ព័ត៌មានជាតិ

ជូ្រកពោន ជាប្រភេទសត្វកម្រ និងត្រូវបានចុះក្នុងបញ្ជីក្រហម IUCN ជាប្រភេទងាយរងគ្រោះថ្នាក់ជាសកល

ភ្នំពេញ៖ ក្រសួងបរិស្ថាន បានឲ្យដឹងតាមបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី៤ កុម្ភៈនេះថា ជូ្រកពោន ឬជ្រូកព្រុល ជាប្រភេទសត្វមានដោយកម្រ និងត្រូវបានចុះក្នុងបញ្ជីក្រហម IUCN (VU) ជាប្រភេទងាយរងគ្រោះថ្នាក់ជាសកល។

ក្រសួងបរិស្ថាន បន្តថាជ្រូកពោន ឬជ្រូកព្រុល (ឈ្មោះអង់គ្លេស៖ Hog Badger ឈ្មោះវិទ្យាសាស្រ្ត៖ Arctonyx collaris)។ ជ្រូកពោន ឬជ្រូកព្រុលនេះ ត្រូវបានថតរកឃើញកំពុងរស់នៅ តាមតំបន់ការពារធម្មជាតិកម្ពុជា។

ជ្រូកពោន ឬជ្រូកព្រុល មានប្រវែងក្បាល-ដងខ្លួនពី ៦៥០-១០៤០មីលីម៉ែត្រ និងមានទម្ងន់ពី៧-១៤គីឡូក្រាម កន្ទុយប្រវែង១២០-១៧០មីលីម៉ែត្រ និងជើងក្រោយ ១១៥-១៣៤មីលីម៉ែត្រ ។ វាជាសត្វមានមាឌធំ មានកន្ទុយខ្លី ជើងធំៗ និងមានក្រចកមាំកោងវែងពណ៌ស ច្រមុះរាងដូចច្រមុះជ្រូក។ សត្វប្រភេទនេះរស់នៅតាមរូង ឬក្រហែងថ្ម និងរកស៊ីនៅពេលយប់។ ចំណីអាហាររបស់វាមានដូចជាមើមរុក្ខជាតិ ឫសឈើ ជន្លេន សត្វល្អិត និងសត្វតូចៗ។

ជ្រូកពោន ឬជ្រូកព្រុល មានវត្តមាននៅតាមតំបន់ព្រៃស្ទើរ ទូទាំងប្រទេសកម្ពុជា ជាពិសេសនៅភាគនិរតី ឦសាន និងភាគខាងជើង ៕

To Top