ភ្នំពេញ ៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល សមាជិក គណៈកម្មាធិការ កណ្តាល គណបក្សប្រជាជនកម្ពុជា និង ជាប្រធានក្រុមការងារ ថ្នាក់ជាតិ របស់រាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកកោះធំ បានអញ្ជើញសម្ពោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវអគារព្យាបាលជំងឺទូទៅ នៃមណ្ឌលសុខភាពពោធិ៍រាម្មា ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្តាល ។

នាឱកាសនោះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងអំណរគុណយ៉ាងជ្រាល ជ្រៅ ដល់សប្បុរសជនក្រៅប្រទេស ដែលបានចូលរួមវិភាគទាន ជាមួយក្រុមការងារ របស់គណបក្សប្រជាជនកម្ពុជា ដើម្បីស្ដារ ជួសជុល សាងសង់មណ្ឌលសុខភាព ពោធីរាម្មាឡើងវិញ។

ជាមួយគ្នានោះផងដែរ លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីការគិតគូរអំពីសុខភាព និងសុខមាលភាព របស់ប្រជាពលរដ្ឋ តាមការណែនាំ និងផ្ដល់អនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលសម្ដេចតែងតែណែនាំ ឱ្យក្រុមការងារ ជួយមើលថែទាំសុខភាព និងសុខមាលភាពរបស់ប្រជាពលរដ្ឋចុះ ឱ្យកៀកប្រជាពលរដ្ឋ ផ្ដល់សេវាសាធារណ:សេវាចាំបាច់ ជូនបងប្អូនប្រជាពលរដ្ឋ ធ្វើឱ្យបានលឿន តម្លាភាពធ្វើឱ្យមានប្រសិទ្ធភាព ។
លោកក៏បានជម្រាបជូនផងដែរអំពីគម្រោងបន្តស្តារ និងជួសជុលមណ្ឌលសុខភាពនៅស្រុកកោះធំបន្ថែមទៀត ជាពិសេសមណ្ឌលសុខភាពដែលនៅឆ្ងាយៗ ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋអាចស្វែងរកនិងទទួលបានកន្លែងព្យាបាលនិងថែទាំអ្នកជំងឺប្រកបដោយជម្រើសសម្បូរបែប។

លោក បានគូសបញ្ជាក់ពីសារសំខាន់ នៃកត្តាសុខសន្តិភាព ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានផ្ដល់ឱកាស ឱ្យយើងបានកសាង ប្រទេសជាតិមាតុភូមិ របស់យើងដល់សព្វថ្ងៃនេះ មានឱកាសជួបជុំគ្នា ដើម្បីសម្ពោធដាក់ឱ្យប្រើប្រាស់ អគារមណ្ឌលសុខភាពពោធិ៍រាម្មា កសាងផ្លូវជាតិលេខ២១ ស្ពានឆ្លងទន្លេបាសាក់នៅស្រុកកោះធំ និង សមិទ្ធផលសំខាន់ៗជាច្រើនទៀតផងដែរ។

សូមជម្រាបជូនថា គម្រោងស្ដារ ជួសជុល សាងសង់មណ្ឌលសុខភាពនេះ បានចំណាយថវិកា សរុបប្រមាណ ១៦៥ ០០០ ដុល្លារសហរដ្ឋអាមេរិក ក្នុងនោះថវិការបស់ក្រុមការងារគណបក្សប្រជាជនកម្ពុជាមានចំនួន ១២៥ ០០០ ដុល្លារអាមេរិក និងថវិកាសប្បុរសជនក្រៅប្រទេសចំនួន ៤០០ ០០០ដុល្លាអាមេរិក៕
