ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធ ដាក់ឱ្យប្រើប្រាស់ កំណាត់ផ្លូវជាតិលេខ៧ ក្នុងខេត្តក្រចេះ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង លោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជានៅព្រឹកថ្ងៃចន្ទទី៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីសម្ពោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កំណាត់ផ្លូវជាតិលេខ៧ ពីចំណុចរង្វង់មូលខ្លាស្ទុះ ក្រុងក្រចេះ ទៅភូមិរមាត ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ ប្រវែងប្រមាណ ៩៣.៥៦គីឡូម៉ែត្រ ដែលសាងសង់ក្រោមជំនួយឥតសំណង របស់រដ្ឋាភិបាលចិន ក្នុងទឹកប្រាក់ប្រមាណជាង ៣៣លានដុល្លារអាមេរិក ។

យោងតាមគេហទំព័រហ្វេសប៊ុក របស់សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថា កំណាត់ផ្លូវជាតិលេខ៧នេះ ប្រភេទផ្លូវក្រាលកៅស៊ូ ពីរស្រទាប់ (DBST) កាលពីអំឡុងឆ្នាំ២០០៤ ដល់ ២០០៧ហើយកំណាត់ផ្លូវនេះត្រូវបានសាងសង់ លើកកម្រិតគុណភាពឡើងវិញ ដោយក្រាលបេតុងកៅស៊ូ(AC) ដោយផ្អែកលើការសិក្សាជាថ្មី ទាក់ទងនឹងការកើនឡើង នៃចំនួនចរាចរណ៍ រួមផ្សំជាមួយនឹងកំណើន សេដ្ឋកិច្ចជាតិ សកម្មភាពពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ជាដើម ។

កំណាត់ផ្លូវជាតិលេខ៧ គឺជាខ្សែផ្លូវដ៏មានសក្ដានុពលមួយ តភ្ជាប់ពីរាជធានីភ្នំពេញ ឆ្លងកាត់ខេត្តសំខាន់ៗ ដូចជា៖ ខេត្តកំពង់ចាម ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង និងឆ្ពោះទៅតំបន់ប៉ូលសេដ្ឋកិច្ចទី៤ របស់កម្ពុជា ស្ថិតនៅភូមិភាគឦសាននៃប្រទេស ដែលបម្រើឱ្យចរាចរណ៍សម្រាប់ សកម្មភាពផ្លាស់ប្តូរសេដ្ឋកិច្ច ពាណិជ្ជកម្ម និង ទេសចរណ៍នៅក្នុងប្រទេស៕

To Top