ព័ត៌មានជាតិ

ក្រសួងព័ត៌មាន ស្នើស្ថានីយទូរទស្សន៍ផ្សាយស្លាក សញ្ញា-និមិត្តសញ្ញា ស៊ីហ្គេម-អាស៊ាន ប៉ារ៉ាហ្គេម ២០២៣

ភ្នំពេញ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង ព័ត៌មាន និងជាអនុប្រធាន គណៈកម្មាធិការជាតិរៀបចំ ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ហៅកាត់ គ.ជ.ប.អ (CAMSOC) បានស្នើស្ថានីយទូរទស្សន៍ ត្រូវផ្សព្វផ្សាយស្លាកសញ្ញា-និមិត្តសញ្ញា ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅគ្រប់កម្មវិធីកីឡា ដើម្បីជំរុញការផ្សព្វផ្សាយ នៃដំណើរឆ្ពោះទៅទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម របស់កម្ពុជាកាន់តែ ទូលំទូលាយបន្ថែមទៀត។ យោងតាមការចេញផ្សាយ ក្រសួងព័ត៌មាន។

ក្នុងពិធីចុះហត្ថលេខា និងសន្និសីទសារព័ត៌មាន ស្តីពីការបើកការប្រកួតប្រដាល់ CBS គុនខ្មែរ រវាងក្រុមហ៊ុន CBS និងសហព័ន្ធកីឡាប្រដាល់គុនខ្មែរ កាលពីថ្ងៃទី៤ កុម្ភៈ លោក ខៀវ កាញារីទ្ធ បានគាំទ្រចំពោះការលើកឡើងរបស់ អគ្គនាយកកីឡា នៃក្រសួងអប់រំ យុវជន និងកីឡា អំពាវនាវឲ្យផ្សព្វផ្សាយបន្ថែមទៀត លើស្លាកសញ្ញា (Logo) និងនិមិត្តសញ្ញា (Mascot) ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។

លោកបញ្ជាក់ថា «សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានលើកឡើងថា នៅក្នុងកម្មវិធីកីឡារបស់ស្ថានីយទូរទស្សន៍ ភាគច្រើនមិនមានដាក់បង្ហាញ ផ្សព្វផ្សាយពីស្លាកសញ្ញា និងនិមិត្តសញ្ញាស៊ីហ្គេម ២០២៣ នោះទេ។ ដូច្នេះ សូមមេត្តារៀបចំលើបញ្ហានេះ ហើយនៅសប្តាហ៍ក្រោយ ក្រសួងព័ត៌មាន នឹងចេញលិខិតមួយណែនាំ ដល់គ្រប់ស្ថានីយទូរទស្សន៍នានា គឺគ្រប់កម្មវិធីកីឡាទាំងអស់ ត្រូវដាក់បង្ហាញផ្សព្វផ្សាយស្លាកសញ្ញា និមិត្តសញ្ញាស៊ីហ្គេម ២០២៣»។

សូមរំលឹកថា គណៈកម្មាធិការជាតិ CAMSOC ដឹកនាំដោយ សម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC តែងតែផ្តល់ការណែនាំឲ្យគ្រប់គណៈកម្មការជំនាញ-ស្ថាប័នពាក់ព័ន្ធ ជំរុញការផ្សព្វផ្សាយនូវស្លាកសញ្ញា (LOGO) និមិត្តសញ្ញា (Mascot) បាវចនា (Motto) «កីឡារស់ក្នុងសន្តិភាព» (SPORTS LIVE IN PEACE) រួមជាមួយនឹងយុទ្ធនាការផ្សព្វផ្សាយ កម្ពុជាស្អាត ប្រជាជនម្នាក់លេងកីឡាមួយមុខ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍-គ្រឿងញៀនជាដើម ដើម្បីបញ្រ្ជាបការផ្សព្វផ្សាយឲ្យ ការទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងការប្រកួតកីឡាជនពិការ អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ជាប្រវត្តិដំបូងរបស់ព្រះរាជាណាចក្រកម្ពុជា ទទួលបានជោគជ័យ៕

To Top