ភ្នំពេញ ៖ លោក Wang Wentian ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា បានថ្លែងថា រដ្ឋាភិបាលចិន រីករាយជាខ្លាំងដែលបានក្លាយជា អ្នករួមដំណើរលើវិថី នៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម របស់កម្ពុជា ព្រមទាំងជាមិត្តជិតស្និទ្ធ បងប្អូនដែកថែប ជាមួយកម្ពុជាទៀតផង ។
ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវគម្រោងជួសជុលផ្លូវជាតិលេខ៧ នាថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២ លោក Wang Wentian បានឲ្យដឹងថា ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ មានដំណឹងល្អៗជាច្រើន ស្តីពីកិច្ចសហប្រតិបត្តិការរវាង ចិន-កម្ពុជា លើវិស័យកសាងហេដ្ឋារចនាសម្ព័ន្ធ ត្រូវបានបន្លឺឡើងជាបន្តបន្ទាប់។
លោកបញ្ជាក់ថា «ខ្ញុំពិតជាមានមហាកិត្តិយស ដែលបានចូលរួមកម្មវិធីជាច្រើនជាមួយ សម្ដេចតេជោ មានដូចជា ៖ ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវស្ពានមិត្តភាព កម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ, ពិធីបើការដ្ឋានសាងសង់ផ្លូវជាតិលេខ71C និងពិធីដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវពហុកីឡដ្ឋានជាតិមរតកតេជោ»។
លោក បានឲ្យដឹងទៀតថា នៅខែក្រោយ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ និងមន្ទីរពេទ្យមិត្តភាព កម្ពុជា-ចិន ត្បូងឃ្មុំ នឹងប្រគល់ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ។ លោកថា ប៉ុន្មានខែទៀត ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ ដែលវិនិយោគដោយក្រុមហ៊ុនចិន នឹងត្រូវបញ្ចប់ដាក់ប្រើប្រាស់ពេលនោះ កម្ពុជានឹងមានផ្លូវល្បឿនលឿនដំបូងគេ នៅក្នុងប្រទេស។
លោកទូត បានបន្ថែមទៀតថា «កម្ពុជាមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស រីឯចំណងមិត្តភាព រវាងប្រជាជនទាំងពីរ ប្រទេសកាន់តែជិតស្និត។ ភាគីចិន រីករាយជាខ្លាំង ដែលបានក្លាយជាអ្នកគាំទ្រ និងជាអ្នករួមដំណើរលើវិថី នៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម របស់កម្ពុជា និងជាមិត្តជិតស្និទ្ធបងប្អូនដែកថែប ជាមួយកម្ពុជា ដែលស្គាល់គ្នាទៅវិញទៅមក»៕