ភ្នំពេញ៖ គណៈកម្មាធិការជាតិសុវត្ថិភាព ចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) បានឲ្យដឹងថា ឆ្នាំ២០២១ សមត្ថកិច្ចរកឃើញយានយន្តល្មើស និងពិន័យចំនួន ២២៣ ៨៧៩គ្រឿង ក្នុងនោះ ពិន័យជាប្រាក់ ចំនួន ១៩.៩១១.៨៩៥.០០០រៀល។
នេះបើយោងតាមរបាយការណ៍ បូកសរុបផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆ្នាំ២០២១ និងទិសដៅការងារឆ្នាំ២០២២ របស់ គ.ស.ច.គ បង្ហាញ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ សុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆ្នាំ២០២២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ គ.ស.ច.គ នាថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២ ក្រោមអធិបតីភាព សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ស.ច.គ។
របាយការណ៍ ដែលអានដោយនាយឧត្តមសេនីយ៍ យុន ឈុន្នី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន គ.ស.ច.គ បានបញ្ជាក់ថា «ប្រតិបត្តិការត្រួតពិនិត្យ អនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ប្រចាំឆ្នាំ២០២១ ទទួលលទ្ធផលដូចជា ៖ ត្រួតពិនិត្យយានយន្តសរុប ចំនួន ២.១១២.៦៧០គ្រឿង ក្នុងនោះ ម៉ូតូចំនួន ៦៤%។ រកឃើញយានយន្តល្មើស និងពិន័យចំនួន ២២៣.៨៧៩គ្រឿង (២២៤.៤២២ករណី) ស្មើ១១% ក្នុងនោះ ម៉ូតូចំនួន ១៦៨.៩៥៦គ្រឿង (១៦៨.៩៥៧ករណី) ស្មើ៧៥% និងរថយន្ត ចំនួន ៥៤.៩២៣គ្រឿង (៥៥.៤៦៥ករណី) រថយន្តចំនួន២៥% ហើយការពិន័យ ចំពោះបទល្មើសចរាចរណ៍ ឆ្នាំ២០២១ បានចំនួន ១៩.៩១១.៨៩៥.០០០រៀល»។
ដោយឡែក គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ឆ្នាំ២០២១ បានកើតឡើង ចំនួន ២.៦៧០លើក បណ្តាលឱ្យស្លាប់ ចំនួន ១.៤៩៧នាក់ និងរបួស ចំនួន ៣.៦១៥នាក់ របួសធ្ងន់ ២.២៤៦នាក់។ អ្នកស្លាប់ភាគច្រើន នៅរាជធានីភ្នំពេញ ចំនួន ២៤៥នាក់, ខេត្តកណ្តាល ចំនួន ១៤១នាក់ និងខេត្តកំពង់ចាម ចំនួន ៩៦នាក់។
ប្រភព ដដែល បានរៀបរាប់ថា មូលហេតុបណ្តាលឱ្យមានគ្រោះថា្នក់ គឺបើកបរលើសល្បឿនកំណត់ ៣៨%, មិនគោរពសិទ្ធិ២៤%, មិនប្រកាន់ស្តាំ១៤%, វ៉ាជែង៨%, បត់៨%, ស្រវឹង៤%, កត្តាយានយន្ត៣% និងងងុយ១%៕