ព័ត៌មានជាតិ

គណៈកម្មការជំនាញ រដ្ឋសភា និងក្រសួងទេសចរណ៍ ពិភាក្សាពីផែនការស្តារ និង លើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្តិ ជំងឺកូវីដ ១៩

ភ្នំពេញ ៖ គណៈកម្មការជំនាញរដ្ឋសភា និងក្រសួងទេសចរណ៍ បានពិភាក្សាលើផែនទីចង្អុលផ្លូវ ស្តីពីផែនការស្តារ និង លើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវីដ ១៩ ។

លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និង ទេសចរណ៍នៃរដ្ឋសភានៅព្រឹកថ្ងៃទី៨កុម្ភៈនេះ បានដឹកនាំប្រតិភូគណៈកម្មការទី៧ និងតំណាងគណៈកម្មការពាក់ព័ន្ធ ជួបប្រជុំ ជាមួយ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងសហការី ដើម្បីពិនិត្យវឌ្ឍនភាព ការងារលើការអនុវត្ត «ផែនទីចង្អុលផ្លូវស្តីពីការស្ដារ និងលើកស្ទួយវិស័យទេសចរណ៍នៅកម្ពុជាក្នុង និងក្រោយ វិបត្តិជំងឺកូវីដ-១៩» អនុលោមតាមមាត្រា៩៧ នៃរដ្ឋធម្មនុញ្ញ និងប្រការ ៣៤ ថ្មីនៃបទបញ្ជាផ្ទៃក្នុងរដ្ឋសភា។

កិច្ច ប្រជុំនៅថ្ងៃនេះ ត្រូវបានរៀបចំឡើងដោយផ្អែកលើស្ថានភាពជាក់ស្ដែងនៃការឆ្លើយតបនឹងបញ្ហាប្រឈមនានា ដែលបង្កដោយវិបត្តិជំងឺកូវីដ១៩ ដែលរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញជាដំណោះស្រាយជាបន្តបន្ទាប់ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ឈានឆ្ពោះទៅការកាត់បន្ថយផលប៉ះពាល់លើគ្រប់វិស័យជាជំហានៗ តាមអាទិភាព ពីមួយដំណាក់កាល ទៅមួយដំណាក់កាល ជាពិសេសក្នុងវិស័យទេសចរណ៍។

ជាកិច្ចចាប់ផ្តើម គណៈកម្មការទី៧ បានធ្វើការ វាយតម្លៃខ្ពស់ចំពោះកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាល កម្ពុជា ដែលឈានទៅដល់ការសម្រេចអនុញ្ញាត ឱ្យកម្ពុជាបើកដំណើរការប្រទេសឡើងវិញលើគ្រប់វិស័យ កាល ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ និងបើកទទួលស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិ ដែលបានចាក់វ៉ាក់សាំងដូស មូលដ្ឋានពេញលេញ ដោយមិនតម្រូវឱ្យធ្វើចត្តាឡីស័ក កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ ការវិវត្តចុង ក្រោយនេះ បានជំរុញឲ្យមានការងើបឡើងវិញយ៉ាងផុសផុល គួរឱ្យកត់សម្គាល់នូវចរន្តវិស័យទេសចរណ៍ក្នុង ស្រុក ក៏ដូចជាការហូរចូលជាបន្តបន្ទាប់នូវចរន្តភ្ញៀវ ទេសចរបរទេស ។

ទន្ទឹមនឹងភាពជោគជ័យខាងលើ គណៈកម្មការទី៧ ក៏បានកត់សម្គាល់ផងដែរ ចំពោះសមិទ្ធផល និង វឌ្ឍនភាពជាច្រើននៅក្នុងវិស័យ ទេសចរណ៍នាពេលកន្លង មក ក្រោមការដឹក នាំរបស់ លោករដ្ឋមន្តីជាពិសេស ចំពោះការខិតខំប្រឹងប្រែងឥតឈប់ ឈរ របស់ក្រសួង ទេសចរណ៍ក្នុងរៀបចំឯកសារគោលសំខាន់ដើម្បី ឆ្លើយតបទៅនឹងស្ថានភាពទេសចរណ៍ក្នុងបរិបទកូវីដ១៩ ក្នុងនោះរួមមាន៖ (១)ផែនទីចង្អុលផ្លូវ (Roadmap) ស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវីដ ១៩, (២) ផែនការមេ អភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ (៣) ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្ត មណ្ឌលគិរី ឆ្នាំ២០២១-២០៣៥, (៤) ផែនការយុទ្ធសាស្ត្រ ស្តីពី ការបើកទទួលទេសចរណ៍វ៉ាក់សាំង, និង (៥) វិធានការគោលនយោបាយជំរុញចលនាទេសចរណ៍ផ្ទៃក្នុង ឆ្នាំ២០២១-២០២៣។
លោកបាន លើកឡើងថា៖ «ផែនទីចង្អុលផ្លូវនេះ គឺជាឯកសារគោលដ៏មានសារៈសំខាន់ក្នុងការធានាបាននូវការដំណើរការ អាជីវកម្មទេសចរណ៍ តាមគន្លងប្រក្រតីភាពថ្មី ហើយការរៀបចំឯកសារផែនទីចង្អុលផ្លូវស្តីពីផែនការស្តារ និង លើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវីដ ១៩ ពិតជាមានលក្ខណៈលម្អិត និងគ្រប់ជ្រុង ជ្រោយ»។

