ព័ត៌មានជាតិ

ក្រុមចោរស្លៀកលីអូ៣នាក់ ប្រដាប់ដោយអាវុធ ចូលប្លន់ទាំងក្បាល ព្រលប់យក អស់មាស៥ជី និងប្រាក់ ២០០ដុល្លារ នៅស្រុកស្វាយជ្រំ

ស្វាយរៀង ៖ មានចោរមួយក្រុម មានគ្នា០៣នាក់ ប្រដាប់ដោយកាំភ្លើងវែង បានធ្វើសកម្មភាព ចូលប្លន់ផ្ទះប្រជាពលរដ្ឋ ទាំងក្បាលព្រលប់ យកបានខ្សែដៃមាស ១ខ្សែទម្ងន់៥ជី និងលុយប្រមាណ ២០០ដុល្លារ។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា ករណីក្រុមចោរធ្វើសកម្មភាពប្លន់នេះ បានកើតឡើងកាលពីវេលាម៉ោង០៦និង៣០នាទីល្ងាចថ្ងៃទី០៤ខែកុម្ភៈឆ្នាំ២០២២ ម្សិលមិញនេះ នៅចំណុចភូមិឫស្សីជួរខាងជើង ឃុំក្រាលគោ ស្រុកស្វាយជ្រុំខេត្តស្វាយរៀង ។

បើតាមសមត្ថកិច្ចបានឱ្យដឹងទៀតថា ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះចែត ភន អាយុ ៤០ឆ្នាំ និងប្រពន្ធឈ្មោះ អ៊ុន ធីតា អាយុ ៣០ឆ្នាំរស់នៅភូមិ-ឃុំ កើតហេតុខាងលើ ។

ប្រភពបានបញ្ជាក់ថា មុនពេលកើតហេតុ ក្រុមគ្រួសារជនរងគ្រោះនៅអង្គុយខាងក្រោមផ្ទះ ស្រាប់តែ មានក្រុមចោរ១ក្រុមមានគ្នា០៣នាក់ស្លៀកពាក់ខោលីអូ បិទមុខ ប្រដាប់ដោយអាវុធ វែងគ្រប់ដៃ ចូលមកភ្ជង់បុរសជា ប្តី ហើយសម្លុតគម្រាម ឲ្យយកមាសប្រាក់ឲ្យពួកគេ ។ ដោយមានការភ័យខ្លាចប្រពន្ធ ជនរងគ្រោះបានទៅយក កាបូបយួដៃ ដែល ដាក់ខ្សែដៃមាស១ខ្សែ ទម្ងន់៥ជី និងប្រាក់ដុល្លារ ចំនួន២០០ដុល្លារឲ្យទៅក្រុមចោរ ហើយនៅក្នុងកាបូបយួដៃ នោះមាន អត្តសញ្ញាណបណ្ណ័ សញ្ជាតិខ្មែរ និង បណ្ណ័ចាក់វ៉ាក់សាំងការពារកូវីដ-១៩ ផងដែរ ។ បន្ទាប់យកបានមាស ប្រាក់ភ្លាមក្រុម ចោរបាននាំគ្នាគេចខ្លួនបាត់ស្រមោលឈឹង ។

សមត្ថកិច្ចបន្តថា បន្ទាប់ពីកើតហេតុ ជនរងគ្រោះបានទូរស័ព្ទទៅក្រុមការងារប្រចាំបញ្ជា ១១៧ នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ ដើម្បីសុំការអន្តរាគមន៍ ។ បន្ទាប់ពីទទួលបានព័ត៌មាន លោកអនុសេនីយ៍ឯក ស្រ៊ី ស៊ីថន ក្រុមការងារប្រចាំបញ្ជា ១១៧ បានបញ្ជូនព័ត៌មានទៅលោកប៊ូ សារ៉េន ស្នងការរង នៃស្នងការដ្ឋាន នគរបាលខេត្តស្វាយរៀង ដើម្បីចុះអន្តរាគមន៍បន្ទាន់ ។

សមត្ថកិច្ចបានបន្តទៀតថា បន្ទាប់ពីទទួលបានព័ត៌មាន លោកស្នងការរង ខេត្តស្វាយរៀង បានដឹកនាំសមត្ថកិច្ចជំនាញ ចុះទៅកន្លែងកើតហេតុ ដើម្បីពិនិត្យស្រាវជ្រាវ ឃើញថា ជនសង្ស័យមួយក្រុមប្រដាប់ដោយអាវុធវែង ២ដើម មិនស្គាល់ម៉ាក និងគល់ឫស្សី ១កង់ ប្រវែងប្រហែល ៨០ស.ម បានធ្វើសកម្មភាពភ្ជង់គំរាមម្ចាស់ផ្ទះយកមាស អស់ ០៥ជី លុយ ២០០ដុល្លារ និងទូរសព្ទមួយគ្រឿង ។ បច្ចុប្បន្ន សមត្ថកិច្ចជំនាញ កំពុងស្រាវជ្រាវរកចាប់ខ្លួន ក្រុមចោរខាងលើ ដើម្បីយកផ្តន្ទាទោសតាមច្បាប់ ។

To Top