នយោបាយ

នាយករដ្ឋមន្រ្តីកម្ពុជា ៖ ខ្ញុំរង់ចាំមើលការ ដោះស្រាយបញ្ហា មីយ៉ាន់ម៉ា របស់អ្នកក្រោយ

ភ្នំពេញ ៖ ក្នុងនាមជាប្រធានអាស៊ាន សម្រាប់ឆ្នាំ២០២២នេះ ដែលបញ្ហាចម្បងធំ របស់អាស៊ាន គឺបញ្ហាមីយ៉ាន់ម៉ា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា ខណៈជិតចប់ជាប្រធានអាស៊ាន សម្តេចរង់ចាំមើលវិធីសាស្រ្តទន់ ឬរឹងរបស់ប្រធាន អាស៊ានអាណត្តិក្រោយ លើការដោះស្រាយបញ្ហា នៅមីយ៉ាន់ម៉ា ឬភូមា ខណៈស្ថានការណ៍នយោបាយ នៅមីយ៉ាន់ម៉ា នៅតែមិនទាន់ធូរស្រាល ។ នៅឆ្នាំ២០២៣ខាងមុខនេះ ប្រទេសឥណ្ឌូនេស៊ី នឹងក្លាយទៅជាប្រធានអាស៊ានប្តូរវេន បន្តពីកម្ពុជា ។

ក្នុងឱកាសអញ្ជើញ សម្ពោធផ្លូវជាតិមួយខែ្ស នៅក្រចេះ នាថ្ងៃ៧ កុម្ភៈនេះ សម្តេចតេជោ បានបន្តលើកឡើង ក្នុងនាមជាប្រធានអាស៊ាន ដែលមានភារកិច្ចធំលើការដោះស្រាយ បញ្ហាមីយ៉ាន់ម៉ា។ ដោយសម្តេចមានប្រសាសន៍ថា “ប៉ុន្តែខ្ញុំក៏រង់ចាំមើលដែរ រវាងវិធីសាស្រ្តទន់ និងវិធីសាស្រ្តរឹង ខ្ញុំក៏រង់ចាំមើលដែរ ខ្ញុំនៅសល់អាណត្តិ របស់ខ្ញុំត្រឹមតែជាង១១ខែតើ ហីអត់ដល់១១ខែផង ជិតចប់ហើយតើ ។ ចឹងអ្នកក្រោយដោះស្រាយទៅ ខ្ញុំមិនទៅឈឺក្បាលអីណាពេក ។ ធ្វើប្រធានអាស៊ានមួយឆ្នាំ ឲ្យខ្ញុំទៅដោះស្រាយបញ្ហាមីយ៉ាន់ម៉ាចេញ ឥឡូវបន្តដោះទៅ” ។

បញ្ហារបស់អាស៊ាន ដែលនៅតែជាបញ្ហាចោទនោះ សម្តេចតេជោ ក៏បានរំលឹក ដល់ពលរដ្ឋមីយ៉ាន់ម៉ាប៉ុន្មាន ខែមុនដែលចូលមកជេរ សម្តេចតាមរយៈខំមិនក្នុងពេលសម្តេចឡាយផ្ទាល់ ។ សម្តេចនាយករដ្ឋមន្ដ្រី ក៏ប្រាប់ពលរដ្ឋមីយ៉ាន់ម៉ាម្តងទៀតថា កម្ពុជាគ្មានផលប្រយោជន៍អ្វី ក្រៅពីខិតខំប្រឹងប្រែងដោះស្រាយវិបត្តិមីយ៉ាន់ម៉ា ដើម្បីជៀសផុសពីភ្លើងសង្គ្រាម ។

សម្ដេចតេជោបន្ដថា ការរកសន្ដិភាព និងការពារសន្ដិភាព សម្រាប់កម្ពុជា គ្រប់គ្រាន់ និងពិបាកណាស់ទៅហើយ ហើយបើប្រជាជនមីយ៉ាន់ម៉ា ចង់វាយប្រហារគ្នា សូមអញ្ជើញ វាយចុះ ខណៈវិធីសាស្ដ្ររបស់ សម្ដេច គឺពន្លត់ភ្លើងនៃសង្គ្រាមសិន ទើបដំណើរការប្រជាធិបតេយ្យ ទៅតាមក្រោយទៀត ។

ប៉ុន្តែទោះបីជាយ៉ាងណា សម្តេច ក៏បានលើកសរសើរ ចំពោះលោក មីន អោងឡាំង មេដឹកនាំយោធាភូមា ដែលសម្រេច ដោះលែងសាស្ត្រាចារ្យ ជនជាតិអូស្ត្រាលី ដែលជាទីប្រឹក្សាផ្ទាល់ របស់លោកស្រី អោង សានស៊ូជី ។ ការដោះលែងនេះ ត្រូវបានសម្តេចអះអាងថា បន្ទាប់ពីសម្តេចបានស្នើលោកមីន អោងឡាំងដោះលែង ។

សូមរំលឹកថា ដោយសារតែមានបញ្ហាកើតឡើង ជាបន្តបន្ទាប់ នៅក្នុងចំណោមបណ្តាប្រទេសជាសមា ជិកអាស៊ាន កម្ពុជាក្នុងនាមជាប្រធានអាស៊ាន បានលើកពេលកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន (AMM Retreat) ដែលគ្រោងរៀបចំធ្វើនៅថ្ងៃទី១៨-១៩ ខែមករា ឆ្នាំ២០២២ កន្លងទៅ នៅខេត្តសៀមរាបម្តងហើយ ។ ប៉ុន្តែក្រោយមានការសម្របសម្រួលគ្នា រវាងប្រទេសជាបណ្ដាសមាជិកអាស៊ាន បានឯកភាពគ្នា បើកិច្ចប្រជុំចង្អៀត រដ្ឋមន្ត្រីការបរទេសអាស៊ាន ម្តងទៀតនៅថ្ងៃ១៦-១៧កុម្ភៈ នាពេលខាងមុខ ដោយសម្រេចថា មិននអញ្ជើញរដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា ឲ្យចូលរួមនោះទេ ៕

To Top