អង្គប្រជុំក៏បានស្វែងយល់ពីបញ្ហាប្រឈមជាក់ស្តែងមួយចំនួន ដែលក្រសួងបាន និងកំពុងជួបប្រទះ ហើយគណៈកម្មការទី៧ នៃរដ្ឋសភា រួមជាមួយគណៈកម្មការជំនាញទាំងអស់របស់រដ្ឋសភា បានផ្តល់ជាធាតុ ចូល និងអនុសាសន៍សំខាន់ៗ ជូនដល់ក្រសួងទេសចរណ៍រួមមាន៖ (១) ការបន្តពង្រឹងកិច្ចសហការឱ្យកាន់តែ ជិតស្និតជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលមូលដ្ឋាន ក្នុងការបន្តជំរុញតាមដាន ត្រួតពិនិត្យការអនុវត្ត ផែនទីចង្អុលផ្លូវ និងវិធានគោលនយោបាយនានា (២) ការផ្តោតការយកចិត្តទុកដាក់ក្នុងការបង្កើនទំនុកចិត្ត ដល់ភ្ញៀវទេសចរ (៣) ការរៀបចំឧបករណ៍ផ្សព្វផ្សាយ (Media Toolskits) និងការពង្រីកយន្តការផ្សព្វផ្សាយ ឱ្យបានទូលំទូលាយទៅដល់ភ្ញៀវទេសចរគោលដៅ ជាពិសេសអ្នកទេសចរណ៍វ៉ាក់សាំង និងទេសចរអាស៊ាន (៤)ការបន្តជំរុញ និងតាមដានលើកិច្ចការបណ្ដុះបណ្ដាលធនធានមនុស្សក្នុងវិស័យទេសចរណ៍ (៥) ការបន្ត ការត្រៀមខ្លួនជានិច្ចក្នុងការឆ្លើយ តបការវិវត្តចុងក្រោយនៃការមកដល់នៃបរិបទបដិវត្តឧស្សាហកម្ម៤.០ ដើម្បី ឆ្ពោះទៅការចាប់យកឌីជីថលូបនីយកម្ម នៅក្នុងវិស័យទេសចរណ៍ និងវិស័យពាក់ព័ន្ធ និង (៦) ការបន្តគិតគូរ កែសម្រួលជាបន្តបន្តាប់ នូវគោលនយោយបាយដែលបានដាក់ចេញ ដើម្បីឆ្លើយតបទៅនឹងស្ថានភាពជាក់ស្ដែង ។

លោក ថោង ខុន រដ្ឋមន្ត្រីក្រសួង ទេសចរណ៍ ទេសចរណ៍ បានមានប្រសាសន៍គូស បញ្ជាក់ ពីសមិទ្ធផលដែលរាជរដ្ឋាភិបាល សម្រេចបាននារយៈកាលចុងក្រោយ នេះលើការ ចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ និង ការគ្រប់គ្រងសភាពការណ៍នៃការចម្លងឱ្យមានការថយចុះមកនៅ កម្រិតទាប ដែលអាចគ្រប់គ្រងបាន រហូតអនុញ្ញាតឱ្យរាជរដ្ឋាភិបាលអាចសម្រេចបើកប្រទេសឡើងវិញលើ គ្រប់វិស័យសេដ្ឋកិច្ចសង្គម រួមទាំងវិស័យទេសចរណ៍ផងដែរ ។

លោករដ្ឋមន្ត្រីបានលើកឡើងថា៖” ជាលទ្ធផល ចលនានៃភ្ញៀវទេសចរមានការកំរើកឡើងវិញ ទាំងការមកដល់នៃភ្ញៀវអន្តរជាតិ និងការធ្វើដំណើររបស់ភ្ញៀវក្នុង ស្រុក ក្នុងនោះចាប់ផ្តើមមានការ តភ្ជាប់ជើង ហោះហើរឡើងវិញរួមជាមួយនឹងកំណើន ភ្ញៀវទេសចរអន្តរជាតិ មកតាមផ្លូវអាកាស ព្រមទាំងកំណើនភ្ញៀវទេសចរមកតាមផ្លូវគោក ផងដែរ។
ចំពោះចលនាទេសចរណ៍ក្នុងស្រុកចរន្តភ្ញៀវទេសចរផ្ទៃក្នុងចាប់ផ្ដើមមានសន្ទុះល្អប្រសើរនៅរៀងរាល់ថ្ងៃឈប់សម្រាកចុងសប្តាហ៍ និងថ្ងៃបុណ្យទាន សំខាន់ៗ ដែលបងប្អូនប្រជាពលរដ្ឋ បានធ្វើដំណើរកម្សាន្តនៅទូទាំងប្រទេស។ ទន្ទឹមនឹងនេះ យើងនឹងបន្តខិតខំ ប្រឹងប្រែងបន្តទៀតជាមួយគ្រប់ ភាគីពាក់ព័ន្ធនៅក្នុងការជំរុញការអនុវត្ត SOP និងវិធានសុវត្ថិភាព សំដៅធានាឱ្យ ដំណើរកម្សាន្ត និងការទស្សនារបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិអាចប្រព្រឹត្តទៅបានតាមគន្លងប្រក្រតីភាពថ្មី” ។

គណៈកម្មការទី៧ នឹងបន្តសហការ តាមដាន ពិភាក្សា ក៍ដូចជាគាំទ្រទាំងស្មារតី និងកម្លាំង ចំពោះការដាក់ចេញជាចំណាត់ការ និងវិធានការជាដំ ណោះស្រាយរបស់ក្រសួង ទេសចរណ៍ ហើយនឹង ការអនុវត្ត ផែនទីចង្អុលផ្លូវស្តីពីការស្ដារ និងលើកស្ទួយវិស័យទេសចរណ៍នៅកម្ពុជាក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ ជាបន្ត បន្ទាប់ទៅថ្ងៃអនាគត ៕

To Top