ភ្នំពេញ ៖ ក្រោយបានទទួលតំណែង ជាប្រធានគណបក្សហ៊្វុនស៊ិនប៉ិចភ្លាមៗ នៅព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២ ក្នុងសមាជវិសាមញ្ញរបស់បក្ស និងដឹងថាបក្សធ្លាប់មានបញ្ហា រង្គោះរង្គើ ជាច្រើនលើកមកនោះ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ បានអះអាងពីការប្តេជ្ញាចិត្តថា នឹងការពារគណបក្សរាជានិយមនេះ បន្តពីព្រះបិតា ឲ្យបានគង់វង្សជាអមតៈ ។
ជាមួយនឹងការអះអាង របស់ប្រធានគណបក្សរាជានិយមថ្មីនេះ ក៏មានការអមដោយសារនយោបាយរបស់អ្នកវិភាគថា អ្នករាជានិយមសង្ឃឹម លើព្រះអង្គហើយ ខណៈគណបក្សហ៊្វុនស៊ិនប៉ិចត្រូវបានគេដឹងថា មានបញ្ហាកើតឡើងជាបន្តបន្ទាប់ ដោយសារបែកបាក់ផ្ទៃក្នុង ជាច្រើនលើកច្រើនសារ ដោយការចោទប្រកាន់ សម្ដេចក្រុមព្រះ បានប្រព្រឹត្តអំពើពុករលួយ និងលក់ទីស្នាក់ការកណ្ដាលបក្សនៅក្បែរស្ពានជ្រោយចង្វារ ។ គណបក្សនេះធ្លាប់ទទួលជោគជ័យ ក្នុងការបោះឆ្នោតនៅឆ្នាំ១៩៩៣ ។
ក្នុងសមាជរបស់បក្ស ដើម្បីជ្រើសតាំងព្រះអង្គជាព្រះប្រធានថ្មី នៅថ្ងៃ៩ កុម្ភៈនេះ ព្រះអង្គម្ចាស់ចក្រា វុធមានព្រះបន្ទូលថា “ក្នុងឋានៈជាព្រះ ប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ខ្ញុំប្រកាស ជាឱឡារឹកនៅចំពោះមុខអង្គសមាជវិសាមញ្ញដោយប្ដូរផ្ដាច់ថា ខ្ញុំនឹងការពារគណបក្ស ហ៊្វុនស៊ិនប៉ិច ឲ្យគង់វង្សជាអមតៈ ដង្ហែរព្រះមាគ៌ាហ្លួងតាខ្ញុំ និងសម្ដេចបិតារបស់ខ្ញុំ និងគោលនយោបាយបង្រួបបង្រួមជាតិ ផ្សះផ្សារជាតិ និងឯកភាពជាតិ ហើយខ្ញុំនិងខិតខំ ប្រមែប្រមូល អតីតអ្នករាជានិយម អ្នកសីហនុនិយម អ្នកប្រជាធិបតេយ្យនិយម អ្នកសេ្នហាជាតិនិយម ដើម្បីចូលរួមកសាង អភិវឌ្ឍន៍ប្រទេសជាតិ” ។
ជុំវិញការសម្រេចជ្រើសតាំង ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ជាព្រះប្រធាននេះ ត្រូវបានអ្នកវិភាគនយោបាយ លោក សេង សារី មើលឃើញថា “អ្វីដែលព្រះអង្គគួរធ្វើមុនគេ គឺចាប់ផ្តើមនិយាយភាសារាស្រ្ត! ។ សូមថ្វាយព្រះពរ សូមឲ្យព្រះអង្គទទួលបានជោគជ័យក្នុងព្រះរាជតួនាទីថ្មី! អ្នករាជានិយមសង្ឃឹមលើព្រះអង្គហើយ!” ។
សូមបញ្ជាក់ថា មុនមកដល់ការជ្រើសតាំងព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ជាព្រះប្រធានបក្សថ្មីនេះ ក៏មានបញ្ហាប្រទាំងប្រទើសគ្នានៅក្នុងបក្សដែរ ។ គណបក្សរាជានិយមហ្វ៊ុនស៊ិនប៉ិចនេះ ធ្លាប់បានបែកបាក់គ្នាជាច្រើនដងមកហើយ តែការបែកបាក់ មិនបានប៉ុន្មានផងក៏ត្រូវរ៉ូវគ្នាវិញ ។ កាលពីឆ្នាំ២០០៦ក គណបក្សហ៊្វុនស៊ិនប៉ិច បានបែកបាក់ដោយសារលោក ញឹក ប៊ុនឆៃ បានដឹកនាំធ្វើបក្សប្រហារ ទម្លាក់សម្ដេចក្រុមព្រះ ចេញពីព្រះប្រធាន ដោយចោទប្រកាន់សម្ដេចក្រុមព្រះ បានប្រព្រឹត្តអំពើពុករលួយ និងលក់ទីស្នាក់ការកណ្ដាលបក្ស នៅក្បែរស្ពានជ្រោយចង្វារ ។ បញ្ហាទាំងអស់នេះបានធ្វើឲ្យបាត់បង់ការគាំទ្រ ជាបន្តបន្ទាប់ ជាក់ស្តែងក្នុងពេលបោះឆ្នោត កាលពីឆ្នាំ២០១៣និង២០១៨ គណបក្សហ៊្វុនស៊ិនប៉ិច មិនទទួលបានសូម្បីតែ១អាសនៈ។
