបន្ទុក ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។

សូមបញ្ជាក់ថា ផ្លូវជាតិលេខ៤៨ តភ្ជាប់ខេត្តព្រះសីហនុ ទៅកាន់ខេត្តកោះកុងប្រវែង ១៤៨គីឡូម៉ែត្រ។ គម្រោងនេះប្រើប្រាស់រយៈពេលសាងសង់ ចំនួន ៣២ខែ ហើយគ្រោងនឹងបញ្ចប់ នៅអំឡុងខែមិថុនា ឆ្នាំ២០២៤ សាងសង់ដោយសម្ព័ន្ធក្រុមហ៊ុនកូរ៉េ ILSUNG & HANIL Joint Venture និងត្រួតពិនិត្យ បច្ចេកទេសដោយសម្ព័ន្ធ ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស KCI & KECC Joint Venture គ្រោងចំណាយ ថវិកាសរុបប្រមាណ ៦៥.១៤លានដុល្លារអាមេរិក ក្រោមឥណទានសម្បទាន ពីរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ រួមជាមួយនឹងថវិកាបដិភាគ របស់រាជរដ្ឋាភិបាល សម្រាប់ការងារដោះស្រាយ ផលប៉ះពាល់ និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ផងដែរ៕
