ភ្នំពេញ ៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង សាធារណការ និងដឹកជញ្ជូន បានថ្លែងថា ដើម្បីអនុវត្តគោលនយោបាយ អភិវឌ្ឍន៍វិស័យឧស្សាហកម្ម ឆ្នាំ២០១៥-២០២៥ និងប្រែក្លាយកម្ពុជា ជាប្រទេសមានចំណូល ខ្ពស់បាន ត្រូវធ្វើការងារអាទិភាព ចំនួន៤។

ការងារទិភាព ចំនួន៤ រួមមាន ៖ ទី១-ត្រូវបញ្ចុះតម្លៃអគ្គិសនី ឲ្យនៅកម្រិតទាប ,ទី២-ត្រូវមានធនធានមនុស្សល្អ ,ទី៣-ត្រូវបញ្ចុះតម្លៃភស្តុភាកម្ម និងដឹកជញ្ជូន ,ទី៤-រៀបចំខេត្តព្រះសីហនុ ទាំងមូលឲ្យក្លាយជាតំបន់ សេដ្ឋកិច្ចពិសេស ដើម្បីទាក់ទាញ វិនិយោគឲ្យមកបណ្ដាក់ទុន បង្កើតការងារ ធ្វើជូនប្រជាពលរដ្ឋ ។
ក្នុងកម្មវិធីតម្រង់ទិសជំនាញសិក្សា និងការងារសម្រាប់សិស្ស-និស្សិត ប្រមាណ៥០០នាក់ រៀបចំដោយ វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន នាថ្ងៃទី៦ ខែកម្ភៈ ឆ្នាំ២០២២ នៅទីស្ដីការក្រសួង លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសបញ្ជាក់ពីគោលដៅ នៃការអភិវឌ្ឍ ធនធានមនុស្ស ឲ្យមានការរីកចម្រើន និង ប្រកបដោយភាពសម្បូរបែប ដើម្បីប្រែក្លាយពីប្រទេស ដែលមានចំណូលមធ្យមកម្រិតទាប ទៅជាប្រទេស ដែលមានចំណូល មធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី។

លោក បញ្ជាក់ថា «ដើម្បីយើងអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មឆ្នាំ២០១៥-២០២៥ និងប្រែក្លាយជាប្រទេសដែលមានចំណូលខ្ពស់បាន យើងត្រូវ ធ្វើការងារ អាទិភាពចំនួនបួនឱ្យបានគឺ ,ទី១-ត្រូវបញ្ចុះតម្លៃអគ្គិសនី ឲ្យនៅកម្រិតទាប ,ទី២-ត្រូវមានធនធាន មនុស្សល្អ ,ទី៣-ត្រូវបញ្ចុះតម្លៃ ភស្តុភាកម្ម និងដឹកជញ្ជូន ,ទី៤-រៀបចំ ខេត្តព្រះសីហនុ ទាំងមូលឲ្យក្លាយជាតំបន់ សេដ្ឋកិច្ចពិសេស ដើម្បីទាក់ទាញវិនិយោគ ឲ្យមកបណ្ដាក់ទុនបង្កើត ការងារធ្វើជូនបងប្អូនប្រជាពលរដ្ឋយើង»។
នាឱកាសនោះ លោកទេសរដ្ឋមន្ត្រី បានផ្តល់ដំបូន្មានដល់ សិស្ស-និស្សិត ថា និស្សិត ត្រូវធ្វើខ្លួនជាមនុស្សល្អក្នុងសង្គម និងខិតខំរៀនសូត្រ ឲ្យកាន់តែខ្លាំងបន្ថែមទៀត និងបានលើកពាក្យស្លោកមួយ ចំនួនឲ្យសិស្ស-និស្សិត បានយកទៅអនុវត្ត ដើម្បីប្រែក្លាយជីវិតរបស់ខ្លួនឲ្យមានអនាគតល្អ ក្នុងនោះ មានពាក្យស្លោកមួយឃ្លាថា «បើអ្នកមិនដឹងថាទៅផ្លូវណា ផ្លូវណាក៏នាំអ្នកទៅទីនោះដែរ» និងបណ្តាពាក្យស្លោកជាច្រើនមួយចំនួនទៀតផងដែរ។

សូមបញ្ជាក់ថា វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន បានដាក់ចេញចក្ខុវិស័យ ឆ្ពោះទៅកាន់គ្រឹះស្ថានឧត្តមសិក្សាសាធារណៈឈានមុខគេ ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស លើវិស័យសាធារណការ និងដឹកជញ្ជូន ប្រកបដោយគុណភាព ការច្នៃប្រឌិត និងសីលធម៌វិជ្ជាជីវៈ និងមានបេសកកម្ម បណ្តុះបណ្តាលធនធានមនុស្ស និងស្រាវជ្រាវលើវិស័យសំណង់ស្ពាន ថ្នល់ ប្រព័ន្ធចម្រោះទឹកកខ្វក់ ផ្លូវដែក កំពង់ផែ និងវិស័យដឹកជញ្ជូនផ្លូវគោក ផ្លូវទឹក ផ្លូវសមុទ្រ និងភស្តុភារកម្ម ប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់ដែលមានការទទួលស្គាល់ពីថ្នាក់ជាតិ តំបន់ និងអន្តរជាតិ៕
