ព័ត៌មានជាតិ

រដ្ឋបុរសសន្តិភាពសម្ដេចតេជោ ប្ដូរផ្ដាច់រៀបចំបុណ្យចូលឆ្នាំខ្មែរ ឲ្យបាននៅឆ្នាំនេះ ក្រោយខាន២ឆ្នាំ (Video)

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសប្ដូរផ្ដាច់ ប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរឲ្យបាននៅឆ្នាំនេះ ព្រោះខកខានចូលឆ្នាំរាំលេងសប្បាយ ២ឆ្នាំមកហើយ ដោយសារតែបញ្ហាកូវីដ១៩មកលុកលុយ ។

ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ កំណាត់ផ្លូវជាតិលេខ៧ នៅខេត្តក្រចេះ នាថ្ងៃទី៧ ខែកុម្ភៈនេះ សម្តេចតេជោ បានមានប្រសាសន៍យ៉ាងដូច្នេះថា «ទី១ យើងត្រូវនាំចូលបន្ត ទាំងជំនួយឥតសំណង ទាំងការទិញ ។ ទី២ ត្រូវបង្កើតរោងចក្រផលិតវ៉ាក់សាំង នៅក្នុងប្រទេសរបស់យើង ។ ចឹងសូមអំពាវនាវប្រជាពលរដ្ឋ របស់យើងប្រឹងប្រែង ដើម្បីធ្វើយ៉ាងម៉េចកុំឲ្យដើរថយក្រោយ ខានចូលឆ្នាំ២ឆ្នាំហើយ ឥឡូវឆ្នាំនេះគឺប្ដូរផ្ដាច់ចូលឆ្នាំ នាំគ្នារាំលេងសប្បាយទៅ តែរាំឲ្យឃ្លាតពីគ្នាបន្តិច កុំពពាក់ពពូនគ្នា» ។

សម្ដេចតេជោ បានរំលឹកដល់ប្រជាពលរដ្ឋ មិនត្រូវភ្លេចខ្លួនជាមួយការរក្សាការពារ ដោយអនុវត្តនូវវិធានការ ៣កុំ ៣ការពារ ជាពិសេសបន្តជំរុញយុទ្ធនាការ ចាក់វ៉ាក់សាំងដូសជំរុញ ក៏ដូចជាចាក់ដូសមូលដ្ឋាន ជូនប្រជាពលរដ្ឋ ដើម្បីឲ្យមានភាពស៊ាំក្នុងសហគមន៍ ។ សម្ដេចបានចរចាទិញវ៉ាក់សាំង sinovac ៥លានដូសពីមិត្តចិន ប៉ុន្តែឯកអគ្គរដ្ឋចិន បានប្រាប់សម្ដេចវិញថា មិនចាំបាច់បញ្ជាទិញនោះទេ គឺចិននឹងផ្ដល់ឲ្យ ។

សម្ដេចបន្តថា ដោយសារយុទ្ធនាការចាក់ដូសទី៣ ប៉ុន្មានថ្ងៃនេះចំនួនវ៉ាក់សាំងនៅក្នុងឃ្លាំង បានចុះមកនៅត្រឹម ៨,៨លានដូស ដូច្នេះត្រូវបំពេញនៅក្នុងឆមាសទី១នេះ ទាំង៨លានដូស ដែលកម្ពុជាបញ្ជាទិញ ៣លានដូស និងមិត្តចិនផ្ដល់ឲ្យ ៥លានដូស ។

សម្ដេចតេជោបន្ថែមថា មានអ្នកខ្លះបានលើកយោបល់ មកសម្ដេចថា ពលរដ្ឋចាក់ដូសមូលដ្ឋានហើយ ពេលចាក់ដូសទី៣ គួរតែយកប្រាក់ ។ ប៉ុន្តែសម្ដេចថា សម្រាប់ប្រជាពលរដ្ឋកម្ពុជា គឺចាក់ឲ្យដោយមិនយកប្រាក់ឡើយ ហើយបើសិនជាយកមក ក៏កម្ពុជាមិនក្លាយទៅជាអ្នកមានដែរ ។

សម្ដេចតេជោនាយករដ្ឋមន្ត្រីបញ្ជាក់ថា «ខ្ញុំមិនធ្វើជានាយទាហាន ដែលឲ្យទាហានចូលប្រយុទ្ធ ដោយគ្មានអាវុធ និងគ្រាប់នោះទេ ខ្ញុំត្រូវឲ្យពេទ្យរបស់យើងទាំងអស់ មានមធ្យោបាយគ្រប់គ្រាន់ក្នុងដៃ ដើម្បីការចាក់វ៉ាក់សាំងក្ដី ឬថ្នាំការពារខ្លួនក្ដី គឺទិញយកមកដាក់រក្សាទុក ។ នេះជាការធានាមួយ ដែលឥឡូវនេះគេទទួលស្គាល់ ពីការខិតខំប្រឹងប្រែងរបស់យើង» ។

ជាមួយគ្នានោះសម្ដេចក៏បានអរគុណ ចំពោះមិត្តចិនដែលជាបង្អែកយុទ្ធសាស្ត្រ ក្នុងការផ្គត់ផ្គង់វ៉ាក់សាំង សម្រាប់ប្រជាជនកម្ពុជា ។ សម្ដេចក៏បានអរគុណ ដល់ប្រភពគាំទ្រទាំងឡាយ ដែលបានផ្ដល់វ៉ាក់សាំងមកដល់កម្ពុជា មានជប៉ុន សហរដ្ឋអាមេរិក អង់គ្លេស ហូឡង់ ប៉ូឡូញ អូស្ត្រាលី តែប្រភពដែលយើងនៅត្រូវការបន្ត គឺប្រភពដែលយកពីចិន ។

សម្ដេចតេជោ ក៏បានសុំឲ្យភាគីពាក់ព័ន្ធ ខិតខំរួមគ្នាជំរុញ ដើម្បីបង្កើតមូលដ្ឋានផលិតវ៉ាក់សាំង នៅកម្ពុជា ដែលបាននិយាយគ្នារួចហើយ ។ សម្ដេចថា ធ្វើរឿងនេះបាននៅកម្ពុជា បានសេចក្ដីថា យើងមានរបស់ក្នុងដៃ ពិតមែនតែយើងបញ្ជាទិញ ពីរោងចក្រផលិតនៅកម្ពុជា គឺមិនពិបាកក្នុងការដឹកជញ្ជូនពីចំងាយ ៕

To Top