ព័ត៌មានជាតិ

សម្ដេចតេជោ នឹងជួបសិស្សនិទ្ទេស A នៅចុងខែកុម្ភៈ ខណៈអាជ្ញាធរគ្រប់ខេត្ត ត្រូវចេញថ្លៃស្នាក់នៅទាំងអស់

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានប្រកាសថា សម្ដេចនឹងជួបសំណេះសំណាល ជាមួយសិស្សានុសិស្ស ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) និទ្ទេសA ចំនួន១ ៧៥៣នាក់ នាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ ខាងមុខ នៅរាជធានីភ្នំពេញ។

ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧ នៅចំណុចរង្វង់មូលខ្លាស្ទុះ ក្រុងក្រចេះ ទៅភូមិរមាត ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ ប្រវែងប្រមាណ ៩៣.៥៦គីឡូម៉ែត្រ នាព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា សិស្សានុសិស្សប្រឡងជាប់បាក់ឌុប បាននិទ្ទេសA នាពេលកន្លងទៅជិត ២ពាន់នាក់ បូកទាំង មាតា-បិតា សិស្សទៀត មានច្រើនណាស់ ក្នុងការជួបសំណេះសំណល់ជាមួយពួកគាត់ នៅរាជធានីភ្នំពេញ ទោះបីមានអូមីក្រុង ក៏ដោយ ប៉ុន្ដែត្រូវអនុវត្តវិធានការ សុខាភិបាលជាប់ជានិច្ច។

សម្ដេចតេជោបន្ដថា ក្នុងដំណាក់កាលរៀនតាមអនឡាញ និងកូវីដ-១៩ ប៉ុន្ដែសិស្សប្រឡងជាប់បាក់ឌុបបាននិទ្ទេសA រហូតដល់ជិត១៨០០នាក់ ខណៈលើកមុន មានត្រឹមតែជាង ៤០០នាក់ប៉ុណ្ណោះ។

សម្ដេចតេជោ មានប្រសាសន៍ថា «ខ្ញុំ ប្រកាសថា នឹងទទួលសិស្សនិទ្ទេសA នៅឯទីក្រុងភ្នំពេញ ហើយប្រគល់ឲ្យអាជ្ញាធរខេត្តទាំងអស់ ត្រូវទទួលខុសត្រូវ កូនសិស្ស បូកជាមួយ ឪពុក-ម្ដាយ ទៅទីក្រុងភ្នំពេញ ត្រូវចេញថ្លៃសណ្ឋាគារ និងផ្សេងៗទៀត ដោយខ្លួនឯងទៅ»។

សូមរំលឹកថា ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង ២៧ ធ្នូ ២០២១ បេក្ខជនប្រឡងជាប់ ចំនួន ៧២ ០១៦ នាក់ ត្រូវជា ៦៥.៦៥% (បើប្រៀបធៀបនឹងឆ្នាំ២០១៩ ចំនួន ៦៨.៦២%) ក្នុងនោះ បេក្ខជនទទួលបាននិទ្ទេសA ចំនួន១ ៧៥៣ នាក់, និទ្ទេសB ចំនួន ៥ ២១៥ នាក់, និទ្ទេសC ចំនួន ១១ ៦៣៤ នាក់, និទ្ទេសD ចំនួន ២៣ ៤៩៩ នាក់, និងនិទ្ទេសE ចំនួន ២៩ ៩១៥ នាក់៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top