ភ្នំពេញ៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពផ្គត់ផ្គង់ទឹក ក្នុងរដូវប្រាំង ឆ្នាំ២០២២ និងអំពាវនាវដល់អតិថិជនទាំងអស់ ទាំងក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ជួយសន្សំសំចៃទឹកស្អាត ខណៈការខ្វះទឹកនារដូវប្រាំង ឆ្នាំ២០២២នេះ ជាការខ្វះទឹកស្អាត ប្រើប្រាស់ចុងក្រោយ ។
តាមរយៈសេចក្ដី ជូនដំណឹងកាលពីថ្ងៃទី៣ កុម្ភៈ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានឲ្យដឹងថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា រដ្ឋាករទឹកស្វយ័ត ក្រុងភ្នំពេញ បានកែលម្អ និងសាងសង់រោងចក្រផលិតទឹកស្អាតថ្មី និងពង្រីកបណ្តាញចែកចាយថ្មី ជាបន្តបន្ទាប់ ដើម្បីសម្រេចបាននូវការ ផ្គត់ផ្គង់ទឹកស្អាត ជូនប្រជាពលរដ្ឋទូទាំងរាជធានីភ្នំពេញ និងទីក្រុងតាខ្មៅ ស្របតាមគោលដៅអភិវឌ្ឍប្រកបដោយចីរភាព ឆ្នាំ២០១៦-២០៣០ របស់រាជរដ្ឋាភិបាល។
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ គូសបញ្ជាក់ថា «ដោយពិនិត្យឃើញថា ការខ្វះទឹកនារដូវប្រាំងឆ្នាំ២០២២នេះ ជាការខ្វះទឹកស្អាតប្រើប្រាស់ចុងក្រោយ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ សូមអំពាវនាវដល់អតិថិជនទាំងអស់ ទាំងក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ មេត្តាជួយសន្សំសំចៃទឹកស្អាត ដើម្បីផ្តល់ក្តីករុណា និងចែករំលែកទឹកទៅដល់អតិថិជនផ្សេងទៀត ជាពិសេសអតិថិជនរស់នៅ ក្នុងតំបន់ជាយក្រុង» ។
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បន្ថែមថា ដើម្បីឆ្លើយតបទៅនឹង កំណើនតម្រូវការទឹកស្អាតនេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ កំពុងសាងសង់រោងចក្រ ផលិតទឹកស្អាតថ្មីមួយទៀត នៅបាក់ខែង ដែលអាចផលិតទឹកស្អាត បានបន្ថែមប្រមាណ ៤សែនម៉ែត្រគូប/ថ្ងៃ ចាប់ពីដើមឆ្នាំ២០២៣ តទៅបន្ថែម លើសមត្ថភាព ផលិតដែលមានស្រាប់ ៦សែនម៉ែត្រគូប/ថ្ងៃ។ សរុបមក ចាប់ពីឆ្នាំ២០២៣ តទៅ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានសមត្ថភាព អាចផលិតទឹកស្អាតបាន ១លានម៉ែត្រគូប/ថ្ងៃ ដើម្បីបិទបញ្ចប់បញ្ហា ខ្វះទឹកនៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ រយៈពេល៧ឆ្នាំ កន្លងមក(២០១៦-២០២៣) ៕