ព័ត៌មានជាតិ

សម្តេច ស ខេង បញ្ជាសមត្ថកិច្ច ត្រួតពិនិត្យ​គ្រឿងញៀន ដល់អ្នកបើកបរ ជាពិសេសប្រភេទឡានធំៗ (Video)

ភ្នំពេញ៖ សម្តេច ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាដល់សមត្ថកិច្ច ត្រូវត្រួតពិនិត្យបញ្ហាគ្រឿងញៀន ចំពោះអ្នកបើកបរ ជាពិសេសប្រភេទឡានធំៗ ដើម្បីចូលរួមទប់ស្កាត់គ្រឿងញៀន និងគ្រោះថ្នាក់ចរាចរណ៍ ។

ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ សុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆ្នាំ២០២១ និងលើកទិសដៅ ការងារឆ្នាំ២០២២ របស់គណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) នាថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២ សម្ដេច ស ខេង បានស្នើឲ្យសមត្ថកិច្ចមានវិធានការ ចំពោះអ្នកបើកបរល្មើសច្បាប់ ពីព្រោះមានមិនតិចទេ បានប៉ះពាល់នឹងគ្រឿងញៀន។

សម្ដេចមានប្រសាសន៍ថា «អ្នកបើកបរ ដឹកទំនិញធំៗ និងក្រុមហ៊ុន ខ្ញុំជឿថា និងសូមឲ្យឯកឧត្តម ឧត្តមសេនីយ៍អគ្គស្នងការនគបាល ដើម្បីឆែកមើលបន្តទៀត ដែលភាគច្រើនគឺគ្រឿងញៀនតែម្តង។ ពាក់ព័ន្ធនឹងគ្រឿងញៀន អីចឹងហើយសូមឲ្យ ក្រុមហ៊ុនវិស័យឯកជនទាំងអស់ ឬស្ថាប័នពាក់ព័ន្ធសហការ ជាមួយអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន និងពិសេសនោះ គឺអគ្គស្នងការនគបាល ដើម្បីធ្វើការពិនិត្យអ្នកបើកបរទាំងអស់»។

សម្ដេចបន្ដថា «អ្នកបើកបរទាំងអស់ហ្នឹង ខ្ញុំថាមិនតិចទេ ដែលពាក់ព័ន្ធនឹងគ្រឿងញៀន។ ដូច្នេះយើងត្រូវរៀបចំ​បែបបទនីតិវិធី ដើម្បីធ្វើការត្រួតពិនិត្យ​បែបណាដោយ មានកិច្ចសហការ​ រវាងសមត្ថកិច្ច ជាមួយវិស័យឯកជន ពិសេសក្រុមហ៊ុនដឹកជញ្ជូន រួចហើយយើងត្រូវរកវិធីដោះស្រាយ នេះជាបញ្ហាដែលខ្ញុំស្នើសុំ ឲ្យមានការយកចិត្តទុកដាក់»។

ឆ្លៀតឱកាសនោះ សម្ដេច ស ខេង ក៏បានបញ្ជាឲ្យសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ មានភាពទន់ភ្លន់ តែម៉ឺងម៉ាត់ ក្នុងការពន្យល់ច្បាប់ចរាចរណ៍ ជូនអ្នកល្មើសច្បាប់។ សម្ដេចថា ការរឹតបន្ដឹងអនុវត្តច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក បានជះឥទ្ធិពលយ៉ាងខ្លាំង ដល់ចិត្តសាស្ដ្រអ្នកប្រើប្រាស់ផ្លូវ ដែលជំរុញឲ្យមានកំណើន នៃការគោរពប្រតិបត្តិច្បាប់ និងការកាត់បន្ថយគ្រោះថ្នាក់ និងចំនួនជនរងគ្រោះ។

សម្ដេចបញ្ជាក់ថា «ការអនុវត្តវិធានការត្រួតពិនិត្យ ចំពោះយានយន្ដ ដែលបានប្រព្រឹត្តល្មើសជាក់ស្ដែង ដោយមិនត្រួតពិនិត្យទូទៅ តាមបែបត្រួតពិនិត្យរដ្ឋបាល។ ការបំពេញភារកិច្ចដោយភាពទន់ភ្លន់ តែម៉ឺងម៉ាត់ ប្រកាន់ខ្ជាប់នូវវិន័យសីលធម៌ ក្នុងវិជ្ជាជីវៈ និងមានការទទួលខុសត្រូវខ្ពស់ របស់យន្ដការដឹកនាំគ្រប់ថ្នាក់ និងមន្ដ្រីអនុវត្តច្បាប់»។

លើសពីនេះ សម្ដេច ស ខេង បានណែនាំឲ្យបន្តបំពាក់ភ្លើងសញ្ញា ស្លាកសញ្ញាចរាចរណ៍ នៅតាមដងផ្លូវឲ្យបានគ្រប់គ្រាន់ ដើម្បីធានាឲ្យការធ្វើចរាចរណ៍ ប្រកបដោយសុវត្ថិភាព ។ ក្នុងនោះ ត្រូវបន្តបំពាក់កាមេរ៉ាចល័ត នៅតាមដងផ្លូវជាតិនានា តាមការបញ្ចូលគម្រោងបំពាក់កាមេរ៉ា នៅក្នុងគម្រោងកសាង ឬជួសជុលផ្លូវ ៕

To Top