សម្រាប់ការយាងចូលកាន់តំណែងជាផ្លូវការរបស់ព្រះអង្គម្ចាស់នេះ ត្រូវបានអ្នកនាំពាក្យបក្សនេះបញ្ចេញមតិថា មានតែការយាងចុះផ្ទាល់របស់ព្រះអង្គ ជួបសមាជិកនៅមូលដ្ឋាន ទើបជាក្ដីសង្ឃឹមឲ្យពលរដ្ឋគាំទ្រព្រះអង្គសារជាថ្មី ។
លោក ញឿន រ៉ាដែន អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច បានលើកឡើងថា “មានតែការយាងចុះទៅមូលដ្ឋានជួបជាមួយសមាជិក-សមាជិកាផ្ទាល់ទេ ដើម្បីបង្ហាញនូវព្រះរាជវត្តមានរបស់ព្រះអង្គ ដែលនោះជាក្ដីសង្ឃឹមដើម្បីឲ្យប្រជាពលរដ្ឋគាំទ្រព្រះអង្គសារជាថ្មី” ។
ជាមួយគ្នានេះ ដើម្បីទាក់ទងសំឡេងអ្នកគាំទ្រឡើងវិញ គណបក្សហ្វ៊ុនស៊ិនប៉ិច បានដាក់ចេញគោលនយោបាយសង្ខេបចំនួន៩រួមមាន ៖ ១-ប្ដូរផ្ដាច់ ថែរក្សាការពារ និងលើកស្ទួយរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ និងរបបប្រជាធិបតេយ្យសេរីពហុបក្ស , ២-ជំរុញបង្កើនសមាជជាតិដោយថ្វាយព្រះមហាក្សត្រ គង់ជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់ និងគោរពតាមព្រះរាជបុព្វសិទ្ធិរបស់ព្រះមហាក្សត្រ ក្នុងការលើកលែងទោស , ៣-ពង្រឹងប្រព័ន្ធតុលាការឯករាជ្យអព្យាក្រឹត្យ ដើម្បីធានាដោះស្រាយរឿងក្ដីជូនប្រជារាស្រ្តដោយយុត្តិធម៌ត្រឹមត្រូវ , ៤- ជុំវិញនឹងគាំទ្រឲ្យមានការអនុវត្តគ្រប់ផ្នែក សម្រាប់ផ្តល់ការងារជូនប្រជារាស្ត្រមានការងារធ្វើគ្រប់ទីកន្លែង , ៥-បង្កើតឥណទានសិស្សា ដើម្បីឲ្យនិស្សិតអាចបន្តការសិក្សានិងសាងសង់អគារសម្រាប់ ផ្ដល់ការស្នាក់នៅឲ្យបានសមរម្យ , ៦-ប្ដូរផ្ដាច់ពង្រឹងក្រមសីលធម៌វិជ្ជាជីវៈលើវិស័យ វិទ្យាសាស្ត្រសុខាភិបាលប្រកបដោយប្រសិទ្ធភាពខ្ពស់ , ៧- ធានាបញ្ចុះតម្លៃទំនិញនិងប្រេងឥន្ធនៈគ្រប់ប្រភេទ បញ្ចុះតម្លៃប្រើប្រាស់អគ្គិសនីដំឡើងប្រាក់ឈ្នួលជូនកម្មករនិយោជិត និងដំឡើងប្រាក់បៀវត្សរ៍មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ឲ្យបានសមស្របតាមស្ថានភាពទីផ្សារ , ៨- ធានារកទីផ្សារសម្រាប់លក់កសិផលនិងធានាតម្លៃកសិផលតាមទីផ្សារសេរី និងទីផ្សារអន្តរជាតិ និងទី៩ ,បញ្ឈប់ការជួលដីសម្បទានសេដ្ឋកិច្ចតាមព្រំដែនឲ្យទៅបរទេស ពង្រីកផ្ទៃដីសម្បទានសង្គមកិច្ចទុកសម្រាប់បែងចែកជូនប្រជារាស្ត្រក្រីក្រលំបាក លុបបំបាត់ការរំលោភដណ្ដើមដីធ្លីរបស់ប្រជារាស្ត្រ និងការធ្វើអាជីវកម្មលើធនធានធម្មជាតិ ការបំផ្លាញព្រៃឈើ ការរុករករ៉ែខុសច្បាប់ និងការនេសាទខុសបទដ្ឋានបច្ចេកទេស ៕