ភ្នំពេញ៖ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ត្រូវបានអង្គសមាជវិសាមញ្ញ សម្រេចជ្រើសតាំង ជាព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច ដឹកនាំបន្តវេនពីសម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ ជាព្រះបិតាដែលបានសោយព្រះទិវង្គត នៅថ្ងៃទី២៨ ខែវិចិ្ឆកា ឆ្នាំ២០២១ នៅប្រទេសបារាំង ។

ការសម្រេចជ្រើសតាំងនេះ បានធ្វើឡើងក្នុងពិធិសមាជវិសាមញ្ញ គណបក្សហ្វ៊ុនស៊ិនប៉ិច នៅថ្ងៃ៩ កុម្ភៈ ក្នុងព្រះដំណាក់វាលស្បូវ ស្ថិតនៅផ្លូវជាតិលេខ១ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ។
ក្រៅពីការជ្រើសតាំងហើយ ក៏បានប្រកាសតែងតាំងសមាសសភាព អនុប្រធានគណបក្ស៣រូបទៀតផងដែរ រួមមាន៖ សហជីវិន ឆឹង ចំរើន សហជីវិន ប៉ោ ប៊ុនស្រ៊ឺ និងសហជីវិន ពៅ អៀងគ្រី។
ក្នុងនោះ អង្គសមាជវិសាមញ្ញថ្វាយលទ្ធភាពពេញលេញ ចំពោះព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្ស ដើម្បីប្រមែប្រមូលអ្នករាជានិយម អ្នកសីហនុនិយម អ្នកប្រជាធិបតេយ្យនិយម អ្នកស្នេហាជាតិ ដើម្បីចូលរួមកសាងអភិវឌ្ឍន៍ប្រទេសជាតិ។
អ្វីដែលជាចំណុចពិសេសនោះ សមាជិក-សមាជិកាទាំងអស់ នៃអង្គសមាជវិសាមញ្ញ របស់បក្សប្តេជ្ញាចិត្តរួមគ្នា ដង្ហែតាមព្រះតម្រិះ ព្រះអង្គម្ចាស់នរោត្តម ចក្រាវុធ ក្រោមដំបូលគណបក្សរាជានិយមហ្វ៊ុនស៊ិនប៉ិច។
សេចក្តីសម្រេចចិត្តរបស់សមាជ បានសង្កត់បញ្ជាក់យ៉ាងធ្ងន់ថា “ប្តេជ្ញាចិត្តថា មិនបែកបាក់គ្នា និងប្រកាន់នូវសាមគ្គីភាព ឯកភាពផ្ទៃក្នុង តាមព្រះរាជបណ្តាំជាប្រវត្តិសាស្រ្ត នៃអង្គសម្តេចឪ សម្តេចតា ព្រះបិតាឯករាជ្យជាតិ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ នាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១១ និងព្រះបំណងចុងក្រោយ របស់សម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ” ។
សូមរំលឹកថា បក្សរាជានិយមមួយនេះ ធ្លាប់ទទួលជោគជ័យ ក្នុងការបោះឆ្នោតនៅឆ្នាំ១៩៩៣ តែក្រោយមកបានបាត់បង់ការគាំទ្រ ជាបន្តបន្ទាប់ ដោយសារបែកបាក់ផ្ទៃក្នុង ជាច្រើនលើកច្រើនសារ។ ក្នុងពេលបោះឆ្នោត កាលពីឆ្នាំ២០១៣និង២០១៨ គណបក្សហ៊្វុនស៊ិនប៉ិច មិនទទួលបានសូម្បីតែ១អាសនៈ។ គណបក្សរាជានិយមហ្វ៊ុនស៊ិនប៉ិចនេះ ធ្លាប់បានបែកបាក់គ្នា ជាច្រើនដងមកហើយ តែការបែកបាក់ មិនបានប៉ុន្មានផងក៏ត្រូវរ៉ូវគ្នាវិញ ។ ជាក់ស្តែងកាលពីឆ្នាំ២០០៦ក គណបក្សហ៊្វុនស៊ិនប៉ិច បានបែកបាក់ ដោយសារលោក ញឹក ប៊ុនឆៃ បានដឹកនាំធ្វើបក្សប្រហារ ទម្លាក់សម្ដេចក្រុមព្រះ ចេញពីព្រះប្រធាន ដោយចោទប្រកាន់ សម្ដេចក្រុមព្រះ បានប្រព្រឹត្តអំពើពុករលួយ និងលក់ទីស្នាក់ការកណ្ដាលបក្ស នៅក្បែរស្ពានជ្រោយចង្វារ ។ ក្រោយមកលោកញឹក ប៊ុន ឆៃបានចេញពីបក្ស ទៅបង្កើតគណបក្សរួបរួមជាតិ បន្តមក សម្តេចក្រុមព្រះ និងលោក ញឹក ប៊ុនឆៃ ក៏ត្រូវរ៉ូវគ្នាវិញ ។
សម្រាប់ពាក់កណ្តាលឆ្នាំ២០១៨ ពោលមុនការបោះឆ្នោតថ្នាក់ជាតិ អាណត្តិទី៥ គណបក្សរាជានិយមនេះ ក៏បែកបាក់ផ្ទៃក្នុងម្តងទៀត ដោយអតីតមន្រ្តីបក្សចោទប្រកាន់ថា មានបញ្ហា ពុករលួយ បក្ខពួកនិយម និងខ្វះការសាមគ្គីភាព៕








