កំពង់ចាម ៖ សមិទ្ធផលថ្មី ជាផ្លូវបេតុងមួយខ្សែមានប្រវែង ២,១៥៨ម៉ែត្រ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការក្រោមអធិបតីភាព លោក ហ៊ុន ណេង អ្នកតំណាងរាស្ត្រ មណ្ឌលខេត្តកំពង់ចាម និងអភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នាព្រឹកថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ២០២២ ស្ថិតនៅភូមិដីលើ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ។
អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម លោក ហ៊ុន ណេង បានមានប្រសាសន៍សំណេះសំណាល ទៅកាន់ប្រជាពលរដ្ឋ ក្នុងឱកាសនោះថា បន្ទាប់ពីបាន ចុះពិនិត្យដោយផ្ទាល់មើលឃើញថា ប្រជាពលរដ្ឋក្នុង តំបន់មានការលំបាកក្នុងការធ្វើដំណើរ ជាពិសេសនៅរដូវភ្លៀងធ្លាក់ ។ ដូច្នោះហើយ ទើបលោកបានផ្ដួចផ្ដើម គំនិត ដោយមានការគាំទ្រ ពីអភិបាលខេត្ត និងមានការឧបត្ថម្ភជាថវិកា ពីសំណាក់លោក ឧកញ៉ា ហ៊ុន តូ ទើបដំណើរការសាងសង់ ផ្លូវបេតុង មួយខ្សែដែលមានទទឹងជាង៤ ម៉ែត្រ និងបណ្ដោយជាង ពីរពាន់ម៉ែត្រ ដោយចាប់សាងសង់ពីថ្ងៃទី ៧ខែមករា ឆ្នាំ២០២២ បានសម្រេចរួចរាល់ជាស្ថាពរនៅដើមខែគុម្ភ: នេះ ។
លោក ហ៊ុន ណេង បានមានប្រសាសន៍បន្តថា ដោយសារប្រទេសមាន សុខសន្តិភាព បានធ្វើឱ្យប្រជាពលរដ្ឋមានជីវភាពធូរធារ និងប្រទេសជាតិ មានការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមការដឹកនាំប្រកប ដោយគតិបណ្ឌិត របស់សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ។ ដូច្នេះប្រជាពលរដ្ឋ ក៏ដូចជាអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវបន្តថែរក្សាសុខសន្តិភាពឲ្យបានយូរអង្វែង ដោយនាំគ្នាអនុវត្តទៅតាមកម្មវិធីនយោបាយ យុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី ៤របស់រាជរដ្ឋាភិបាល ក្នុងនោះ ៖
ទី១ ៖ ត្រូវធ្វើឲ្យប្រទេសមានស្ថេរភាពនយោបាយ សន្តិសុខសណ្ដាប់ធ្នាប់ល្អ ពោលគឺអនុវត្តតាមគោលនយោបាយភូមិឃុំមានសុវត្ថិភាព ។
ទី២ ៖ ធ្វើឱ្យប្រសើរឡើងនូវជីវភាពរបស់ប្រជាពលរដ្ឋ ដោយក្នុងនោះផ្អែកទៅលើវិស័យកសិកម្ម សិប្បកម្ម ឧស្សាហកម្ម និងការទំនាក់ទំនងនាំអ្នកវិនិយោគិន មកវិនិយោគក្នុងស្រុក ដើម្បីបង្កើនការងារឱ្យប្រជាពលរដ្ឋក្នុងការរកចំណូលដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារឱ្យប្រសើរឡើង។
ទី៣ ៖ ការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ដែលប្រការនេះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បានធ្វើនិងកំពុងធ្វើជូនប្រជាពលរដ្ឋ កាន់តែប្រសើរឡើងហើយ ។
ទី៤ ៖ គឺគិតគូរអំពីបញ្ហាសុខភាពជូនប្រជាពលរដ្ឋ ដែលប្រការនេះដែរ សម្រាប់ស្រុកស្ទឹងត្រង់ ថ្នាក់ដឹកនាំបានរៀបចំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដល់មូលដ្ឋាន ក្នុងមួយខែម្ដង ហើយកិច្ចការនោះ បានផ្អាកនៅពេល ដែលមានជំងឺកូវីដ១៩ផ្ទុះឡើង នៅតាមសហគមន៍ ។ ហើយមន្ត្រីសុខាភិបាល ត្រូវបង្វែរទិសដៅក្នុងយុទ្ធនាការ ប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩ រហូតមកដល់បច្ចុប្បន្ននេះ ប្រទេសយើងបានធូរស្រាល ហើយប្រជាពលរដ្ឋ បានរស់នៅធម្មតាតាមកន្លងថ្មី គឺអនុវត្តទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ៣ កុំ និង ៣ការពារ ។
លោក ហ៊ុន ណេង បានបញ្ជាក់ថា បន្ទាប់ពីប្រទេសជាតិ បានធូរស្រាលពីជំងឺកូវីដ១៩នេះ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់លោក នឹងត្រូវបានរៀបចំឲ្យដំណើរការ ចុះព្យាបាលប្រជាពលរដ្ឋ តាមឃុំនីមួយៗឡើងវិញផងដែរ ៕