ព័ត៌មានជាតិ

រដ្ឋាករទឹក អំពាវនាវឲ្យអ្នករស់នៅភ្នំពេញ និងក្រុងតាខ្មៅ ប្រើទឹកសន្សំសំចៃ ខណៈរដូវប្រាំងឆ្នាំនេះ ខ្វះទឹកប្រើចុងក្រោយ

ភ្នំពេញ​ ៖ រដ្ឋាករទឹកស្វយ័ត ក្រុងភ្នំពេញ បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពផ្គត់ផ្គង់ទឹក ក្នុងរដូវប្រាំង ឆ្នាំ២០២២ និងអំពាវនាវ ដល់អតិថិជនទាំងអស់ ទាំងក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ជួយសន្សំសំចៃទឹកស្អាត ខណៈការខ្វះទឹកនារដូវប្រាំង ឆ្នាំ២០២២នេះ ជាការខ្វះទឹកស្អាត ប្រើប្រាស់ចុងក្រោយ ។

តាមរយៈសេចក្ដីជូនដំណឹង កាលពីថ្ងៃទី៣ កុម្ភៈ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានឲ្យដឹងថា ក្រោមការដឹកនាំ របស់រាជរដ្ឋាភិបាលកម្ពុជា រដ្ឋាករទឹកស្វយ័ត ក្រុងភ្នំពេញ បានកែលម្អ និងសាងសង់រោងចក្រផលិតទឹកស្អាតថ្មី និងពង្រីកបណ្តាញ ចែកចាយថ្មីជាបន្តបន្ទាប់ ដើម្បីសម្រេច បាននូវការផ្គត់ផ្គង់ទឹកស្អាត ជូនប្រជាពលរដ្ឋទូទាំងរាជធានីភ្នំពេញ និងទីក្រុងតាខ្មៅ ស្របតាមគោលដៅអភិវឌ្ឍប្រកបដោយចីរភាព ឆ្នាំ២០១៦-២០៣០ របស់រាជរដ្ឋាភិបាល ។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ គូសបញ្ជាក់ថា «ដោយពិនិត្យឃើញថា ការខ្វះទឹកនារដូវប្រាំងឆ្នាំ២០២២នេះ ជាការខ្វះទឹកស្អាតប្រើប្រាស់ចុងក្រោយ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ សូមអំពាវនាវដល់អតិថិជនទាំងអស់ ទាំងក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ មេត្តាជួយសន្សំសំចៃទឹកស្អាត ដើម្បីផ្តល់ក្តីករុណា និងចែករំលែកទឹកទៅដល់អតិថិជនផ្សេងទៀត ជាពិសេសអតិថិជនរស់នៅ ក្នុងតំបន់ជាយក្រុង» ។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បន្ថែមថា ដើម្បីឆ្លើយតបទៅនឹង កំណើនតម្រូវការទឹកស្អាតនេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ កំពុងសាងសង់រោងចក្រ ផលិតទឹកស្អាតថ្មីមួយទៀតនៅបាក់ខែង ដែលអាចផលិតទឹកស្អាត បានបន្ថែមប្រមាណ ៤សែនម៉ែត្រគូប/ថ្ងៃ ចាប់ពីដើមឆ្នាំ២០២៣ តទៅបន្ថែមលើសមត្ថភាព ផលិតដែលមានស្រាប់ ៦សែនម៉ែត្រគូប/ថ្ងៃ។ សរុបមក ចាប់ពីឆ្នាំ២០២៣ តទៅ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានសមត្ថភាពអាចផលិតទឹកស្អាតបាន ១លានម៉ែត្រគូប/ថ្ងៃ ដើម្បីបិទបញ្ចប់បញ្ហា ខ្វះទឹកនៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅរយៈពេល៧ឆ្នាំកន្លងមក(២០១៦-២០២៣) ៕

To Top