ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម ណែនាំដល់កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការឲ្យយកចិត្តទុកដាក់ ស្វែងយល់ពីសៀវភៅផែនការជាតិប្រឆាំងភេរវកម្ម

កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានណែនាំដល់កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការ ឲ្យយកចិត្តទុកដាក់ ស្វែងយល់ពីសៀវភៅផែនការជាតិ ប្រឆាំងភេរវកម្ម ដែលក្រុមការងារ នៃលេខាធិការដ្ឋាន គណៈកម្មាធិការជាតិប្រឆាំង នឹងភេរវកម្ម រៀបចំធ្វើបទបង្ហាញ នៅព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ ២០២២នេះ ក្នុងគោលបំណង ផ្តល់ចំណេះដឹងថ្មីបន្ថែមទៀត ជូនដល់កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការថ្នាក់ក្រោមជាតិ។

លោកអភិបាលខេត្តបានបញ្ជាក់ថា សៀវភៅផែនការជាតិប្រឆាំងភេរវកម្ម ជាសមិទ្ធផលថ្មីមួយទៀត របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកប ដោយគតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា ជាស្ថាបនិកនយោបាយ «ឈ្នះ-ឈ្នះ» និងជាស្ថាបនិក «សន្តិភាពរបស់កម្ពុជា»។សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានខិតខំពុះពារគ្រប់ឧបសគ្គ យកអាយុជីវិតធ្វើជាដើមទុន ប្តូរយកមកវិញនូវសុខសន្តិភាពជូនប្រជាជាតិ ប្រឆាំងដាច់ខាតនូវការជ្រៀតចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ពីសំណាក់បរទេស។

លោកអភិបាល ខេត្តបានមានប្រសាសន៍បន្តថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងឈ្លាសវៃបំផុត របស់សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យប្រទេសជាតិយើង ទទួលបាននូវសុខសន្តិភាពយ៉ាងពេញលេញ មានស្ថេរភាពនយោបាយ និងមានការអភិវឌ្ឍន៍រីកចំរើនលើគ្រប់វិស័យ ។ ទន្ទឹមនឹងនោះ ខេត្តកំពង់ចាម បាននឹងកំពុងមានការរីកចម្រើន និងប្រែប្រួលមុខ មាត់ជាបន្តបន្ទាប់ទាំងផ្នែកសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សេដ្ឋកិច្ច សង្គមកិច្ច បរិស្ថាន និងសមិទ្ធផលរូបវ័ន្តជាច្រើន ពិសេសជីវភាពរស់នៅ របស់ប្រជាពលរដ្ឋកាន់ តែបានលើកកម្ពស់ជាបណ្តើរៗ តាមរយៈការទទួលបាននូវសមិទ្ធផលនានា ពីរាជរដ្ឋាភិបាលកម្ពុជា ដៃគូរអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល វិស័យឯកជន សប្បុរសជននានា ដូចជាផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ ប្រព័ន្ធធារាសាស្ត្រ អគ្គិសនី ទឹកស្អាត។ល។

ទន្ទឹមនិងការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា នឹងការចូលរួមយ៉ាងសកម្មពីអាជ្ញាធរ មូលដ្ឋានកងកម្លាំងប្រដាប់អាវុធ និងបងប្អូនប្រជាពលរដ្ឋ ក្នុងការអនុវត្តន៍នូវគោលនយោបាយឃុំ សង្កាត់ មានសុវត្ថិភាព យើងនៅមានសកម្មភាព និងឥទ្ធិពលនៃកម្លាំងអមិត្តបរទេស ដែលតែងតែប៉ុនប៉ង ជ្រៀតចូលក្នុងកិច្ចការងារផ្ទៃក្នុង របស់កម្ពុជា តាមគ្រប់រូបភាព ហើយសកម្មភាពទាំងនោះ បានបម្រើផលប្រយោជន៍របស់បរទេស ឬក្រុមអង្គការ ចាត់តាំងណាមួយ ដែលអាចបម្រើ ឱ្យសកម្មភាពដោយផ្ទាល់ ឬដោយ ប្រយោលដល់ក្រុមភាវរកម្មអន្តរជាតិ។

ជាមួយគ្នានោះដែរ លោកអភិបាលខេត្ត បានលើកទឹកចិត្ត ឱ្យសិក្ខាកាម បញ្ជ្រាបការយល់ដឹង អំពីសៀវភៅផែនការប្រឆាំងភេវរកម្មនាពេលនេះ ដោយយកចិត្តទុកដាក់ស្តាប់បទបង្ហាញ ដែលឧទ្ទេសនាម ដោយលោកបណ្ឌិត ឈួន ចាន់ថន អនុប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិ ប្រឆាំងនឹងភេរវកម្ម ដើម្បីទទួលបានចំណេះដឹងថ្មីបន្ថែម យកទៅធ្វើការផ្សព្វផ្សាយបន្ត ជូនដល់មន្ត្រីក្រោមឱវាទបន្តទៀត៕

To Top