ព័ត៌មានជាតិ

សម្តេចតេជោ៖ ៧ខែ ក្រុមហ៊ុន រុករកមាសនៅមណ្ឌលគិរី បានចំនួន១៧៥១គីឡូ (Video)

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានបញ្ជាក់ថា គ្រាន់តែរយៈពេលប្រមាណ ៧ខែកន្លងមកនេះ ក្រុមហ៊ុនអូស្ត្រាលីបានរុករកមាស នៅខេត្តមណ្ឌលគិរី បានចំនួន១៧៥១គីឡូក្រាម។

ក្នុងសម្ពោធដាក់ឲ្យប្រើប្រាស់ កំណាត់ផ្លូវជាតិលេខ៧ នៅចំណុចរង្វង់មូលខ្លាស្ទុះ ក្រុងក្រចេះ ទៅភូមិរមាត ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ ប្រវែង៩៣.៥៦គីឡូម៉ែត្រ សាងសង់ក្រោមជំនួយឥតសំណងរបស់ចិន ក្នុងទឹកប្រាក់ជាង ៣៣លានដុល្លារ នាថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២ សម្តេចតេជោបានមានប្រសាសន៍ថា «គ្រាន់តែក្នុងរយៈពេល៧ខែ យើងផលិតមាសបាន ១៧៥១គីឡូ ហើយថ្ងៃនេះ យើងក៏ផលិតបានទៀតដែលជាទូទៅ យើងផលិតបានពី ៨០គីឡូ ទៅ១០០គីឡូ»។

សម្តេចបានអះអាងថា “ការផលិតមាសនៅកម្ពុជា បានផលិតកាន់តែច្រើនទៅៗ ដោយសារប៉ូលសេដ្ឋកិច្ចនៅទិសឦសាន្ត គឺកសិឧស្សាហកម្ម និងធនធានរ៉ែរបស់យើង«…» យើងនៅមិនទាន់ស្រាវជ្រាវអស់ទេ ដូចជារ៉ែបុកស៊ីត រ៉ែធ្យូថ្ម និងមានកន្លែងផលិតមាសដទៃទៀត ដែលមិនទាន់បានប្រើប្រាស់នោះទេ” ។

សម្តេចនាយករដ្ឋមន្រ្តីលើកឡើងទៀតថា មាសដែលផលិតបាននេះមិនទាន់ ក្លាយជាមាសទឹកដប់នោះទេ ដោយត្រូវដឹកយកទៅផលិតឲ្យ ក្លាយជាមាសទឹកដប់នៅអូស្ត្រាលី។ ជាមួយគ្នានោះដែរ សម្តេចក៏បានលើកឡើងថា មាសដែលផលិតបានខ្លះនោះ មួយដុំមានទម្ងន់២០គីឡូ ជាង៣០គីឡូ និងខ្លះទៀតជាង១០គីឡូ ។

សូមរំលឹកថា កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ រាជរដ្ឋាភិបាលកម្ពុជាដែល មានក្រសួងរ៉ែនិងថាមពល ជាសេនាធិការ បានប្រារព្ធពិធីបើកដំណើរការ ចម្រាញ់មាសលើកដំបូងរបស់ក្រុមហ៊ុន Renaissance Minerals (Cambodia) Limited នៅតំបន់អូរខ្វាវ ខេត្តមណ្ឌលគិរី។ រដ្ឋមន្ត្រីក្រសួងរ៉ែ បានអះអាងថា ពេលដំណើរការការដ្ឋានអាជីវកម្ម និងរោងចក្រចម្រាញ់រ៉ែមាស មានសមត្ថភាពជីកយករ៉ែឆៅប្រមាណជិត ២លានតោនក្នុង១ឆ្នាំ និងចម្រាញ់ចេញជាដុំមាសកម្រិត ៩០ភាគរយ ។ មាសនេះ នឹងស្រូបទាញកម្លាំងពលកម្មសរុបប្រមាណ ៤៦២នាក់ ក្នុងនោះជនជាតិខ្មែរប្រមាណ ៤២៧ នាក់ និងបរទេស៣៥នាក់ ហើយអាចទាញចំណូលប្រមាណ ១៨៥លានដុល្លារក្នុង១ឆ្នាំ ដែលក្នុងនោះចំណូល ថវិកាជាតិពីសួយសារ និងសារពើពន្ធផ្ទាល់មានប្រមាណ ៤០លានដុល្លារ ៕

To Top