ព័ត៌មានជាតិ

សម្តេចតេជោ៖ មានអ្នកខ្លះថា អាមេរិកលុបចោលការ ប្រជុំពិសេសអាស៊ាន-អាមេរិក ព្រោះមិនពេញចិត្តសម្តេច ជាប្រធានអាស៊ាន

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានមានប្រសាសន៍ថា ខណៈលោក ចូ បៃដិន (Jo Biden) បានផ្ញើសារមកកាន់សម្តេចថ្មីៗនេះ តែបែរជាមានអ្នកខ្លះបានលើកឡើងថា សហរដ្ឋអាមេរិកបាន លុបចោលការប្រជុំពិសេស អាស៊ាន-អាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតោន នៅអំឡុងខែមីនា ឆ្នាំនេះ ដោយសារមិនពេញចិត្ត សម្តេចជាប្រធានអាស៊ាន ។

កាលពីថ្ងៃ១៤ មករា លោក ចូ បៃដិន (Jo Biden) ប្រធានាធិបតីអាមេរិក បានផ្ញើលិខិតជូនសម្តេចតេជោ ដោយបញ្ជាក់អំពីការទន្ទឹងរង់ចាំ ស្វាគមន៍សម្តេច ទៅចូលរួមកិច្ចប្រជុំពិសេស អាស៊ាន-អាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតោន ហើយនៅថ្ងៃ១កុម្ភៈ ក៏បានផ្ញើលិខិតថ្លែងអំណរគុណ ទៅលោកបៃដិនវិញដែរ។

ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧ នាថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២ សម្ដេចតេជោ បានថ្លែងថា សម្តេចបានទទួលលិខិតពីប្រធានាធិបតីអាមេរិក លោកចូ បៃដិន ចូលរួមកិច្ចប្រជុំកំពូល អាស៊ាន-អាមេរិក យូរថ្ងៃមកហើយ តែសម្តេចមិនទម្លាយ ដោយរង់ចាំប្រតិកម្មរបស់ក្រុមប្រឆាំង ហើយលទ្ធផលរបស់ក្រុមប្រឆាំងក៏ចេញមកមែន ដោយនិយាយបំផ្លើសថា អាមេរិកលុបចោលកិច្ចប្រជុំ ។

សម្ដេចតេជោ មានប្រសាសន៍ថា «អ្នកខ្លះនិយាយថា អាមេរិកលុបចោលការប្រជុំរវាង អាស៊ាន និងអាមេរិក ដោយសារការមិនពេញចិត្តរបស់អាមេរិកចំពោះប្រធានអាស៊ាន។ យើងទទួលសំបុត្រតាំងពីថ្ងៃទី១៤ មករា (លិខិតអញ្ជើញសម្ដេច) យើងទុកឲ្យពួកអាហ្នឹង (អ្នកវិភាគប្រឆាំង នៅអាមេរិក) ធ្វើអីវា ហើយយើងលាក់លិខិតហ្នឹងឲ្យជិត ហើយម្សិលមិញផ្សាយលិខិតហ្នឹង” ។

សម្តេចតេជោបន្តទៀតថា ប៉ុន្តែក្រោយមក បន្ទាប់ពីឃើញលិខិតរបស់លោកបៃឌិនហើយ “ពួកអាអស់ហ្នឹងក៏ចាប់ផ្ដើមនិយាយថា ឲ្យតែលោក ហ៊ុន សែន ហ៊ានទៅអាមេរិក គឺច្បាស់ជានឹងចូលក្នុងដៃរបស់អាមេរិក»៕

To Top