ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម នាំអំណោយសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ដល់ជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយអគ្គីភ័យ នៅស្រុកចំការលើ

កំពង់ចាម ៖ ប្រធានសាខាកាក បាទក្រហមខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា រួមដំណើរដោយមន្ត្រីពាក់ព័ន្ធ នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ ២០២២ នេះ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយក អំណោយមនុស្សធម៌ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ទៅផ្តល់ជូនពលរដ្ឋ និងអាជីវករ ១៣គ្រួសារ ដែលរងគ្រោះដោយអគ្គីភ័យ រស់នៅភូមិស្ពឺកើត ឃុំស្ពឺ ស្រុកចំការលើ។

ក្នុងឱកាសនោះ លោក អ៊ុន ចាន់ដា បានចូលរួមសម្តែងការសោកស្តាយជាពន់ពេក ជាមួយក្រុមគ្រួសារអាជីវកររងគ្រោះទាំងអស់ ចំពោះឧប្បត្តិហេតុ មិននឹកស្មានដល់នេះ និងបានពាំនាំនូវប្រសាសន៍ផ្តាំ ផ្ញើសួរសុខទុក្ខ ដោយក្តីអាណិតអាសូរបំផុត ពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចជាកាល សម្តេច តែងតែគិតគូរបារម្ភ អំពីសុខទុក្ខរបស់បង ប្អូនប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង រួមទាំង ជនរងគ្រោះ ជនងាយរងគ្រោះ ដោយមិនប្រកាន់វណ្ណៈ ជាតិសាសន៍ ឬនិន្នាការនយោបាយអ្វីឡើយ ហើយតែងបានចាត់តំណាង នាំយកជំនួយសង្រ្គោះបន្ទាន់ ជួយសម្រាលទុក្ខលំបាក ជូនជនរងគ្រោះ ទាន់ពេលវេលា តាមទិសស្លោក ” ទីណាមានទុក្ខលំបាក ទីនោះមាន កាកបាទក្រហមកម្ពុជា ” ។

លោកប្រធានគណៈកម្មាធិការសាខា បានយកឱកាសនោះអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋទាំងអស់ ត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ ពីគ្រោះអគ្គីភ័យ ដែលអាចកើតមានគ្រប់ពេល ប្រសិនបើ មានការធ្វេសប្រហែស ។ ដូចនេះពេលយើងមិននៅ ឬចាកចេញពីផ្ទះត្រូវបិទកុង តាក់ភ្លើងអគ្គិសនី ពន្លត់ភ្លើងចង្ក្រានហ្គាស ពន្លត់ទៀន ធូបជាមុនសិន ដើម្បីបង្ការក្រែង កើតមានមហន្តរាយផ្សេងៗ ម៉្យាងទៀតការសង់តូប លក់ដូរឡើងវិញ ត្រូវតភ្ជាប់ចរន្តអគ្គិសនី ដោយរៀបចំអោយបានត្រឹមត្រូវ តាមបទដ្ឋានបច្ចេកទេស និងធានាសុវត្ថិភាព។

សូមរំលឹកថា ហេតុការណ៍អគ្គីភ័យខាងលើនេះ បានកើតឡើងកាលពីម៉ោង ៩ និង២០ នាទីយប់ ថ្ងៃទី៣ ខែកុម្ភ: ឆ្នាំ២០២២ ដោយសារតែឆ្លងចរន្តអគ្គិសនី ផ្តើមពីបង្គោលភ្លើងតាមថ្នល់ បណ្តាលឱ្យឆេះរាលដាលដល់តូបលក់ដូរទូរស័ព្ទ គ្រឿងអគ្គិសនី តូបអ៊ុតសក់ ជាបន្តបន្ទាប់ ហើយបន្តរាលឆេះផ្ទះក្បឿង ទំហំ ១០ម×១៩ម ៣ខ្នងទៀត ជាប់នៅផ្សារស្ពឺ ខូចខាតអស់ទាំងស្រុង នេះបើតាមការបញ្ជាក់របស់អាជ្ញាធរ ស្រុកចំការលើ។

សូមបញ្ជាក់ថា អំណោយមនុស្សធម៌ ដែលផ្តល់ជូនប្រជាពលរដ្ឋទាំង ១២គ្រួសារ នាពេលនោះ ក្នុង១ គ្រួសារ ទទួលបាន៖
-អង្ករ ២៥ គក្រ, មីជាតិ ១កេស, ត្រីខ ១យួរ , ទឹកត្រី ១យួរ ,ទឹកស៊ីអ៊ីវ ១យួរ, ឃីត (មុង ភួយ សារុង ក្រម៉ា ) ១កញ្ចប់, តង់ ១, អាវយឺត ចំនួន៨ ។ ដោយឡែក ចំពោះថវិកាផ្តល់ជូនម្ចាស់ផ្ទះដែលខូចខាតទាំងស្រុង និងជាម្ចាស់តូបរងគ្រោះ ១គ្រួសារ ទឹកប្រាក់ចំនួន ២,០០០,០០០ រៀល ។ ផ្តល់ជូនម្ចាស់តូបរងគ្រោះ ១០គ្រួសារ ក្នុង ១គ្រួសារ ៥០០,០០០រៀល និងអាជីវកររងគ្រោះ ២គ្រួសារទៀត ដែលខូចខាត ៤០% ផ្តល់ជូន ១គ្រួសារ ៤០០,០០០ រៀលផងដែរ ៕

To Top