ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ដ្រៃយ៍ គណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក គ.ស.ច.គ បានប្រកាសថា ផ្លូវល្បឿនលឿនចាប់ពី រាជធានីភ្នំពេញ-ទៅខេត្តព្រះសីហនុ នឹងដាក់ឲ្យប្រើប្រាស់ ជាបណ្ដោះអាសន្ន នៅខែកក្កដា ឆ្នាំ២០២២ ខាងមុខនេះ។

ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ សុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆ្នាំ២០២២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ គ.ស.ច.គ ក្រោមអធិបតីភាព សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ស.ច.គ នាថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២ លោក ស៊ុន ចាន់ថុល បានឲ្យដឹងថា ក្រោយពីដាក់ឲ្យប្រើប្រាស់ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ជាបណ្ដោះអាសន្ន នៅខែកក្កដា ហើយនោះ នឹងដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ ខែកញ្ញា ឆ្នាំ២០២២។

នាឱកាសនោះដែរ លោកទេសរដ្ឋមន្ដ្រី ក៏បានលើកឡើងថា ស្ពានឆ្លងកាត់ទន្លេពីរាជធានីភ្នំពេញ-ស្វាយជ្រុំ បានសិក្សាចប់សព្វគ្រប់ហើយ ខណៈក្រសួងកំពុងសិក្សាជាមួយកូរ៉េ ដើម្បីជ្រើសរើសប្រភេទស្ពានណាមួយ សម្រាប់សាងសង់។
សូមបញ្ជាក់ថា ផ្លូវល្បឿនលឿនពីភ្នំពេញ ទៅក្រុងព្រះសីហនុ ត្រូវបានធ្វើពិធីបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ក្រោមអធិបតីភាព សម្តេចតេជោ នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងទុនវិនិយោគ របស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC)ពីប្រទេសចិន តាមរយៈក្រុមហ៊ុន Cambodian PPSHV Expressway Co.,Ltdចំណាយការវិនិយោគ ប្រមាណ២.០០០លានដុល្លារអាមេរិក និងហិរញ្ញប្បទានឥតសំណង ពីរដ្ឋាភិបាលចិនប្រមាណ ១៥០លានដុល្លារ៕
