ព័ត៌មានជាតិ

រកឃើញសំបុក សត្វត្រដក់តូច ១៦សំបុក ក្នុងដែនជម្រក សត្វព្រៃកែវសីមា

ភ្នំពេញ ៖ ក្រសួងបរិស្ថាន បានឲ្យដឹងថា ក្រុមការងារស្រាវជ្រាវសត្វព្រៃ រកឃើញសំបុកសត្វត្រដក់តូច ចំនួន ១៦សំបុក នៅក្នុងដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគិរី ។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងបរិស្ថាន នាថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២២ បានបញ្ជាក់ថា សត្វត្រដក់តូច ជាភាសាអង់គ្លេសហៅថា Lesser Adjutant ត្រូវបានចុះក្នុងបញ្ជីក្រហម របស់អង្គការ សហភាពអន្តរជាតិដើម្បីការអភិរក្សធម្មជាតិ (IUCN) ជាប្រភេទ «ងាយរងគ្រោះ» នៅលើពិភពលោក ដោយសារការបរបាញ់ និងការបាត់បង់ទីជម្រក។

ក្រសួង បន្ដថា បច្ចុប្បន្ន សត្វស្លាបប្រភេទនេះ កំពុងមានវត្តមាននៅតាមតំបន់ការពារធម្មជាតិជាច្រើន រួមទាំងដែនជម្រកសត្វព្រៃកែវសីមាផងដែរ។ រដូវពងកូនរបស់វាចាប់ផ្តើមពី ពាក់កណ្តាលខែកញ្ញា រហូតដល់ពាក់កណ្តាលខែកុម្ភៈ។

ក្រសួង បន្ថែមថា សម្រាប់កិច្ចការអភិរក្ស ក្នុងដែលជម្រកសត្វព្រៃកែវសីមា មន្ទីរបរិស្ថាន សហការជាមួយក្រុម ការងារស្រាវជ្រាវ សត្វព្រៃនៃអង្គការសមាគម អភិរក្សសត្វព្រៃ (WCS) បានធ្វើការសិក្សាស្វែងរកសំបុក ពងកូនរបស់ប្រភេទសត្វកម្រក្នុងរដូវបន្តពូជ និងបានបង្កើតកម្មវិធីការពារ សំបុកសត្វ ដើម្បីការពារនិងអភិរក្សប្រភេទនេះ ឱ្យនៅគង់វង្ស។ នៅឆ្នាំ២០២១ និងឆ្នាំ២០២២នេះ ក្រុមការងារបានរកឃើញ សំបុកសត្វត្រដក់តូចចំនួន១៦សំបុក និងញាស់បានកូនចំនួន១៩ក្បាល។

ក្រសួង បានឲ្យដឹងទៀតថា សកម្មភាពការពារសំបុកពងកូននេះ ជាលទ្ធផលនៃកិច្ចសហការពីប្រជាសហគមន៍មូលដ្ឋានក្រោមការគាំទ្រពីគម្រោង CAMPAS និងគម្រោងរេដបូក កែវសីមា ដែលអនុវត្តដោយអង្គការ WCS សហការជាមួយមន្ទីរ និង នាយកដ្ឋានជីវៈចម្រុះក្រសួងបរិស្ថាន។

ជាងនេះទៅទៀត ក្រសួងបរិស្ថាន លើកឡើងថា «សូមប្រជាពលរដ្ឋគ្រប់រូបចូលរួមថែរក្សា ការពារព្រៃឈើ និង សត្វព្រៃកម្រជិតផុតពូជ ដោយការមិន បរិភោគសាច់សត្វព្រៃ មិនបរបាញ់ មិនដាក់អន្ទាក់ និងមិនដាក់ថ្នាំបំពុល ។ សូមចូលរួមការពារ និងអភិរក្សសត្វព្រៃទាំងអស់គ្នា»៕

To Top