នយោបាយ

លោក ចូ បៃដិន បញ្ជាក់ពីការរង់ចាំស្វាគមន៍ សម្តេចតេជោ ហ៊ុន សែន ទៅចូលរួមកិច្ចប្រជុំអាស៊ាន-អាមេរិក នៅវ៉ាស៊ីនតោន

ភ្នំុពេញ៖ លោក ចូ បៃដិន (Jo Biden) ប្រធានាធិបតីអាមេរិក នាថ្មីៗនេះ បានផ្ញើលិខិតជូនសម្តេច ដោយបញ្ជាក់អំពីការ ទន្ទឹងរង់ចាំស្វាគមន៍សម្តេច ទៅចូលរួមកិច្ចប្រជុំពិសេស អាស៊ាន-អាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតោន។

ក្នុងសារលិខិតរបស់ លោក ចូ បៃដិន បានបញ្ជាក់ប្រាប់ សម្តេចតេជោ ថា «ខ្ញុំសង្ឃឹមថា សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានប្រកបដោយសុខភាពល្អ នៅពេលទទួលបានលិខិតនេះ។ រដ្ឋបាលរបស់ខ្ញុំ ទន្ទឹងរង់ចាំធ្វើការជាមួយកម្ពុជា ក្នុងនាមជាប្រធានអាស៊ាន សម្រាប់ឆ្នាំ២០២២។ ក្រោមភាពជាប្រធានអាស៊ានរបស់កម្ពុជា សហរដ្ឋអាមេរិក សង្ឃឹមថា ទំនាក់ទំនង អាស៊ាន-សហរដ្ឋអាមេរិក នឹងកាន់តែរីកចម្រើន និងបន្តឆ្ពោះទៅសម្រេចគោលដៅរួមរបស់យើងនៅក្នុងតំបន់»។

លោកបន្ដថា អាមេរិក គាំទ្រមជ្ឈភាពអាស៊ាន ហើយគាំទ្រឥតងាករេ ចំពោះនិម្មាបនកម្មតំបន់ ដែលមានអាស៊ានជាស្នូល និងដែលជាបេះដូងនៃតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ លោក រំពឹងថា សម្តេចតេជោ នាយករដ្ឋមន្ត្រី បានជ្រាបរួចហើយតាមរយៈ ឥណ្ឌូនេស៊ី ដែលជាប្រទេសសម្របសម្រួលទំនាក់ទំនង អាស៊ាន-សហរដ្ឋអាមេរិក ក្នុងការពាំនាំការតាំងចិត្តរបស់ លោក អញ្ជើញថ្នាក់ដឹកនាំអាស៊ាន ចូលរួមកិច្ចប្រជុំកំពូលពិសេស ជាមួយលោក នៅរដ្ឋធានីវ៉ាស៊ីនតោន នៅប៉ុន្មានខែខាងមុខនេះទៀត៕

To Top